ក្រសួងបរិស្ថាន​បញ្ជាក់​ថា​ទឹកសមុទ្រ​ប្រែ​ពណ៌​ដោយសារ​ប្លង់តុង​មួយ​ប្រភេទ​

​ក្រសួងបរិស្ថាន​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​។ ក្នុង​លិខិត​ចុះ​ថ្ងៃទី​៨ មេសា​នេះ ក្រសួងបរិស្ថាន​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​ទឹកស​មុ​ត្រ​នៅ​ភូមិសាស្ត្រ​ខេត្ត​កែប ប្រែ​ពណ៌​ខុសពី​ធម្មតា គឺ​បណ្តាលមកពី​វត្តមាន​ប្លង់តុង​មួយ​ប្រភេទ​។​

​ក្រោយពី​ចុះ​អង្កេត​យ៉ាង​យកចិត្តទុកដាក់ និង​ល្អិតល្អន់ ក្រុម​អ្នកជំនាញ​របស់​ក្រសួងបរិស្ថាន បាន​រកឃើញថា មាន​ប្លង់តុង​មួយ​ប្រភេទ ដែល​បានក​កើតមានឡើង ពាសពេញ​ទឹកសមុទ្រ​នៅ​តំបន់​ដែលមាន​ទឹក​រាក់ ជាពិសេស​នៅ​ជិត​ព្រំប្រទល់​ដែនទឹក​រវាង​កម្ពុជា​-​វៀតណាម​។ ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ប្លង់តុង​ទាំងនោះ បាន​វិ​វត្ត​ខ្លួន​ទៅជា​បណ្តុំ​សារាយ​ណ៍ ដែលមាន​ពណ៌​បៃតងខ្ចី អណ្តែត​លើ​ផ្ទៃ​ទឹកសមុទ្រ​ខុស​ប្រក្រតី ដោយសារ​ការកើនឡើង​នៃ​សីតុណ្ហភាព​ក្នុង​ទឹកសមុទ្រ ពន្លឺ និង​ការប្រែប្រួល​នៃ​សារធាតុចិញ្ចឹម​ក្នុង​សមុទ្រ​។​

​ក្រសួងបរិស្ថាន​បញ្ជាក់​ថា លទ្ធផល​ខាងលើ​គឺ​បាន​ពី​ការយក​សំណាក​ទឹក​នៅតាម​ទីតាំង​ផ្សេងគ្នា​ចំនួន​៧​កន្លែង ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប និង​តំបន់​ជុំវិញ​។ ក្រសួង​ស្នើ​ឲ្យ​សាធារណជន​គួរ​កុំ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ  ហើយ​ប្រជា​នេសាទ​ក៏​អាច​នេសាទ​ធម្មតា​ដែរ ប្រសិន​មាន​លេចចេញ​ជាថ្មី​នូវ​វត្តមាន​បណ្តុំ​សារាយ ដែល​បានបញ្ជាក់​ពី​ខាងដើម​នោះ​។ យ៉ាងណា ក្រសួងបរិស្ថាន​អះអាងថា ខ្លួន​នៅតែ​បន្ត​តាមដាន​បញ្ហា​នេះ និង​បន្ត​ជូនដំណឹង​ដល់​សារ​ណ​ជន​ឲ្យ​បានដឹង​ព័ត៌មាន​ជា​បន្តបន្ទាប់​៕