បុរស​វ័យ​កណ្តាល​ម្នាក់​ចងក​សម្លាប់​ខ្លួន នៅ​ខាងលិចរង្វង់​មូល​អង្គរ​ឃ្យុ​ង​យូ

ខេត្តសៀមរាប ៖ បុរស​វ័យ​កណ្តាល​ម្នាក់​ជា​កម្មករ ដែល​ទើប​មក​ពី​ប្រទេស​ថៃ បាន​ចងក​ធ្វើ​អត្តឃាត​ទៅ​នឹង​ដើមឈើ​ក្បែរ​ហាង ស៊ុប​ឆ្លាម ត្រូវ​បាន​ពលរដ្ឋ​ដើរ​ហាត់ប្រាណ ប្រទះ​ឃើញ រួច​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ស្ល​ក្រាម​ភា្ល​ម​ៗ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើ​កោសល្យវិច័យ​ទៅ​លើ​ដងខ្លួន​សាកសព​។ ហេតុការណ៍​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​នេះ​កើតឡើង នៅ​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​នៅ​ត្រង់​ចំណុច ខាងលិច​រង្វង់​មូល​អង្គរ​ឃ្យុ​ង​យូ ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ពលរដ្ឋ​រាយ​កាណ៍​មក​ថា មាន​ករណី​ចងក​សម្លាប់​ខ្លួន​ទៅ​នឹង​ដើមឈើ ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​រាយការណ៍​ទៅ​ឱ្យ​សមត្ថកិច្ច​នគរបាល​ជំនាញ​។​បន្ទាប់​ពី​សមត្ថកិច្ច ជំនាញ​ពិនិត្យ​និង​ធ្វើ​កោសល​វិច័យ​នៅ​លើ​ដងខ្លួន​សាកសព ឃើញ​មាន​លិខិតឆ្លងដែន​១​សន្លឹក លិខិត​សម្គាល់​ខ្លួន ជា​អក្សរ​ថៃ​១​សន្លឹក ដែល អាច​បញ្ជាក់​បាន​ថា គាត់​ជា​កម្មករ​មក​ពី​ប្រទេស​ថៃ​។

ប៉ុន្តែ​ក៏​មាន​លិខិត មួយ​សន្លឹក​ទៀត​គឺ​បញ្ជាក់ ឈ្មោះ​និង​ស្រុក​កំណើត​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា សព​បុរស​រង​គ្រោះ មានឈ្មោះ​ហេ មី អាយុ​៤៤​ឆ្នាំ​មាន ស្រុក​កំណើត ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​។ ក្នុង​ហេតុការណ៍​ដែល​អ្នក​មក​ចោមរោម មើល ពុំ មាន​នរណា​ម្នាក់​បាន​ស្គាល់​សាកសព​ខាងលើ​ទេ ទើប​សមត្ថកិច្ច​សម្រេច​យក​ទៅ តម្កល់​ទុក​នៅ វត្ត​ព្រះឥន្ទ្រ​កោ​សី​យ៍ (​វត្ត​លើ​) ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​នេះ​ពុំ​មាន​ជា​ករណី​ឃាតកម្ម​នោះ​ទេ គឺជា​ករណី​ចងក​សម្លាប់ ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន តាម​ការ​អះអាង​ពី​នគរបាល​បច្ចេកទេស ដែល​បាន​ធ្វើ​កោសល្យវិច័យ​នៅ​លើ​ដងខ្លួន​សាកសព​៕