​អាស៊ីអឺរ៉ុប​បង្កើត​កំណត់ត្រា​បាន​អត់​ពេល​ប៉ះ​ណាហ្គាវើល​ល្ងាច​នេះ?

ក្រុម​អាស៊ី​អឺរ៉ុប​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ណាហ្គាវើល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង​៦​ល្ងាច​នេះ ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៥។ ចាំ​មើល​ក្រុម​ទាំង​ពីរ​នេះ នរណា​ជា​អ្នក​បាន​៣​ពិន្ទុ​បន្ថែម?

 

​អាស៊ីអឺរ៉ុប​បង្កើត​កំណត់ត្រា​បាន​អត់​ពេល​ប៉ះ​ណាហ្គាវើល​ល្ងាច​នេះ?

 

លោក មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល​បាន​និយាយ​ហើយ​ថា​ក្រុម​របស់​លោក​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​និង​ដាក់​កីឡាករ​ឱ្យ​ពេញ​ជើង គ្រប់​ប្រកួត​ទាំង​អស់​មិន​គិត​ថា​ក្រុម​ណា​ខ្សោយ​ក្រុម​ណា​ខ្លាំង​នោះ​ទេ។ នេះ​មាន​ន័យ​ថា​​ប្រកួត​ល្ងាច​នេះ ណាហ្គាវើល​ប្រហែល​ជា​ត្រូវ​ការ​៣​ពិន្ទុ​ដាច់​ខាត ដើម្បី​ប្រជែង​ជាមួយ​ក្រុម​កំពូល​ៗ​ទៀត ព្រោះ​ពួកគេ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៦​ឯ​ណោះ​ក្នុង​តារាង​។

 

ចំណែក​ឯ​ក្រុម​អាស៊ីអឺរ៉ុប​វិញ ​មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​នោះ​ទេ​ក្នុង​ប៉ុន្មាន​ប្រកួត​មក​នេះ ដោយ​បាន​ត្រឹម​តែ​ស្មើ​មួយ​ប្រកួត​ប៉ុណ្ណោះ ពោល​គឺ​៤​ប្រកួត​កន្លង​មក​របស់​ពួកគេ ចាញ់​៣​ស្មើ​១ ​ស្ថិតិ​នៅ​បាត​តារាង​លីគ​កំពូល​កម្ពុជា​។

 

ចំពោះ​ប្រវត្តិ​ជួប​គ្នា​កន្លង​មក​វិញ ​ក្រុម​អាស៊ី​អឺរ៉ុប​មិន​ដែល​យក​ឈ្នះ​ក្រុម​ណាហ្គាវើល​នោះ​ទេ ដោយ​៦​ប្រកួត​ប៉ះ​គ្នា​កន្លង​មក​អាស៊ីអឺរ៉ុប​ចាញ់​៤​ដង ស្មើ​២​ដង។

 

សូម​ប្រិយមិត្ត​ទៅ​ចូលរួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ​នៅ​ពហុកីឡដ្ឋាន​ជាតិ​នា​ល្ងាច​នេះ ដើម្បី​ដឹង​ថា​តើ​ក្រុម​អាស៊ី​អឺរ៉ុប​អាច​រក​ជ័យជម្នះ​លើក​ដំបូង​របស់​ខ្លួន​បាន​ដែរ​ឬ​ទេ​ជាមួយ​ក្រុម​ណាហ្គាវើល?

 

អត្ថបទ៖ មុន្នី រម្យ