អគ្គីភ័យ ឆាបឆេះផ្សារស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខ្ទេចគ្មានសល់ ទោះជាមានកិច្ចអន្តរាគមន៍ក្តី (មានវីដេអូ)

ស្ទឹងត្រែង៖​ ភ្នាក់ងាររបស់មជ្ឈមណ្ឌលពព័ត៌មាន ដើមអម្ពិល ប្រចាំខេត្តស្ទឹងត្រែង លោក លីវ​ គឹមស្រេង រាយការណ៍ឲ្យដឹងនៅមុននេះបន្តិចថា មានករណីឆេះផ្សារស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅវេលាម៉ោង ១០ និង ៤៥នាទី យប់ថ្ងៃ ព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០១៦ ហើយខណៈនេះ សមត្ថកិច្ចកំពុងចេញអន្តរាគមន៍ ផងដែរ ប៉ុន្តែមិនអាចសង្រ្គោះ បានទាន់វេលានោះទេ។ 

សេចក្តីរាយការណ៍នៅម៉ោង ១១ និង ៣០ នេះ អគ្គីភ័យលេបត្របាក់គ្មានប្រណីទេ សូម្បីតែតូបមួយ ក៏មិនសល់ដែរ។ យ៉ាងណាក៏ដោយ ទោះបីជាមានការចូលរូមអន្តរាគមន័ និងបញ្ជាផ្ទាល់​ពីលោកឧត្តមសេនីយ៍ អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធខេត្តស្ទឹងត្រែងក៏ដោយ ក៏មិនអាចទប់ស្កាត់ព្រះអគ្កី មិនឲ្យលេបត្របាក់ផ្សារស្ទឹងត្រែងនេះ បានដែរ។ សមត្ថកិច្ច និយាយថា រថយន្តអគ្គិភ័យមានតែ ២គ្រឿង ដែលចំនួននេះ មិនអាចទប់ស្កាត់អណ្តាតភ្លើងដ៏ក្រហមឆ្អិនឆ្អៅ ឲ្យស្រាកស្រាន្ត បាននោះទេ ខណៈសមត្ថកិច្ចឯទៀត យាមកាមការពារសម្ភារៈរបស់អាជីវករ ដែលរំដោះបានមុនភ្លើងឆេះ ខ្លាចក្រែងមានក្រុមមនុស្សឆ្លៀតឨកាស លួចបន្ត។

សាក្សីនៅកន្លែងហេតុ បាននិយាយថា ស្ថានភាពអគ្គីភ័យនេះ ពិតជាមានសភាពធ្ងន់ធ្ងរ។ ធ្ងន់ធ្ងរនៅត្រង់ថា អត់មានរថយន្តពន្លត់អគ្គីភ័យគ្រប់គ្រាន់ សម្រាប់ធ្វើកិច្ចអន្តរាគន៍ ឲ្យបានទាន់ពេលវេលា។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋ សំណូមឲ្យអាជ្ញាធរខេត្ត ជាពិេសសក្រសួងមហាផ្ទៃ គួរមានការបន្ថែមរថយន្តពន្លត់អគ្គិភ័យ ឲ្យបានច្រើនថែមទៀត ដើម្បីកុំឲ្យមាន ហេតុ ការណ៍អាក្រក់កើតឡើង ដូចយប់នេះទៀត។ យ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍ពីករណីស្លាប់ និងរបួសមនុស្សនោះទេ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត