ចោរ​បាញ់​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​បាន​ជាង​២​ម៉ឺន​ដុល្លារ

ចោរ​បាញ់​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​បាន​ជាង​២​ម៉ឺន​ដុល្លារ



ខេត្តសៀមរាប ៖ ចោរ​ប្រដាប់​ដោយ​អាវុធ​១​ក្រុម​មាន​គ្នា​៣​នាក់ និង​បិទមុខ​ផង​នោះ បាន​ចូល​បាញ់​ប្លន់​ក្នុងផ្ទះ​លក់ទំនិញ​គ្រឿងទេស​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុងស្រុក​ពួក បណ្តាល​ឱ្យ​ក្មួយ​ម្ចាស់ផ្ទះ​រង​របួសធ្ងន់​ដោយ​គ្រាប់កាំភ្លើង​ចោរ ។ ចំណែក​ម្ចាស់ផ្ទះ​ប្តី​ប្រពន្ធ និង​ក្មួយ​ម្នាក់​ទៀត ត្រូវ​ក្រុម​ចោរ​ចាប់​ចងដៃ​ដោយ​ដែក​លួស​ភ្ជាប់​នឹង​សសរផ្ទះ កាលពី​វេលា​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ មេ​សា ស្ថិត​នៅ​ក្នុងភូមិ​គោក​ឫស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក គឺ​ប្លន់​យក​បាន​ដោយ​សុវត្ថិភាព ។

តាម​ប្រភព​ថា ក្រុម​ចោរ​មាន​កាំភ្លើង​២​ដើម គឺ​កាំភ្លើង​AK១​ដើម កាំភ្លើងខ្លី​១​ដើម និង​ដែក​ស្បែង​១​ដើម បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ខាងក្រោយ​ចូល​ទៅ​ក្នុងផ្ទះ ។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៧ មេ​សា ថា ក្រោយ​ពេល​កើតហេតុ​មាន​ប្រជា​ការពារ​ភូមិ និង​នគរបាល​ប៉ុស្តិ​កែវ​ពណ៌​បាន​រាយការណ៍​មក​អធិការដ្ឋាន​ស្រុក​ពួក ទើប​លោក​បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​សួរនាំ​ម្ចាស់ផ្ទះ​ទាំង​យប់​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង ។ លោក​បាន​បន្ត​ថា  ម្ចាស់ផ្ទះ​រង​គ្រោះ​មាន​ប្ដី​ឈ្មោះ ម៉​ន ម៉ុ​យ អាយុ​៣៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ មួន ម៉ាច អាយុ​៣៣​ឆ្នាំ បាន​ស្ថិត​នៅ​ជាមួយ​ក្មួយ​ប្រុស​២​នាក់​ទៀត ។ ខណៈ​ពេល​ចូល​ដល់​ក្នុងផ្ទះ​ក្រុម​ចោរ​បាន​ចាប់​២​នាក់​ប្តី​ប្រពន្ធ និង​ក្មួយ​ប្រុស​ម្នាក់​ទៀត ចងដៃ​នឹង​ដែក​លួស​ជាប់​ទៅ​នឹង​សសរផ្ទះ ។ ចំណែក​ក្មួយ​ប្រុស​ផ្ទះ​ម្ចាស់​មួយទៀត ត្រូវ​បាន​ក្រុម​ចោរ​បាញ់​១​គ្រាប់​របួស​ភ្លៅ ខាងស្តាំ​ធ្លាយ​ទៅ​ក្រោយ ខណៈ​ពេល​កំពុង​ចេញពី​ក្នុង​មុង ។ ឈ្មោះ ស៊ូ ភ័​ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រូវជា​ក្មួយ​ដែល​រង​របួស​ដោយ​គ្រាប់កាំភ្លើង​ចោរ​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​នៅ​ស្រុក​ពួក ក្រោយ​ពេល​ចោរប្លន់​ចាកចេញ​ទៅ ។

តាម​សម្តី​របស់​ម្ចាស់ផ្ទះ និង​ក្មួយ​ប្រុស​ដែល​ត្រូវ​ក្រុម​ចោរប្លន់​ចាប់ចង​ទៅ​នឹង​សសរផ្ទះ​នោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ពួក​គាត់​កំពុង​ដេក​មើល​ទូរទស្សន៍​នៅ​ក្នុងផ្ទះ ស្រាប់តែ​មួយសន្ទុះ ក៏​ឃើញ​ជន​បិត​មុខ​មាន​គ្នា​២​នាក់​កាន់​កាំភ្លើង​ខ្លី​១​ដើម បាន​ចូល​មក​ភ្ជង់​គំរាម មក​លើ​ពួក​គាត់ រួច​ចោរ​ម្នាក់​ទៀត​បាន​ស្រែក​ពី​ខាងក្រៅ​ថា «​ប្រមូល​ឱ្យ​អស់​!» ។

ម្ចាស់ផ្ទះ​និង​ក្មួយ​បាន​រៀបរាប់​បន្ត​ថា ក្រោយ​ពី​ពួក​ចោរ​បាន​ធ្វើ​សកម្មភាព​ចង​ពួក​គាត់​រួច ក៏​នាំ​គ្នា​ប្រមូល​លុយ​ដែល​លក់​បាន​ពី​ថ្ងៃ និង​លុយ​ដែល​ទុក​នៅ​ក្នុង​ទូ បាន​ប្រមូល​យក​ទៅ​ទាំងអស់​។

លោក​អធិការ​ស្រុក​ពួក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ពី​ចោរប្លន់​យក​ទៅ​នោះ  គឺ​អស់ប្រាក់​បាត​ចំនួន​៣​ម៉ឺន​បាត​,​ប្រាក់​ខ្មែរ​ចំនួន​៣០​លាន​រៀល និង​ប្រាក់​ដុល្លារ​៥​ពាន់​ដុល្លារ សរុប​ជា​ប្រាក់​ដុល្លារ គឺ​ប្រមាណ​២​ម៉ឺន​ដុល្លារ ។

រហូត​ដល់​ថ្ងៃ​ទី​៧ មេ​សា ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ម្តងទៀត ដើម្បី​ស្រាវជ្រាវ​ពីមុខ​សញ្ញា រហូត​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន និង​ម៉ូតូ​របស់​ជនសង្ស័យ​ម្នាក់​ទៀត ដែល​បាន​រត់គេច​ខ្លួន​បាត់​ដោយ​ទុក​ម៉ូតូ​ចោល ។ ជនសង្ស័យ​កំពុង​ទទួល​ការ​សាកសួរ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​នៅឡើយ ដើម្បី​ឈាន​ទៅ​ស្វែងរក​បក្សពួក​បន្ត​ទៀត  ៕