Global Witness អំពាវនាវ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ក្នុង​គម្រោង​ដី​ព្រៃ​អភិរក្ស​ជិត​១​លាន​ហិកតារ

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) នៅ​ថ្ងៃ​ទី​៦ ខែ​មេសា បាន​ហៅ​ការ​ប្រកាស​ដាក់​តំបន់​ព្រៃ​ផ្ដល់​ផល​ចំនួន ៩៥​ម៉ឺន​ហិកតារ(៩៥០.០០០​ហិកតារ) ក្នុង​នោះ​មាន​តំបន់​ព្រៃ​ឡង់​ផង ដាក់​ជា​តំបន់​ព្រៃ​ការពារ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ថា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អង្គការ​អន្តរជាតិ​មួយ​នេះ ចង់​ឃើញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ដោយ​ផ្ដល់​ជា​ថវិកា​គ្រប់គ្រាន់​ដល់​ក្រសួង​បរិស្ថាន ព្រម​ទាំង​ស្នើ​ដល់​អាជ្ញាធរ បង្កើន​ការ​សហការ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ។

ប្រធាន​ជាន់​ខ្ពស់​ផ្នែក​យុទ្ធការ​ដីធ្លី​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក លោក ចូស៊ី កូហេន (Josie Cohen) បាន​ថ្លែង​ថា ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា ត្រូវ​គេ​កាប់​បំផ្លាញ​ស្ទើរ​លឿន​ជាង​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ភព​ផែនដី ដើម្បី​យក​ឈើ​ប្រណិត​ធ្វើ​កសិកម្ម និង​រុករក​រ៉ែ ដែល​វា​បាន​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​អ្នក​មាន​មួយ​ក្រុម​តូច​ប៉ុណ្ណោះ។

Global Witness អំពាវនាវ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ក្នុង​គម្រោង​ដី​ព្រៃ​អភិរក្ស​ជិត​១​លាន​ហិកតារ

គល់​ឈើ​ដែល​ត្រូវ​បាន​គេ​ដុត​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥ RFA/Brach Chev

លោក​បញ្ជាក់​ថា ប្រសិន​បើ​គម្រោង​ផ្ទេរ​ដី​ព្រៃ​ផ្ដល់​ផល​ជា​ព្រៃ​ការពារ​នេះ​ដំណើរ​ការ វា​ជា​ជំហាន​មួយ​ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​កំណែ​ទម្រង់​ព្រៃ​ឈើ​សំខាន់​មួយ​របស់​រដ្ឋាភិបាល ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុង​ក្រោយ។ លោក​បន្ថែម​ថា ដំណើរ​ការ​នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ប្រឹងប្រែង​មែន​ទែន ដោយ​ត្រូវ​កម្ចាត់​អំពើ​ពុក​រលួយ និង​ការ​បំពាន​ច្បាប់​នៅ​ក្នុង​វិស័យ​ព្រៃ​ឈើ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា ក្រសួង​បរិស្ថាន មាន​សិទ្ធិ​អំណាច​ពេញ​លេញ​ដើម្បី​ដោះស្រាយ​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់ ហើយ​រដ្ឋាភិបាល​គួរ​ផ្ដល់​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​សកម្មភាព​ការពារ​ព្រៃ​នៅ​តាម​តំបន់​ដែល​ទើប​បាន​ដាក់​បញ្ចូល។ អង្គការ​មួយ​នេះ ក៏​ចង់​ឃើញ​រដ្ឋាភិបាល​ធានា​ថា ដំណើរ​ការ​ការពារ​តំបន់​អភិរក្ស​ព្រៃ​ឈើ​បន្ថែម ធ្វើ​ឡើង​ដោយ​តម្លាភាព ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ។

អ្វី​ដែល​អង្គការ​នេះ​ស្នើ​ឡើង​នោះ​ដែរ គឺ​អំពាវនាវ​រដ្ឋាភិបាល ជួយ​ការពារ និង​សហការ​ជិតស្និទ្ធ​ជាមួយ​សហគមន៍​ល្បាត​ព្រៃ​ឈើ និង​ដៃគូ​ពាក់ព័ន្ធ ដែល​ច្រើន​រង​ការ​គំរាម​កំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​អាជ្ញាធរ​ព្រៃ​ឈើ ឬ​ឈ្មួញ​ឈើ។

Global Witness អំពាវនាវ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ក្នុង​គម្រោង​ដី​ព្រៃ​អភិរក្ស​ជិត​១​លាន​ហិកតារ

គល់​ឈើ​ដែល​ត្រូវ​បាន​គេ​កាប់​រំលំ​ និង​ដុត​បំផ្លាញ​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥

ថ្មីៗ​នេះ សកម្មជន​ល្បាត​ព្រៃ​ឡង់​ម្នាក់ ឈ្មោះ ផន សុភ័ក្ត្រ អាយុ ២២​ឆ្នាំ ត្រូវ​បាន​គេ​លប​កាប់​ប្រអប់​ជើង​ដោយ​កាំបិត​ផ្គាក់ បន្ទាប់​ពី​រូប​នាង និង​សមាជិក​ក្រុម​ប្រមាណ ៦០​នាក់​ផ្សេង​ទៀត ដក​ហូត​យក​រណារ​យន្ត​ពី​អ្នក​កាប់​ឈើ​មួយ​ក្រុម។

តំណាង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ និង​ជា​ម្ចាស់​ពាន​រង្វាន់​អេក្វាទ័រ អ៊ីនីស៊ីអែតធីវ (Equator Initiative Prize 2015) លោក ហឿន សុភាព ស្នើ​ឲ្យ​អាជ្ញាធរ​ចូលរួម​សហការ និង​ការពារ​សកម្មជន​ព្រៃ​ឈើ៖«យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ពី​សុវត្ថិភាព​របស់​យើង ដោយសារ​ក្រុម​របស់​យើង គឺ​ជា​ក្រុម​បាត​ដៃ​ទទេ គ្មាន​អ្វី​ទប់ស្កាត់ ឬ​ក៏​ត​ទល់​ជាមួយ​គេ​ខ្លាំង​ទេ តែ​យើង​នៅ​តែ​ធ្វើ ហើយ​បើ​យើង​មិន​ធ្វើ វា​នឹង​រលាយ​ឆាប់ៗ»

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ប្រាប់​វិទ្យុ​អាស៊ីសេរី ថា នា​ពេល​បច្ចុប្បន្ន ក្រសួង​បរិស្ថាន គ្រោង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​សហគមន៍ ដើម្បី​ជជែក​ពី​ការ​ដាក់​ព្រៃ​ផ្ដល់​ផល​ទៅ​ជា​ព្រៃ​អភិរក្ស។ លោក​បន្ថែម​ថា ខាង​ក្រសួង​បរិស្ថាន ក៏​កំពុង​សរសេរ​គម្រោង​ស្នើ​ថវិកា​ទៅ​រដ្ឋាភិបាល ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ពី​ទំហំ​ទឹកប្រាក់​ពិត​ប្រាកដ​នោះ​ទេ។ លោក​ក៏​ស្នើ​ឲ្យ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន ដើម្បី​អនុវត្ត​ផែនការ​នេះ៕

ប្រភពៈ RFA