សណ្ឋាគារដ៏ប្រណិត លំដាប់ផ្កាយ៥ មួយ សាងសង់នៅក្រោមទឹក ជម្រៅ ១០ម៉ែត្រ

ចិន៖ សណ្ឋាគារដ៏ប្រណិត លំដាប់ផ្កាយ៥មួយ នឹងសាងសង់ឡើង នៅចំទីតាំងអតីតកន្លែងជីកយកថ្ម មួយកន្លែង ដោយមានបន្ទប់ ស្ថិតនៅក្រោមទឹក ជម្រៅ១០ម៉ែត្រឯណោះ។

សណ្ឋាគារស្ថិតនៅក្រោមទឹក ដ៏ចម្លែក និងកម្រមាននេះ មានឈ្មោះថា «The Songjiang Quarry Hotel» មានចំនួន២ជាន់ ប៉ុន្តែមានបន្ទប់ សម្រាប់ឲ្យភ្ញៀវស្នាក់នៅ រហូតដល់ទៅ ៣៨៣បន្ទប់ឯណោះ។ វាត្រូវសាងសង់ឡើង ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Shimao ស្ថិតនៅក្នុងស្រុក Songjiang នៃទីក្រុងសៀងហៃ ប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តំបន់ដែលសណ្ឋាគារ លំដាប់ផ្កាយ៥នោះ កំពុងសាងសង់ ត្រូវបានគេដឹងថា គឺជាទីតាំងមួយ ដែលមានសម្រស់ធម្មជាតិ ស្រស់ត្រកាល ជាមួយនឹង ទឹកជ្រោះ និងភ្នំ ខណៈការរចនា នៃសណ្ឋាគារមួយនេះ ត្រូវបានគេរំពឹងទុកថា នឹងអាចមើលឃើញទេសភាពធម្មជាតិ នៃកន្លែងជីកយកថ្ម ដែលមានជម្រៅ រហូតដល់ទៅ ៩០ម៉ែត្រ។

ជាមួយគ្នានេះដែរ សណ្ឋាគារ «The Songjiang Quarry Hotel» នេះ នឹងមានទីកន្លែង សម្រាប់លេងកីឡា និងលំហែកម្សាន្ត-ស្ប៉ា ទៀតផង។ ជាងនេះទៅទៀត ភ្ញៀវដែលមកស្នាក់នៅ សណ្ឋាគារនេះ នឹងអាចរីករាយ ជាមួយនឹង ទឹកជ្រោះធ្លាក់ពីកំពូល នៃកន្លែងជីកយកថ្ម ចូលទៅក្នុងអាងទឹក នៅខាងក្រោមវា និងស្ថាបត្យកម្មទំរង់ជារលក ដ៏ទាក់ទាញ។

លើសពីនេះទៅទៀត សណ្ឋាគារដ៏ទំនើបនេះ នឹងមានកន្លែងសាធារណៈ ស្ថិតនៅក្រោមទឹក បន្ទប់ភ្ញៀវ និង បន្ទប់ធ្វើសន្និសីទ សម្រាប់មនុស្ស រហូតដល់ទៅ ១០០០នាក់ និងមានរួមបញ្ចូលទាំង មជ្ឈមណ្ឌលកីឡា និងកម្សាន្ត ទៀតផង ខណៈភោជនីយដ្ឋាន និងបន្ទប់ភ្ញៀវ នឹងប្រឈមជាមួយ អាងចិញ្ចឹមត្រីក្រោមទឹក ជម្រៅ ១០ម៉ែត្រ។

នៅផ្នែកខាងក្រោមបំផុត នៃសណ្ឋាគារ នឹងមានផ្ទុកនូវ កន្លែងកម្សាន្ត ក៏ដួចជា អាងហែលទឹក និង កីឡាលើទឹក ជាច្រើន ហើយក៏នៅមាន មជ្ឈមណ្ឌលកីឡា ដែលធ្វើសកម្មភាពខ្លាំង ដូចជា កីឡាឡើងផ្ទាំងថ្ម និងលោត Bungee ទៀតផង៕

ប្រភព ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត