បុរស​ប្រមឹក​វាយ​ប្រពន្ធកូនខ្ចី​៣​ខែ​រហូត​ដល់​ស្លាប់

បុរស​ប្រមឹក​វាយ​ប្រពន្ធកូនខ្ចី​៣​ខែ​រហូត​ដល់​ស្លាប់



ខេត្តកោះកុង ៖ បុរស​ប្រមឹក​ម្នាក់ បាន​កាប់​ប្រពន្ធ​នឹង​ពូថៅ​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​ថ្ងៃ​ទី​៥ មេ​សា វេលា​ម៉ោង៣​និង​៣០​នាទី​រសៀល ក្នុងភូមិ​ព្រះ​អង្គ​កែវ ស្រុកស្រែ​អំបិល ខេត្ត​កោះ​ក្រុង ។ អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​នោះ គឺ​ការ​បន្សល់​ទុក​កូនប្រុស​ស្រី​ចំនួន​៨​នាក់​ឱ្យ​កំ​ព្រី​កំព្រា​គ្មាន​អ្នក​មើលថែ​ដោយសារ​ឪពុក​ជា​ជន​អគតិ​ត្រូវ​ជាប់គុក រីឯ​ម្តាយ​ត្រូវ​ស្លាប់​ទាំ​ា​ង​បិទ​ភ្នែក​មិន​ជិត ។

លោក មា ទី អធិការ​ស្រុកស្រែ​អំបិល បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ ម៉ែ​ន សុខុម អាយុ​៤០​ឆ្នាំ ជា​កម្មករ ។ តាម​សំដី​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ជា​រឿយ​ៗ​បុរស​ជា​ប្តី​តែងតែ​ផឹក​ស្រវឹង​ហើយ​វាយ​ប្រពន្ធ​ស្ទើរ​មិន​លស់​ថ្ងៃ ហើយ​ពួក​គាត់​ក៏​ធ្លាប់​ធ្វើការ​ណែនាំ​២​ទៅ​៣​ដង​រួច​មក​ហើយ​ដែរ ប៉ុន្តែ​ប្តី​ប្រមឹក​នោះ​មិន​ដែល​ស្តាប់​ទេ ។ លុះដល់​ថ្ងៃ​កើតហេតុ បុរស​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹង​ហើយ​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​ទៀត និង​បាន​យក​ដង​ពូថៅ​មក​វាយ​ប្រពន្ធ​ចំ​គុម្ព​ថ្គាម​បណ្តាល​ឲ្យ​ប្រពន្ធ​ប្រកាច់​ស្លាប់​ភ្លាម​មួយ​រំពេច ។

ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ នៅ វិបុល អាយុ​៣៣​ឆ្នាំ ។ លោក​អធិការ​បាន​បន្ត​ថា ស្ត្រី​រង​គ្រោះ​ទើបតែ​សម្រាលកូន​បាន​៣​ខែ​ប៉ុណ្ណោះ ។ ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​ក៏​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថ កិច្ចសហការ​ជាមួយ​ប្រជា​ការពារ​ឃាត់ខ្លួន​បុរស​ជា​ប្តី​ភ្លាម​ៗ ។

បុរស​អគតិ​នោះ​ត្រូវ​បាន​អធិការដ្ឋាន​ស្រុកស្រែ​អំបិល កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​តាម​នីតិវិធី ៕