បទល្មើស​នាំចូល​មាន់​រស់​និង​ទំនិញ​ខុសច្បាប់​តាម​ច្រករបៀង​អូរ​បី​ជាន់ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

បទបញ្ជា​របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ឆ្លងដែន គឺ​ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​បច្ចុប្បន្ន​តាម​ច្រករបៀង​មួយចំនួន​ឈ្មួញ​នៅតែ​អាច​នាំចូល​មាន់​រស់ ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​។ ជាក់ស្តែង​ថ្មីៗ​នេះ​ឈ្មួញ​នាំចូល​មាន់​រស់​ជិត​២០០០​ក្បាល​តាម​ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​ដោយសារ​ឈ្មួញ​មិន​បង់លុយ​តាម​ការកំណត់​ទើប​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មន្ត្រី​ពេ​ទ្រ​សត្វ​បង្ក្រាប​យក​ស្នាដៃ​។ ឈ្មួញ​ដែល​នាំចូល​មាន់រ​ស់បាន​អះអាងថា​ពួកគាត់​រកស៊ី​ជា​យូរ​មកហើយ ទើបតែ​ត្រូវ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​នៅពេលនេះ ដើម្បី​យក​ស្នាដៃ​បង្ហាញ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី​។

ក្រៅពី​ច្រករបៀង​អូរ​បី​ជាន់ ដែល​ឈ្មួញ​បន្ត​នាំចូល​មាន់​រស់​និង​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​នោះ គឺ​នៅ​ច្រករបៀង​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក៏មាន​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។ ជាក់ស្តែង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ពុធ ទី​០៦ ខែមេសា ឆ្នាំ​២០១៦ មន្ត្រី​ជំនាញ​បាន​សហការ​ចាប់​រថយន្ត​ដឹក​មាន់​២​គ្រឿង​ចូល​តាម​ច្រករបៀង​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ហើយ​ដកហូត​មាន់បាន​ជាង​១០០០​ក្បាល​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា បើ​គ្មាន​ការ​បើកដៃ​ពី​សមត្ថកិច្ច​តាម​ព្រំដែន​ទេនោះ គឺ​ឈ្មួញ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ប្រឈម​នឹង​វិធានការ​ច្បាប់​។

​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ និង​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​នៅតែ​អាច​នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញគេចពន្ធ ទំនិញ​ខូចគុណភាព ឬ​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​តាម​ច្រករបៀង​យ៉ាង​រលូន​ដូច​មុន​ដដែល​។ ការនាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​តាម​ច្រករបៀង បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​មន្ត្រី​ពុករលួយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ព្រំដែន​។ ដូច្នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គួរពិនិត្យមើល​ករណី​ដូចខាងលើ​នេះ​ផង​ព្រោះ​ថ្មីៗ​នេះ មាន​ឈ្មួញ​លួច​នាំចូល​កាំភ្លើង​ប្រើ​ហ្គាស​រាប់សិប​ដើម ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា​៕

CH-00019 fa2809eb01ab8209e2f3c5dc33b4bc5a