មហាជន​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ក្រសួងយុត្តិធម៌​

ការផ្លាស់ប្ដូរ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋា​ភិ​បាល​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​គ្មាន​ជំនឿ​ថា​អាចធ្វើ​ឲ្យ​ការងារ​ប្រសើរ​ជាង​មុន​នោះទេ​។ ជាងនេះទៅទៀត​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​និង​មជ្ឈដ្ឋាន​មួយចំនួន​បាន​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដកហូត​តំណែង​រដ្ឋមន្ត្រី​អសកម្ម​២​នាក់​ទៀត គឺ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក អង្គ វ​ឌ្ឍា​នា ដែលជា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​។ ដោយហេតុថា រដ្ឋមន្ត្រី​ទាំង​២​នាក់​នេះ​មិន​ត្រឹមតែ​អសកម្ម​ការងារ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនគួរ​មើលរំលង​តទៅទៀត​ឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អសមត្ថភាព​ក្នុងការ​បំពេញការងារ​មិនអាច​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​ប្រសើរ​ជាង​មុន ផ្ទុយទៅវិញ​វិស័យ​សុខាភិបាល​បច្ចុប្បន្ន​កាន់តែ​ដុនដាប​ជាង​មុន​ទៅទៀត​។ ជាពិសេស​លោក ម៉ម ប៊ុនហេង រង​ការរិះគន់​ពី​មន្ត្រីក្រោមឱវាទ​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ បក្ខពួកនិយម គ្រួសារនិយម ហើយ​ធ្វើ​អ្វីៗ​តាម​បញ្ជា​ប្រពន្ធ​របស់ខ្លួន​ដោយ​ឥត​ងាករេ​។ ចំណែក​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏​មិន​អាចធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​មាន​ភាពប្រសើរ​ជាង​មុន​ដែរ ហើយ​រឿងអាស្រូវ​ពុករលួយ​ក្នុង​ស្ថាប័ន​តុលាការ​កាន់តែ​អាក្រក់​ជាមុន​ទៅទៀត​។ អំពើពុករលួយ​ក្នុង​ប្រព័ន្ធតុលាការ​បានធ្វើ​ឲ្យ​ជម្លោះដីធ្លី​រាលដាល​កាន់តែខ្លាំង ហើយ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើនឡើងៗ​ត្រូវ​រងគ្រោះ​ដោយសារ​ចៅក្រម ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី​ពុករលួយ​។

​អ្នកសង្កេតការណ៍​ឯករាជ្យ​មួយចំនួន​បាន​ទទួលស្គាល់ថា ការផ្លាស់ប្ដូរ​សមាសភាព​រដ្ឋមន្ត្រី​មួយចំនួន កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ អាច​កាត់បន្ថយ​ប្ញ​សគល់​អំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម ក្នុង​ក្រសួង​មួយចំនួន​ផងដែរ និង​ជាការ​ដាស់តឿន​ឲ្យ​រដ្ឋមន្ត្រី​ខ្លះ​យកចិត្តទុកដាក់​បំពេញ​ការងារ​តាម​តួនាទី​របស់ខ្លួន​។ ក៏ប៉ុន្តែ​អ្វីដែល​គួ​ឲ្យ​សោកស្ដាយ​បំផុត​នោះ គឺ​រដ្ឋមន្ត្រី​អសកម្ម​ការងារ​និង​ល្បីល្បាញ​ខាង​ពុករលួយ​ដូចជា​លោក ម៉ម ប៊ុនហេង និង​លោក អង្គ វង្សវឌ្ឍានា មិនទាន់​ត្រូវបាន​ដកហូត​តំណែង​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​មានការ​រិះគន់ថា បញ្ហា​រុះរើ​គណៈរដ្ឋមន្ត្រី​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មិនអាច​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឲ្យ​ប្រសើរ​ជាង​មុន​បានឡើយ ព្រោះ​រដ្ឋមន្ត្រី​ពុករលួយ​និង​អសកម្ម​មួយចំនួន​នៅតែ​បន្តធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​ដដែល​៕

Morm-bunhenghលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ang_vong_vathana_3201លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌