សាលារៀន​អន្តរទ្វីប​និមន្ត​ព្រះសង្ឃ​រាប់បាត្រ និង​សូត្រមន្ត​ដំឡើង​រាសី​ទទួល​សិរី​មង្គល​ឆ្នាំ​ថ្មី​

​តាម​ទំនៀមទម្លាប់​នៅមុន​រដូវ​កាល​ចូលឆ្នាំថ្មី​ចូលមក​ដល់ ប្រជាជន​ខ្មែរ​ជា​ពុទ្ធបរិស័ទ​នៅ​ទូទាំងប្រទេស​និយម​ជួបជុំ​ញោមញាតិ​រៀបចំ​ពិធីសូត្រមន្ត​ជម្រះ​នូវ​ឧបទ្រព​អពមង្គល​ក្នុង​ឆ្នាំ​ចាស់ រាប់បាត្រ​ឧទ្ទិស​មគ្គផល និង​បួងសួង​ព្រះ​រតនត្រ័យ​លើករាសី​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​។ ស្របពេល​ជាមួយគ្នានេះដែរ កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ នៅ​វិទ្យាស្ថាន និង​សាលារៀន អន្ដរទ្វីប អាមេរិកាំង បាន​និមន្ត​ព្រះសង្ឃ​ចំនួន​០៩​អង្គ​រៀបចំ​ប្រារព្ធ​នូវ​ពិធីរាប់បាត្រ និង​សូត្រមន្ត​ដំឡើង​រាសី សិរី​មង្គល​ជូន​ដល់​វិទ្យាស្ថាន និង​សាលារៀន លោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំង​សិស្សានុសិស្ស​ទាំងអស់​ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ​២៥៦០ ដែល​នឹង​ឈាន​មកដល់​នាពេល​ខាងមុខនេះ​។​

​តាម​ប្រសាសន៍ លោកស្រី សាត សារឿន គណៈកម្មការ​រៀបចំ​ក​ម្ម​វិធី​បានឱ្យដឹងថា នេះ​ជា​លើក​ទី​៩​ហើយ​ដែល​វិទ្យាស្ថាន និង​សាលារៀន​បាន​ផ្តួចផ្តើម​រៀបចំ​ប្រារព្ធ​ពិធីសូត្រមន្ត​ដំឡើង​រាសី​សិរី​មង្គល និង​រាប់បាត្រ​នេះ​ឡើង​នៅ​សាលា​រៀងរាល់ឆ្នាំ​នៅមុន​ថ្ងៃ​ចូលឆ្នាំថ្មី​មកដល់  គឺ​ក្នុង​គោលបំណង​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​តាមបែប​ព្រះពុទ្ធសាសនា ដើម្បី​ប្រោះព្រំ​បួងសួង​ដំឡើង​រាសី​សុំ​ពរជ័យ​សិរី​មង្គល​វិបុល​សុខ​គ្រប់ប្រការ​កើតមាន​ដល់​ស្ថាប័ន លោកគ្រូ អ្នកគ្រូ បុគ្គលិក និង​សិស្សានុសិស្ស​នាឱកាស​ឆ្នាំ​ថ្មី ជម្នះ​លើ​គ្រប់​ឧបសគ្គ និង​ជៀស​ចាក​ឆ្ងាយ​ពី​ឧបទ្រព​ទាំងពួង​កុំបី​ជួប​ឡើយ​។ លោកស្រី​បានឱ្យដឹង​ទៀតថា នាឱកាស​ដ៏​ប្រពៃ​នេះ គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក និង​សិស្សានុសិស្ស​ជាច្រើន​រយ​នាក់​មានចិត្ត​ជ្រះថ្លា​បាន​អញ្ជើញ​ប្រគេន​នូវ​ទេយ្យវត្ថុ ចង្ហាន់ និង​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​០៩​អង្គ និង​នាំគ្នា​រាប់បាត្រ​ចម្រើន​មង្គល​មហាប្រសើរ ឧទ្ទិស​កុសលផល​បុណ្យ​វេរ​ជូន​ដល់​បុព្វការី​ជន​ដែល​បានធ្វើ​មរណកាល​ទៅ​បរលោក​ជា​កិច្ចបញ្ចប់​កម្មវិធី​៕
សាលារៀន​អន្តរទ្វីប​និមន្ត​ព្រះសង្ឃ​រាប់បាត្រ និង​សូត្រមន្ត​ដំឡើង​រាសី​ទទួល​សិរី​មង្គល​ឆ្នាំ​ថ្មី​

(​អត្ថបទ​សាលា​)