កម្មវិធី មុខរបរខ្ញុំ របស់ ភីអិនអិន ឈានដល់វគ្គជម្រុះ បេក្ខជនជាលើកទី២

ភ្នំពេញ៖ មុខរបរខ្ញុំ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយ ក្នុងម៉ោងមាសរបស់ ស្ថានីយទូរទស្សន៍ PNN បានឈានដល់ការជម្រុះបេក្ខភាព ប្រជែងរបស់ខ្លួនជាលើកទី២ ដោយនឹងចាប់ផ្តើមបោះឆ្នោត នៅក្នុងកម្មវិធីថ្ងៃយប់ ថ្ងៃសុក្រនេះ។

មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយ នៃម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN ជាកន្លែងប្រមូល ផ្តុំបេក្ខជន ១៣រូប ដើម្បីធ្វើការជាក្រុម បង្កើតចេញជាអាជីវកម្មពិតប្រាកដមួយ ពោលគឺភោជនីយដ្ឋានតែម្តង។ កម្មវិធីនេះ មានផ្សាយជូនទស្សនារៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។
កាលពីសប្តាហ៍មុន កម្មវិធីបានជម្រុះបេក្ខភាពប្រជែងរបស់ខ្លួន ម្នាក់រួចមកហើយ គឺកញ្ញា ជិន ស្រីពៅ ដែលត្រូវបោះឆ្នោតទម្លាក់ចេញពីកម្មវិធី ដោយសមាជិកក្រុមរបស់នាងផ្ទាល់។
កញ្ញា ស្រីពៅ វ័យ២២ឆ្នាំ មកពីរាជធានីភ្នំពេញ ត្រូវបានបោះឆ្នោតទម្លាក់ ដោយសារសមាជិកក្រុមទាំងអស់យល់ឃើញថា នាងនៅមិនទាន់មានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ក្នុងតួនាទី ដែលនាងទទួលខុសត្រូវ ក្នុងនាមជាជំនួយការចុងភៅ។ សម្រាប់ពេលនេះ កម្មវិធី នៅសល់បេក្ខជន ប្រកួតប្រជែងចំនួន ១២រូប ដែលកំពុងដំណើរការអាជីវកម្ម ភោជនីយដ្ឋានរបស់ពួកគេ។
វគ្គមួយចំនួន ដែលផ្សាយជូនទស្សនាក្នុងសប្តាហ៍នេះ បង្ហាញពីការទទួលបានបទពិសោធន៍ និងបណ្តុះបណ្តាល ជំនាញរបស់បេក្ខជនទាំង ១២រូប ពីសំណាក់អ្នកជំនាញពាណិជ្ជកម្ម។

ក្នុងនោះផងដែរ ពួកគេក៏ទទួលបាន ការហ្វឹកហ្វាត់ជំនាញចំអិនអាហារ ពីសំណាក់ចុងភៅក្នុងស្រុក ពោរពេញដោយបទពិសោធន៍មួយរូប ក៏ដូចជាការទទួលបានការបំពាក់បំប៉នជំនាញផ្នែកលក់ និងទីផ្សារ បង្ហាត់បង្ហាញដោយអ្នកគ្រប់គ្រងសណ្ឋាគារមូយរូបទៀតផង។
សប្តាហ៍នេះ បេក្ខជនដែលគេគិតថា នឹងត្រូវបោះឆ្នោតទម្លាក់ចេញពីកម្មវិធី គឺអាចជាបេក្ខជន រតនា ប៊ុនលាភ រឺ ពៅណា។
អ្នកផលិតកម្មវិធី លោក ជីមមី បានប្រាប់ឲ្យដឹងថា ហេតុផលដែលបេក្ខជនទាំងបីរូប អាចប្រឈមនឹងការដើរចេញពីកម្មវិធី គឺដោយសារ កង្វះនៃការចូលរួមចំណែកដល់ក្រុមរបស់ពួកគេ និងការព្យាយាមដើម្បី ទទួលបានទំនុកចិត្តពីអ្នក គ្រប់គ្រងក្រុម។
ផលិតកររូបនេះបន្តថា មិនដូចគ្នាទៅនឹងកម្មវិធី ជីវិតពិតដទៃទៀត មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិត ផ្តោតសំខាន់ទៅលើការបណ្តុះ បណ្តាលជំនាញសម្រាប់ អាជីវកម្មពិតប្រាកដដល់បេក្ខជនដែលចូមរួម។
ពេលនេះ បេក្ខជន១២រូប ដែលនៅសេសសល់ ត្រូវបន្តការងារជាក្រុមរបស់ពួកគេ ដើម្បីប្រជែងរង្វាន់ជាទឹកប្រាក់សរុបដល់ទៅ ២០លាន នៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី។
នៅសប្តាហ៍ក្រោយ បេក្ខជន និងប្រឈមមុខ ប្រកួតប្រជែងគ្នាជាមួយវិញ្ញាសារថ្មីមួយទៀត ដែលផ្តល់ជូនអ្នកទស្សនាបានឃើញ ទិដ្ឋភាពប្រកួតប្រជែងរបស់ពួកគេ នៅខាងក្រៅភោជនីយដ្ឋានរបស់ខ្លួនវិញម្តង។

កម្មវិធី មុខរបរខ្ញុំ ឬ My Place របស់ PNN ចាប់ផ្តើមចាក់ផ្សាយដំបូងនៅថ្ងៃច័ន្ទទី ១៤ ខែមីនា ដោយផ្សាយជូនទស្សនា ៥ថ្ងៃក្នុងមួយសប្តាហ៍ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨ យប់។
ក្រៅពីផ្តល់ឱកាសទទួលបានជំនាញ អាជីវកម្មសម្រាប់បេក្ខជន កម្មវិធី មុខរបរខ្ញុំ ក៏ផ្តល់ជូននូវការអប់រំ និងជំនាញពិត ប្រាកដមួយផងដែរ សម្រាប់ទស្សនិកជនរបស់ខ្លួន។ កម្មវិធីនេះ បង្កើតឡើងក្នុងទស្សនវិស័យចម្បង បង្ហាញពីភាពសាមញ្ញក្នុងការចាប់ផ្តើម អាជីវកម្មមួយរបស់ពលរដ្ឋកម្ពុជា វិធីសាស្ត្រសម្រាប់ដំណើរការអាជីវកម្មរបស់ពួកគេ ក៏ដូចជាផ្តល់ការកំសាន្តជាដើម។
ក្នុងសប្តាហ៍នេះ បេក្ខជន ក្នុងកម្មវិធីមុខរបរខ្ញុំ ទទួលបានការបណ្តុះបណ្តាល ពីវិធីសាស្ត្រចំអិនអាហារ ក៏ដូចជាការណែនាំ និងទិចនិចលក់ផលិតផល៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload