ក្រុមសិទ្ធិមនុស្សថ្កោលច្បាប់ថ្មីរបស់ថៃ​ដែលផ្តល់អំណាចខ្លាំងដល់កម្លាំងប្រដាប់អាវុធ

អង្គការសិទ្ធិមនុស្សអន្តរជាតិ​ចំនួន៦បានថ្កោលទោសលើខ្លឹមសារនៃច្បាប់ថ្មីរបស់រដ្ឋាភិបាលយោធាថៃថាបានផ្តល់អំណាចច្រើនលើសលប់ពេកដល់កម្លាំងប្រដាប់អាវុធដែលអាចឈានដល់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។​

ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអង្គាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ អង្គការលើកលែងទោសអន្តរជាតិ និងអង្គការបេសកកម្មដើម្បីយុត្តិធម៌អន្តរជាតិ  រួមទាំងអង្គការចំនួន៣ផ្សេងទៀតបានអំពាវនាវឲ្យមោឃៈភាពច្បាប់នោះចោល។​​

ក្នុងខ្លឹមសារច្បាប់ដែលបង្កើតឡើងកាលពីថ្ងៃទី២៩ខែមីនាបានផ្តល់សិទ្ធិឲ្យកងកម្លាំងប្រដាប់អាវុធអាចឃាត់ខ្លួន​ជនសង្ស័យដោយមិនចាំបាច់មានដីកាឃាត់ខ្លួនរយៈពេល១សប្តាហ៍ចំពោះបទឧក្រិដ្ឋធ្ងន់ធ្ងរ។​ នេះបើតាមសារព័ត៌មាន ​AL JAZEERA។​

រដ្ឋាភិបាលយោធាលើកឡើងថាការធ្វើសកម្មភាពបង្រ្កាបលើក្រុមជនប្រព្រឹត្តបទឧក្រិដ្ឋកម្រិតធ្ងន់​គឺចាំបាច់ត្រូវតែធ្វើឡើងដើម្បីសន្តិសុខនៅក្នុងសង្គម។​

ប៉ុន្តែសម្រាប់អ្នកការពារសិទ្ធិមនុស្សលើកឡើងថាការផ្តល់សិទ្ធិឲ្យច្រើនបែបនេះគឺជាការដណ្តើមអំណាចពីតុ​លាការក្នុងដំណើរការកាត់ទោសនាំឲ្យឈានដល់ការរំលោភសិទ្ធិមនុស្ស ការធ្វើទារុណកម្ម និងការចាប់ខ្លួនដោយបង្ខំជាដើម៕

ក្រុមសិទ្ធិមនុស្សថ្កោលច្បាប់ថ្មីរបស់ថៃ​ដែលផ្តល់អំណាចខ្លាំងដល់កម្លាំងប្រដាប់អាវុធ

ប្រភពៈ VOD