អគ្គិភ័យ​កំពុង​ឆាបឆេះ នៅ​ផ្សារ​ថ្ម​ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅ​មុន​នេះ​បន្តិច មាន​ករណី​អគ្គិភ័យ​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ នៅ​ផ្សារ​ថ្ម​ស្ទឹង​ត្រែង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ ក្នុង​ពេល​កំពុង​កើតហេតុ​នេះ​ដែរ គេ​សង្កេត​ឃើញ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត បូក​រួម​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ខេត្ត ។

ជាមួយ​គ្នា​នេះ​ដែរ កម្លាំង​កង​រាជ​អាវុធ​ខេត្ត បាន​ធ្វើការ​សម្រួល​ចរាចរ​កុំ​ឲ្យ​មានការ​កកស្ទះ​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​ធ្វើការ​បាញ់​ពន្លត់ ទោះជា​យ៉ាងណា​ក្តី​ក៏​ពុំ​ទាន់​ធ្វើ​ឲ្យ​អគ្គិភ័យ​រលត់​នៅឡើយ​ទេ ។ ក្នុង​ករណី​នេះ​ពុំ​ទាន់​មាន​តម្រុយ​ណាមួយ​ដែល​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​ឡើយ ។ ពេល​នេះ​អគ្គិភ័យ​កំពុង​ឆាបឆេះ​បន្ត ហើយ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​កំពុង​មមាញឹក​ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ និង​ធ្វើការ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ក្បែរ​នោះ ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព ៕