(Video Highlight) Real ប្រឈមមុខការធ្លាក់ចេញ ក្រោយចាញ់ជើងទី១ដ៏មិននឹកស្មានដល់នៅ Wolfsburg

ក្រុម Real Madrid របស់លោក Zinedine Zidane បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅលើទឹកដីក្រុម Wolfsburg ក្នុងវគ្គ៨ក្រុមចុងក្រោយ ជើងទី១កាលពីថ្ងៃពុធ ដើម្បីធ្វើឲ្យពួកគេស្ថិតនៅលើច្រាំនៃការធ្លាក់ចេញ។
1
ត្រឹមតែរយៈពេល៥ថ្ងៃក្រោយពីបានបញ្ចប់ការមិនស្គាល់ចាញ់របស់ក្រុម Barcelona ត្រឹម៣៩ប្រកួតជាមួយនឹងជ័យជម្នះ ២-១ ក្នុងការប្រកួតឈ្មោះថា El Clasico ក្រុម Real បានជួបការខកចិត្តវិញ ខណៈដែលក្រុម Wolfsburg បានបំភ្លេចទម្រង់លេងដ៏ត្រដាបត្រដួសរបស់ពួកគេក្នុងក្របខ័ណ្ឌលីកកំពូលរបស់អាល្លឺម៉ង់។ Real មិនបានបង្ហាញពីការស្រោចស្រង់វិញឡើយ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១ពីសំណាក់ខ្សែការពារអន្តរជាតិស្វ៊ីស Ricardo Rodriguez និងកីឡាករ Maximilian Arnold បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ២-០ នៅលើទីលាន Volkswagen Arena ក្រោយពីលេងបានរយៈពេលត្រឹមតែ២៥នាទី។

លោក Zidane បាននិយាយថា៖ «ខ្ញុំមិនរីករាយឡើយ ពិសេសក្នុងតង់ទីមួយ។ នេះអាចកើតឡើង ប្រសិនបើអ្នកមិនលេងជាមួយនឹងភាពរឹងមាំចាប់តាំងពីការចាប់ផ្តើមប្រកួតទេនោះ។ បើទោះបីខ្ញុំមានមោទនភាពរាល់អ្វីៗក្នុងក្រុមនេះក៏ដោយ ប៉ុន្តែ យើងត្រូវតែគិតអំពីការសម្រាកឲ្យល្អ និងគិតអំពីការប្រកួតជើងទី២ផងដែរ ពីព្រោះយើងមានឱកាសក្នុងការផ្លាស់ប្តូរក្នុងការប្រកួតជើងទី២»។ ការទទួលជ័យជម្នះ៦លើកជាប់ៗគ្នារបស់ក្រុម Real បានបញ្ចប់ ខណៈដែល Wolfsburg បានកត់ត្រាជ័យជម្នះជាលើកទី១របស់ពួកគេក្នុងចំណោមការប្រកួត៤លើក បើគិតចាប់តាំងពីផ្តួលក្រុម Gent ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃយុទ្ធនាការនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia