អំពើពុករលួយ​របស់​លោក សេង សារ៉ន ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គ កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​

អាជីវករ​លក់ដូរ​នៅ​ផ្សារ​ដើម​គ​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់ បាន​អំពាវនាវ​ឲ្យ​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក សេង សារ៉ន ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ អា​ជីករ​ផ្សារ​ដើម​គ​បាន​រិះគន់​ខ្លាំងៗ​ថា ចាប់តាំងពី​លោក សេង សារ៉ន មកកាន់​តំណែង​ជា​ប្រធាន​ផ្សារ​ដើម​គ​ជំនួស​លោក ជុំ សារឿន រួចមក​គឺ​ប្រព្រឹត្ត​អំពើអាក្រក់​ខ្លាំង​ជាង​លោក ជុំ សារឿន ទៅទៀត​។ ចំណែក​បញ្ហា​សណ្ដាប់ធ្នាប់​និង​អនាម័យ​ក្នុង​ផ្សារ​ដើម​គ ក៏ដូចជា​ជុំវិញ​ផ្សារ​ដើម​គ គឺ​លោក សេង សារ៉ន មិនដែល​បើកភ្នែក​មើល​ឡើយ​។     ​

ប្រភពពី​បុគ្គលិក​និង​សន្តិសុខ​ផ្សារ​ដើម​គ​បាន​ឲ្យ​ដឹងថា មានការ​ប្រមូល​ថ្លៃ​សន្តិសុខ​១៥០០​រៀល ភាស៊ី​បេន​៥០០​រៀល សណ្ដាប់ធ្នាប់​៣០០០​រៀល ហើយ​ក្នុង​មួយថ្ងៃៗ​អាច​ប្រមូល​លុយ​ពី​ក្រុមអាជីវករ​បាន​ចាប់ពី​៦០​ម៉ឺន​ដល់​រាប់លាន​រៀល​។ ប្រាក់ចំណូល​ទាំងនេះ​មិនត្រូវ​បាន​លោក សេង សារ៉ន បែង​ចែកជា​ផលប្រយោជន៍​បន្តិចបន្តួច​ដល់​បុគ្គលិក​និង​សន្តិសុខ​ដែល​យកចិត្តទុកដាក់​ប​ម្រើ​ការងារ​ឡើយ គឺ​កេងប្រវ័ញ្ច​យក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ដូច្នេះ​លោក ឯក ឈុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក សេង សារ៉ន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ ព្រោះ​ប្រធាន​ផ្សារ​ដើម​គ​រូបនេះ កំពុង​ធ្វើ​ឲ្យ​ក្រុមអាជីវករ​រិះគន់​យ៉ាងខ្លាំង​ដោយសារ​ពួកគាត់​ប្រឈម​នឹង​ការលំបាក​។

ជុំវិញ​បញ្ហា​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​ដើម​គ​នោះដែរ ក្រុម​អ្នករត់​តាក់ស៊ី​និង​អ្នករត់ម៉ូតូឌុប​បាន​រិះគន់ថា លោក សេង សារ៉ន ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គ គិតតែ​ពី​រឿង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ងងើល ហើយ​ពុំមាន​ការអភិវឌ្ឍន៍​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ លើស​នេះ​ទៅទៀត​លោក សេង សារ៉ន បាន​ប្រើ​អំណាច​ជ្រែ​កន្លែង​លក់​បន្លែ​ផ្លែឈើ​ទៅ​ឲ្យ​ក្រុមអាជីវករ​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់ ហើយ​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិតពី​ការលំបាក​របស់​អ្នកដទៃ​ឡើយ​។ ដោយសារតែ​អំពើអាក្រក់​ហួសហេតុ​របស់លោក សេង សារ៉ន ដូច​រៀបរាប់​ត្រួសៗ​ខាងលើ​នេះហើយ ទើប​ក្រុមអាជីវករ​ផ្សារ​ដើម​គ​អំពាវនាវ​ឲ្យ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ព្រោះ​បច្ចុប្បន្ន​លោក សេង សារ៉ន កំពុង​ប្រើ​អំនាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

12966494_1542459786049598_979517223_nលោក​ ឯក ឈុនឌឿន អភិបាលខណ្ឌទួលគោក dr fe