សូ លី​ហ្សា ស្នង​អាជីព​សម្តែង​ពី​ម្តាយ

រាជធានី​ភ្នំពេញ ៖ ទើប​ប្រឡូក​អាជីព​សិល្បៈ​ប្រមាណ​២​ឆ្នាំ កញ្ញា​សាច់​ស​សូ លី​ហ្សា អាច​ស្រូប​បានការ​ងារ​ជា​បន្តបន្ទាប់ ជា​ពិសេស​នាង​អាច​គ្រង​តំណែង​ជា​តួអង្គ​សំខាន់​ជា​ច្រើន​រឿង​មក​ហើយ ។

ដោយសារ​តែ​មាន​រូបរាង​ខ្ពស់ ស្រស់​ស្អាត​ជំរុញ​ឱ្យ​អាជីព​សិល្បៈ​របស់​តារា​រះ​ថ្មី​សូ លី​ហ្សា​កាន់តែ​បោះពួយ​ទៅ​មុខជា​រៀងរាល់ថ្ងៃ ។ ភាព​លូតលាស់​នោះ​ក្តី​រំពឹង​របស់​សូ លី​ហ្សា ក្លាយជា​តារា​ល្បី​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។ លី​ហ្សា​មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូ​ដ​ក្នុង​ក្រុម​ល្បី​មួយ ជា​តារា​សម្តែង​ភាពយន្ត និង​កាយវិការ​ខារ៉ាអូខេ​។ លី​ហ្សា​កំពុង​តែ​មមាញឹក​ចេញ​ទៅ​សម្តែង​ជា​រៀងរាល់ថ្ងៃ​។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ក្នុង​ទឹកមុខ​រីករាយ​ស្រស់​ស្អាត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក កញ្ញា​សូ លី​ហ្សា ដែល​មាន​វ័យ​១៩​ឆ្នាំ ឱ្យ​ដឹង​ថា នាង​ទើប​ចាប់​អាជីព​សិល្បៈ ជិត​២​ឆ្នាំ​ប៉ុណ្ណោះ ទៅ​តាម​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​តាំងពី​ក្មេង​មក​ម្ល៉េះ ។ ជា​សំណាង​ដែល​ចូល​បម្រើ​វិស័យ​សិល្បៈ លី​ហ្សា​មានឱកាស​សម្តែង​ជា​តួអង្គ​ឯក​បន្ត​គ្នា​មក​ពី​នាង​ដឹកនាំ​រឿង​យល់​ថា មាន​ទឹកមុខ និង​សម្បុរ​ស​សក្តិ​សម ។ ស្នាដៃ​ដែល​លី​ហ្សា​សាង​ដូច​ជា​គ្រង​តំណែង​តួឯក​រឿង «​អវសាន​ស្នេហ៍ » និង​រឿង «​បំណុល​ប្រាក់​ជំពាក់​ស្នេហ៍​» នៅ​ស្ថានីយ​ប៉ុស្តិ៍​លេខ​៩​ជាដើម ។ ចំណែក​ខារ៉ាអូខេ លី​ហ្សា​ធ្លាប់​ថត​បទ​ចម្រៀង​របស់​លោក​ខេមរៈ សិរីមន្ត «​ធ្លាក់​បាក់​ឌុ​ប​ចប់់​ស្នេហ៍ » ក្រៅពី​នោះ​ថត​ខារ៉ាអូខេ ឱ្យ​ផលិតកម្ម​ថោ​ន ហង្ស​មាស ស្ទឹង​សែន និង​ផលិតកម្ម​កាលី​ប​ជាដើម ។

ចំណែក​អាជីព​តារា​ជា​អ្នក​បង្ហាញ​ម៉ូ​ដ​កញ្ញា​សូ លី​ហ្សា ស្ថិត​ក្នុង​ក្រុម POP ម៉ូ​ដែល ដោយ​បាន​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​ជា​ច្រើន ។

កញ្ញា​សូ លី​ហ្សា ចេះ​សម្តែង​ព្រោះតែ​ម្តាយ​ជា​តារា​សម្តែង​ម្នាក់​ដែរ ។ អ្នកស្រី​ជា​ម្តាយ​ឃើញ​មាន​និស្ស័យ​ក៏​ជួយ​ពន្យល់​ណែនាំ​ពី​របៀប​សម្តែង ។ លើស​ពី​នេះ​បូក​រួម​ជាមួយ​ការ​ហាត់រៀន តាម​រៀមច្បង​ផង ។

កញ្ញា​សូ លី​ហ្សា មាន​ផែនការ​ពង្រឹង​ស្នាដៃ​សម្តែង​ឱ្យ​កាន់តែ​ល្អ​ជាង​នេះ ព្រោះ​ជីវិត​សិល្បៈ​របស់​នាង​នៅ​ក្មេងខ្ចី​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​រៀមច្បង​នោះ ។

ចំពោះ​រឿង​ស្នេហា​កញ្ញា​សូ លី​ហ្សា មិន​អាច​បើក​បេះដូង​ទទួល​អ្នក​ណា​ទេ ដោយសារ​តែ​នាង​នៅ​ក្មេង​ទើបតែ​រៀន​ដល់​ថ្នាក់​ទី​១២ ប៉ុណ្ណោះ​។ លី​ហ្សា​មិន​ចង់​យក​រឿង​ស្នេហា​មក​ឡូ​កឡំ​ជា​មួ​​យ​ការ​សិក្សា និង​អាជីព​ទេ ។ «​នាង​ខ្ញុំ​អាច​រើស​យក​គូគាប់​គ្រា​ដែល​មាន​អាយុ​ចាស់ទុំ​ជាង​នេះ​ទើប​ជា​រឿង​ល្អ ដើម្បី​សាង​អនាគត​បើ​ការ​វ័យក្មេង​ពេក​មិនល្អ ។ បោះ​ជំហាន​ក្នុង​សិល្បៈ​មួយ​ប្រាវ​នាង​ខ្ញុំ​យល់​ថា សិល្បៈ​ពិតជា​លំបាក​មិន​ចេះ​តែ​ធ្វើ​ឲ្យ​តែ​បាន​ឡើយ បើ​មិន​សម​គឺ​គេ​មិន​ទទួលយក​ឡើយ ។ ជា​ពិសេស​ត្រូវធ្វើ​ដំណើរ​វែង​ឆ្ងាយ​ទៅ​គ្រប់​ទិស​ទី ត្រូវ​ខ្យល់​ត្រូវ​ភ្លៀង ទាំង​មាន​ពេល​ខ្លះ​ឈឺ​ក្នុង​ខ្លួន​ក៏​ត្រូវ​ទៅ​បំពេញការងារ​តាម​ការ​សន្យា​កុំ​ឲ្យ​ខូច​ឈ្មោះ​ផង​ដែរ ។ យ៉ាងណា​នាង​ខ្ញុំ​ពិតជា​ពេញចិត្ត​ចំពោះ​អ្វី​ដែល​បាន​កសាង​បើ​ទោះជា​មាន​ភាព​ហត់នឿយ​ក៏​សប្បាយចិត្ត​នៅ​ពេល​ដែល​យើង​ខំ​ហើយ​បាន​សម្រេច​ផ្លែផ្កា​ជា​បន្តបន្ទាប់​ទោះជា​នៅ​មាន​កម្រិត​នៅឡើយ​ក៏​ដោយ​» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload