បើចាប់មិនបាន តើមានអ្វីកើតឡើង…?

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់​រថយន្ត ហើយ​ឆែកឆេរ​រក​ឃើញ​អាវុធ​ប្រើ​ហ្គា​ស​ចំនួន​៣០​ដើម និង​ឃាត់ខ្លួន​ម្នាក់​នៅ​កាល​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ប៉ុស្តិ៍​គយ​ចល័ត​ភូមិ​សាលា​ក្រហម​ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ​។ ជនសង្ស័យ​ឈ្មោះ ឃ​ន ឃី​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ជា​អ្នកបើកប​រថយន្ត រស់នៅ​ភូមិ​អា​រែង ឃុំ​ស្នាម​ព្រះ ស្រុក​បាន​កាន ខេត្តពោធិសាត់​។

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិ​ន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា មន្ត្រី​គយ​ចល័ត​ចំណុច​សាលា​ក្រហម​ក្រោយ​ពេល​សង្ស័យ​ហើយ​ឃាត់​រថយន្ត​១​គ្រឿង​ដែល​ពាក់​ស្លាក់​លេខ តាកែវ 3A-1599 ក្រោយ​ពី​បាន​ឆែកឆេរ​រក​ឃើញ​អាវុធ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។

លោក​បាន​បន្ត​ថា បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត និង​រឹបអូស​យក​អាវុធ​ខ្លី​ចំនួន​៣០​ដើម​មាន​ម៉ាក​រ៉ូ​ឡូ​១៣​ដើម និង​កាំភ្លើងខ្លី​ម៉ាក​ផ្សេង​ៗ១៧​ដើម ព្រមទាំង​មាន​បំពង់​ហ្គា​ស​ចំនួន​២០​ប្រអប់ គ្រាប់​១០​ប្រអប់​ស្មើ​២.៥០០​គ្រាប់ បង់​ចំនួន​១១​បង់ គ្រាប់កាំភ្លើង​រ៉ូ​ឡូ​៣៣៦​គ្រាប់​ដែល​ប្រើ​ហ្គា​ស​។ លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិ​ន្ទ បាន​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត និង​រឹបអូស​អាវុធ​ប្រើ​ហ្គា​ស​ចំនួន​៣០​ដើម​គ្រាប់​មួយ​ចំនួន ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕