បទល្មើស​កាប់​ឈើ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី មន្ត្រី​ជំនាញ​មិន​ចាត់វិធានការ​បង្ក្រាប​

សេចក្ដីរាយការណ៍​ពី​ជនជាតិដើម​ភាគតិច​រស់នៅ​តាម​ព្រំដែន​ក្នុងភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​បទល្មើស​កាប់​ឈើ​ធំៗ​តាម​តំបន់​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​យួន​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ប្រភព​បាន​រិះគន់ថា លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។

ថ្មីៗ​នេះ​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ នៅ​ភូមិ​ភិ បាន​ឲ្យ​ដឹងថា ពួកគាត់​ប្រទះឃើញ​ឈើមូល​ប្រមាណ​១០០​ដើម​ត្រូវគេ​កាប់​ទុកចោល​រាយប៉ាយ​ក្នុងព្រៃ​សហគមន៍​ជាប់​ព្រំប្រទល់​ប្រទេស​យួន​។ ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​សង្ស័យថា សមត្ថកិច្ច​ព្រំដែន​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះហើយ​ទើប​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​ក្នុងភូមិ​ភិ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តរតនគិរី និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ជាបន្ទាន់​។

តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​រស់នៅ​ភូមិ​ភិ ឃុំ​សេ​សាន បាន​ឲ្យ​ដឹងថា ឈើ​ដែល​គេ​អារ​រំលំ​មាន​ប្រមាណ​១០០​ដើម​ហើយ​មានមុខ​កាត់​ពី​៥០​ទៅ​៦០​សង់ទីម៉ែត្រ និង​បណ្ដោយ​ប្រវែង​២,៥​ដល់​៣​ម៉ែត្រ​។ មានការ​សង្ស័យថា​ជន​ជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ខ្មែរ​ការពារ​ព្រំដែន ព្រោះ​កន្លងមក​តែងតែមាន​រឿងរ៉ាវ​កើតឡើង​ដដែល​ពាក់ព័ន្ធ​ករណី​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​បង្ក្រាប​បទល្មើស​កាប់​ឈើមូល​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន នៅ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ជាបន្ទាន់​។ ដោយហេតុថា​មកដល់ពេលនេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​អូ​រយ៉ា​ដាវ ក៏ដូចជា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះទេ​។ ជាក់ស្តែង​ថ្មីៗ​នេះ​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ភូមិ​ភិ បាន​ប្រទះឃើញ​ឈើមូល​រាប់រយ​ដើម​ត្រូវគេ​កាប់រំលំ​នៅ​តំបន់​ព្រៃ​ជាប់​ព្រំដែន​ប្រទេស​យួន ហើយ​គ្មាន​មន្ត្រី​ជំនាញ​ណា​ចាត់វិធានការ​បង្ក្រាប​ទេ​៕

12620473_884097831710580_547232589_oលោក ថង សាវុន អភិបាលខេត្តរតនគិរី  5935fe3f-d421-47cd-9f67-994d6d064537ឈើដែលគេកាប់រំលំក្នុងព្រៃតាមព្រំដែន