លោក សម រង្ស៊ី បញ្ជាក់ថា វៀតណាម​ជា​ប្រទេស​កុ​ម្មុយ​និ​ស្ត តែ​ក៏មាន​ការផ្លាស់ប្តូរ​អំណាច​ដែរ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ បាន​បញ្ជាក់ថា បើទោះជា​ប្រទេស​វៀតណាម​ជា​ប្រទេស​កាន់​របប​កុ​ម្មុយ​និ​ស្ត តែ​ប្រទេសមួយ​នេះ​ក៏​នៅតែមាន​ការផ្លាស់ប្តូរ​អំណាច​យ៉ាងយូរ ១០ ឆ្នាំ​ម្តង យ៉ាង​ទៀងទាត់​ដែល​ផ្ទុយ​ពី​ប្រទេស​កម្ពុជា​ដែល​មេដឹកនាំ​បាន​ក្រាញ​អំណាច​ជាង​៣០​ឆ្នាំ ហើយ​បាន​បង្កកំហុស​ជាច្រើន​ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​។​

​លោក សម រង្ស៊ី បាន​បញ្ជាក់ថា លោក​សូម​កោតសរសើរ យ៉ាង​ស្មោះ​ដែរ ចំពោះ​ថ្នាក់ដឹកនាំ ជា​សមូហភាព​របស់​ប្រទេស​វៀតណាម​ក្នុងការ​ចាត់វិធានការ​យ៉ាងពិត​ប្រាកដ និង​ម៉ឺងម៉ាត់ ដើម្បី​ប្រឆាំង​អំពើពុករលួយ និង​ក្នុង​ការរៀបចំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នាយក​រដ្ឋមន្ត្រី យ៉ាងយូរ ១០ ឆ្នាំ​ម្តង យ៉ាង​ទៀងទាត់ ដើម្បី​ឲ្យ​មាន​ឈាម​ថ្មី គំនិត​ថ្មី និង​ទេពកោសល្យ​ថ្មី ដែលជា​បច្ច័យ​ចាំបាច់ ធ្វើ​ឲ្យ​ការដឹកនាំ​ប្រទេស មាន​លក្ខណៈ​ល្អប្រសើរ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សម្តែង​ការអបអរសាទរ ចំពោះ​ការឡើង​កាន់តំណែង​រប​ស់លោក ង្វៀង ហាន​ផុ​ច (Nguyen Xuan Phuc )​ជា​នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​វៀតណាម ។ លោក សម រង្ស៊ី បាន​ជូនពរ​ឲ្យ​លោក ង្វៀង ហាន់​ផុ​ច (Nguyen Xuan Phuc ) បំពេញការងារ​របស់​លោក ប្រកបដោយ​ជោគជ័យ​។ លោក សម រង្ស៊ី ជឿជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម នឹងមាន​ភាព​កាន់តែ​ល្អប្រសើរ​ថែមទៀត នៅពេល​អនាគត ក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក ហើយ​សហការ​ជាមួយគ្នា ដើម្បី​ភាពរុងរឿង នៃ​ប្រទេស​យើង​ទាំងពីរ​។​

គួរ​បញ្ជាក់ថា​នៅក្នុង​ប្រទេស​វៀតណាម​មា​ន​ការបោះឆ្នោត​ដោយ​សភា​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ជា​ទៀងទាត់ ហើយ​បុគ្គល​ម្នាក់​អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​យ៉ាងយូរ​តែ​២​អាណត្តិ ឬ​ស្មើ​១០​ឆ្នាំ​ប៉ុណ្ណោះ​។ សភា​វៀតណាម​បោះឆ្នោត​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​គឺធ្វើឡើង​នៅពេលដែល​អតីត​នាយករដ្ឋមន្ត្រី លោក ង្វៀង តាន់​ឌុ​ង (Nguyen Tan Dung) ត្រូវ​ចប់​អាណត្តិ​របស់ខ្លួន​១០​ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ពុធ​ក្នុង​សប្តាហ៍​នេះ​៕

12938307_1081327338590665_7531572330461379482_n 12932801_1081328435257222_2404358397614668761_n