ទិញផ្ទះតពីគេពេលរុះផ្ទះចាស់សង់ផ្ទះថ្មី ម្ចាស់ដីមកហាមឃាត់

ខេត្តព្រៃវែង ៖ មាន​ហេតុការណ៍​ប្រទូស​រាយ​មួយ បាន​កើតឡើង​នៅ​ចំណុច​ព្រំប្រទល់​ឃុំ​ព្រែក​ខ្សាយ​(​ខ​) និង​ឃុំ​អ្នក​លឿង រវាង​ម្ចាស់​ដី និង​អ្នកទិញ​ផ្ទះ​ត​ពី​គេ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៧ ខែមេសា​នេះ ដោយ​ភាគី​ខាង​អ្នកទិញ​ផ្ទះ​បាន​រុះផ្ទះ​ចាស់​ចោល​(​កូនខ្ទម​) ហើយ​ធ្វើ​ជា​ផ្ទះ​ឈើ​សសរ​បេតុង​វិញ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ដី​មក​រារាំង​មិន​ឲ្យ​សាងសង់​។

ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍​នោះ គឺ​ក្រោយ​ពី​មានការ​ប៉ះទង្គិច​ពាក្យ​សំដី​គ្នា រវាង​អ្នក​ធ្វើ​ផ្ទះ និង​ម្ចាស់​ដី​ក៏​មាន​មន្ត្រី​ប៉ូ​ស្តិ៍​រដ្ឋបាល ឃុំ​អ្នក​លឿង​ម្នាក់​បាន​ចូល​ទៅ​អន្តរាគមន៍​សម្របសម្រួល ហើយ​អោយ​ភាគី​ទាំង​២​ទៅ​ដោះស្រាយ​គ្នា​នៅផ្ទះ​លោក​មេ​ភូមិ ប៉ុន្តែ​ពេល​ទៅ​ដល់​ផ្ទះ​មេ​ភូមិ លោក​មេ​ភូមិ​អ្នក​លឿង​ប្រាប់​ថា​មិនដឹង​ដោះស្រាយ​យ៉ាងម៉េច​ទេ ឲ្យ​ទៅ​ដោះស្រាយ​នៅ​សាលាឃុំ​ទៅ តែ​ពេល​ទៅ​ដល់​សាលាឃុំ​រក​មិនឃើញ​លោក​មេឃុំ ទូរ​សព្ទ័​លោក​មេឃុំ​ខ​ល​ចូល​រាប់រយ​ដង ក៏​លោក​មេឃុំ​មិន​លើក ទើប​គូ​ជម្លោះ​ទាំង​២​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បន្ត​ជេរ​បញ្ចោ​គ្នា​រហូត​ផ្អើល​ពេញ​ភូមិ​។ តាម​ការ​អះអាង​របស់​ស្ត្រី​ឈ្មោះ វ៉ា​ន់ ម៉ា​ប់ ដែល​ជា​ម្ចាស់​ដី​បានអោយ​ដឹង​ថា ទីតាំង​ដី​នេះ​គឺ ជា​ដី​កម្មសិទ្ធិ​របស់​គាត់ ហើយ​គាត់​មាន​បង្កាន់ដៃ​កាន់កាប់ ដែល​ចេញពី​អាជ្ញាធរ​ត្រឹមត្រូវ ប៉ុន្តែ​កាលពី​៧-៨​ឆ្នាំ​មុន ដោយសារ​រដ្ឋអំណាច​គេ​ដេញ​ជនជាតិ​វៀតណាម​ឲ្យ​ចេញពី​បន្ទាយ​អា​៣ ទើប​ជនជាតិ​វៀតណាម​ទាំងនោះ​ប្រមាណ​ជា​ជាង​១០​គ្រួសារ បាន​នាំ​គ្នា​មក​ធ្វើ​ផ្ទះ​រស់នៅ​លើ​ចុងកន្ទុយ​ដី​របស់​គាត់ ដោយ​មាន​អាជ្ញាធរ​ចេញ​មុខ​មក​សុំ​ថា ឲ្យ​នៅ​បណ្តោះអាសន្ន​សិន​ទំ​រាំ​រក​កន្លែង​ឲ្យ​ពួក​គេ​រស់នៅ​ថ្មី​បាន តែ​ការ​រស់នៅ​នេះ​គ្មាន​ឯកសារ​ផ្លូវច្បាប់​អ្វី​ទាំងអស់​។

ស្ត្រី​ឈ្មោះ ម៉ា​ប់ នេះ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​រស់នៅ​លើ​កន្ទុយ​ដី​គាត់​ហើយ ជនជាតិ​វៀតណាម​ទាំងនោះ តែងតែ​អុកឡុក​គាត់​ជា​ម្ចាស់​ដី​មិន​ឲ្យ​គាត់​រស់នៅ​បាន​ស្រួល​នោះ​ទេ ហើយ​ពេល​គាត់​ទៅ​ប្តឹង​អាជ្ញាធរ និង​សមត្ថកិច្ច​ក៏​គ្មាន​អ្នក​ណា​គេ​អើពើ​នឹង​ដោះស្រាយ​ឲ្យ​ដែរ រហូត​ក្រោយមក​ទៀត​ជនជាតិ​វៀតណាម​ទាំងនោះ អ្នកខ្លះ​បាន​រើ​ទៅ​នៅ​កន្លែង​ថ្មី​ទៀត ប៉ុន្តែ​មុន​នឹង​ចេញ​គេ​បាន​លក់​ផ្ទះ​ដែល​គេ​នៅ​នោះ បន្ត​ទៅ​ឲ្យ​អ្នក​ថ្មី​ចូល​មិន​នៅ​ទៀត គឺ​លក់​បន្ត​គ្នា​ផ្ទះ​ខ្លះ​២​ម្ចាស់ ផ្ទះ​ខ្លះ​៣​ម្ចាស់​ក៏​មាន ហើយ​ការ​លក់​ត​គ្នា​នោះ គឺ​អាជ្ញាធរ និង​ម្ចាស់​ដី​មិន​បានដឹង​នោះ​ទេ រហូត​មក​ដល់​ចុង​ក្រោយ​នេះ ឈ្មោះ វ​ល្លិ៍ ដែល​ជា​ជនជាតិ​ខ្មែរ បាន​ទិញ​ផ្ទះ​ពី​ជនជាតិ​វៀតណាម​ទាំងនោះ ហើយ​បាន​រុះ​កូន​ផ្ទះ​នោះ​ចោល ធ្វើ​ផ្ទះ​ឈើ សសរ​បេតុង​ទ្រង់ទ្រាយ​ធំ ទើប​កូនប្រុស​ៗ​របស់​គាត់​(​ម៉ា​ប់​) នាំ​គ្នា​មក​ឃាត់​ហើយ​ក៏​កើត​ទៅ​ជា​ជម្លោះ​តែ​ម្តង​ទៅ​។

ស្ត្រី​ឈ្មោះ ម៉ា​ប់ នេះ​បញ្ជាក់​ថា គាត់​មិន​បង្ខំ​ឲ្យ​រើ​ផ្ទះ​ចេញ​នោះ​ទេ ប៉ុន្តែ​អោយ​សង់​កូន​ផ្ទះ​រស់នៅ​តាម​របៀប​សុំ​ស្នាក់​នៅ​បណ្តោះអាសន្ន មិនមែន​ធ្វើ​ផ្ទះ​ធំ​រឹង​មាំ​នោះ​ទេ បើ​បែប​នោះ​ច្បាស់​ជា​មាន​បំណង​យក​ដី​គាត់​ហើយ ។ ចំណែក​ភាគី​ខាង​អ្នក​ធ្វើ​ផ្ទះ​ឈ្មោះ វ​ល្លិ៍ វិញ​បាន​ឲ្យ​ដឹង​ថា គាត់​ទទួលស្គាល់​ថា​ដី​នេះ​ជា កម្មសិទ្ធិ​របស់​ស្ត្រី​ឈ្មោះ ម៉ា​ប់ ប៉ុន្តែ​ផ្ទះ​តូច​របស់​គាត់រ​លំបាក​ហើយ ដូច្នេះ​គាត់​ត្រូវ​តែ​ធ្វើ​ផ្ទះ​ថ្មី រស់នៅ​បើ​មិន​ឲ្យ​គាត់​ធ្វើ ពេល​របស់ទ្រព្យ​គាត់​បាត់បង់ ម្ចាស់​ដី​ត្រូវ​តែ​ទទួលខុសត្រូវ ហើយ​បើ​ចង់​ដេញ​គាត់​ចេញ​លែង​ឲ្យ​នៅ​លើ​ដី​នេះ ទាល់តែ​ដេញ​ជនជាតិ​វៀតណាម ផ្សេង​ៗ​ទៀត​ជាង​១០​គ្រួសារ ដែល​កំពុង​រស់នៅ​លើ​ដី​ជាប់​ៗ​គ្នា​នេះ​ចេញ​ទាំងអស់​គ្នា ទើប​គាត់​ព្រម​ចេញ ហើយ​បើ​ម្ចាស់​ដី​មិន​សុខចិត្ត ចង់​ប្តឹង​ដល់​ណា​ក៏​ប្តឹង​ទៅ​....​។

ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​រស់នៅ​ក្បែ​ៗ​នោះ បាន​នាំ​គ្នា​និយាយ​ថា ទោះបីជា​ភាគី​ទាំង​២ អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​ក៏​ដោយ សំខាន់​គឺ​អាជ្ញាធរ​ត្រូវ​តែ​ចេញ​មុខ​មក​ដោះស្រាយ សម្របសម្រួល មិន​ត្រូវ​ទុក​ឲ្យ​ភាគី​ទាំង​២​ឈ្លោះ​ជេរ​ហែកហួរ​គ្នា​ផ្អើល​ពេញ​ភូមិ​បែប​នេះ​ឡើយ ម្យ៉ាងទៀត​បើ​ភាគី​ទាំង​២​កញ្ជ្រោល​ខ្លាំង​រហូត​ដល់​កើត​ហិង្សា​ទៀត​នោះ តើ​នរណា​ជា​អ្នក​ទទួលខុស ត្រូវ0x017d7 ប្រជាពលរដ្ឋ​នៅ​ឃុំ​អ្នក​លឿង​ជា​ច្រើន​បាន​លើក​ឡើង​ថា មូលដ្ឋាន​ឃុំ​អ្នក​លឿង​នេះ គឺ​វា​មានរឿង​ស្មុគស្មាញ​ច្រើន​ណាស់ ដោយសារ​តែ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ក្នុង​ការ​បំរើ​រាស្ត្រ គឺ​មាន​តែ​ចរិត​ជា​ចៅហ្វាយ​រាស្ត្រ ពេល​រាស្ត្រ​មានរឿង​ក្តៅក្រហាយ ត្រូវការ​អាជ្ញាធរ​ជួយ​ដោះស្រាយ ម្នាក់​ៗ​នាំ​គ្នា​រត់គេច និង​រុញ​ដោល​ដាក់​គ្នា​ពី​១​ទៅ​១ ឬ​សន្យា​ថា​ចាំ​ទៅ​មើល​ឬ​ចាំ​ដោះស្រាយ​ឲ្យ តែ​បាត់​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ តែបើ​ធ្លាក់​តា​ស្រ​ម៉ូ​ម​រាង​ក្រាស់​បន្តិច ទោះ​យប់​ថ្មើរ​ណា ក៏​លោក​មេ​ភូមិ លោក​មេឃុំ​ទំនេរ​មក​ធ្វើ​ឲ្យ​ដែរ​។ ជាក់ស្តែង​រឿង​ម្ចាស់​ដី និង​អ្នក​ធ្វើ​ផ្ទះ​ឈ្លោះ​គ្នា​នេះ គ្រាន់តែ​ធ្វើ​ក្រដាស​កិច្ចសន្យា​១​សន្លឹក រឿង​អី​លោក​មេ​ភូមិ​មិន​ចេះ​ធ្វើ តែ​មក​ពី​អ្នក​ពឹង​អត់​មាន​ទឹកតែ ចំណែក​លោក​មេឃុំ​វិញ ឲ្យ​គាត់​លើក​ទូរ​សព្ទ័​ម៉េច​នឹង​កើត បើ​គាត់​កំពុង​តែ​ផឹក​នៅ​ក្នុងផ្ទះ​ឯកឧត្តម​ម្នាក់ នៅ​ជួរ​មាត់ទន្លេ​នោះ​បាត់​ទៅ​ហើយ​ហ្នឹង​....៕