ឃុំខ្លួនស្ត្រីម្នាក់ពីបទចាក់សម្លាប់ប្តី និងឃុំបុរសម្នាក់ពាក់ព័ន្ធលាក់បាំងតម្រុយ

កំពង់ចាម៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម លោកស្រី ហៃ ណៃហេង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ បានចេញដិការ បង្គាប់ឲ្យឃុំខ្លួនស្ត្រីម្នាក់ និងបុរសម្នាក់ ពាក់ព័ន្ធក្នុងរឿងឃាតកម្ម នៅព្រៃខ្ជាយ ឃុំបារាយ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ក្នុងនោះ ដិកាបង្គាប់លេខ២២៦ ឃុំខ្លួនជនសង្ស័យឈ្មោះ ទីន ណិឡោះ ភេទប្រុស ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ និងដីកាមួយទៀត លេខ២២៧ ឃុំខ្លួនជនសង្ស័យឈ្មោះ ធុន សាលី ហៅ អេងលី ជាប្រពន្ធជនរងគ្រោះ ពីបទឃាតកម្ម តាមមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ ។ចំណែកជនរងគ្រោះ ក្នុងករណីឃាតកម្មនេះ ឈ្មោះ ស្រេន តាំង ភេទប្រុស អាយុ៥៣ឆ្នាំ ។

សូមរំលឹកថា នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ឈ្មោះ ស្រេន តាំង ភេទប្រុស អាយុ ៥៣ឆ្នាំ ខ្មែរឥស្លាម និងប្រពន្ធឈ្មោះ ធុន សាលី អាយុ ៤២ឆ្នាំ ជាខ្មែរឥស្លាមដូចគ្នា រស់នៅភូមិព្រៃខ្ជាយ ឃុំបារាយ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងញាតិមិត្តក្នុងភូមិ បានទៅចូលរួមផឹកស៊ី ក្នុងពិធី ឡើងគេហដ្ឋាន ថ្មី នៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ។ រហូតដល់ម៉ោង ៩យប់ ឈ្មោះ ស្រេន តាំង ជាប្តី បានយកកូនស្រីតូច មកដេកផ្ទះមុន លុះដល់ម៉ោង ១០និង៥នាទីយប់ មានឈ្មោះ ទីន ណិឡោះ ភេទប្រុស អាយុ ៥៣ឆ្នាំ ខ្មែរឥស្លាម នៅភូមិព្រៃខ្ជាយ ដែលធ្លាប់ ទំនាក់ទំនងស្នេហា លួចលាក់និងឈ្មោះ ធុន សាលី បានជិះម៉ូតូឌុបស្ត្រីឈ្មោះ ធុន សាលី ទៅដល់ផ្ទះធ្វើឲ្យឈ្មោះ ស្រេន តាំង ជាប្តី កើតចិត្តប្រច័ណ្ឌ រករឿង ឈ្លោះប្តីប្រពន្ធ យ៉ាងខ្លាំង រហូតដល់ ស្រេន តាំង ស្ទុះចាប់ច្របាច់ករប្រពន្ធ ហើយនាងជាប្រពន្ធ ក៏បានចាប់យក កូនកាំបិតចុងស្រួច ចាក់លើប្តី ៣ទៅ ៤កាំបិត បណ្តាលឲ្យ បុរសជាប្តីស្លាប់ នៅលើផ្ទះ ។ បន្ទាប់មកស្ត្រីជាប្រពន្ធ ឈ្មោះធុន សាលី បានដុសលាង ជូតសំអាតឈាម និងប្តូខោអោយប្តី ជាមួយគ្នានោះ ឈ្មោះ ទីន ណិឡោះ បានជួយលើក អូសសាកសព ជនរងគ្រោះ ចុះពីលើផ្ទះ យកទុកនៅនឹងដីទួល ខាងកើតផ្ទះចម្ងាយ ២៥ម៉ែត្រ ហើយស្ត្រីជាប្រពន្ធ ខ្លាចប្តីមិនស្លាប់ ក៏ចាក់ថែម មួយកាំបិតទៀត ចំក្រោមដោះ ឆ្វេងលេចដល់គល់ មិនដកកាំបិតមកវិញទេ ថែមទាំងចាប់ដៃឆ្វេង របស់សពប្តី អោយកាន់ដងកាំបិត ដើម្បីបង្វែងដាន ពីឃាតកម្ម មករឿងអត្តឃាតវិញ។

នេះបើ តាមចម្លើយសារភាព របស់ស្ត្រីជាប្រពន្ធឈ្មោះ ធុន សាលី ថាខ្លួនពិតជាបានប្រព្រឹត្ត ដូចការរៀបរាប់ខាងលើមែន មូលហេតុដោយសារ ប្តីរបស់ខ្លួន ជេរ វាយ ធ្វើបាបច្រើនលើក មកហើយ ហើយការសម្លាប់ប្តីនោះគឺ ខ្លួនបានប្រព្រឹត្ត តែម្នាក់ឯងទេ មិនពាក់ព័ន្ធជាមួយអ្នកដទៃទេ។ ប៉ុន្តែយ៉ាងណាក៍ដោយ ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច យកទៅឃុំខ្លួន នៅពន្ធនាគារ ខេត្តកំពង់ចាម រួចរាល់ហើយ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត