ទាញយក​ប្រយោជន៍​ដ៏​មហាសាល​ពី​ទឹក​ផ្កា​កុលាប​ចំពោះ​សម្រស់​នា​រដូវក្តៅ​

គ្រាន់តែ​បានឮ​ពាក្យ​ថា “ផ្កា​កុលាប” លោកអ្នក​ប្រាកដជា​នឹកដល់​សម្រស់​នៃ​ពណ៌​ដ៏​ស្រស់ស្អាត និង​ក្លិន​ដ៏​ក្រអូប​របស់​វា ក៏​មិនខុស​អី​ពី​ពេលដែល​អ្នក​បាន​អាន​ចំណងជើង​អត្ថបទ​នេះ​ហើយក៏​នឹកចង់ដឹង​ភ្លាម​ថា តើ​វា​អាច​ផ្តល់នូវ​គុណប្រយោជន៍​យ៉ាងដូចម្តេចខ្លះចំពោះ​សម្រស់​របស់​អ្នក? ហើយ​តើ​អ្នក​អាច​ផលិត​ទឹក​ផ្កា​កុលាប​ដោយខ្លួនឯង​តាម​វិធី​ណា? ទឹក​ផ្កា​កុលាប​ជា​សារធាតុ​ផ្សំ​ពី​ធម្មជាតិ​ដែលផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សម្រស់​របស់​អ្នក មិន​ថា​ស្បែកសក់ ភ្នែក ឬ​ធ្មេញ​នោះទេ។ ដូច្នេះ​ដើម្បី​ទាញយក​ប្រយោជន៍​ដ៏​មហាសាល​ពី​ទឹក​ផ្កា​កុលាប​នាឱកាស​ឆ្នាំ​ថ្មី​ខាងមុខនេះ សូម​អនុវត្តតាម
វិធី​ខាងក្រោម​ដូចតទៅ។

ធ្វើ​ដូចម្តេច​ដើម្បី​ទទួលបាន​ទឹក​ផ្កា​កុលាប?
– ប្រមូលយក​ស្រទាប់ផ្កា​កុលាប​នាពេល​ព្រឹក​ព្រលឹម​បន្ទាប់ពីព្រះអាទិត្យ​រះ។
– លាង​ស្រទាប់ផ្កា​កុលាប​ជាមួយនឹង​ទឹកស្អាត។
– ដាំទឹក​ឱ្យ​ពុះ(ត្រូវ​លៃ​មើល​កុំឱ្យ​ទឹក​ច្រើនពេក)។
– ចាក់​ស្រទាប់ផ្កា​ដែល​បេះ​រួច​នោះ​ចូលទៅក្នុង​ទឹក​ដែលកំពុងពុះ។
– គ្រប​គម្របឆ្នាំង​ឱ្យ​ជិត រួច​ដាំ​វា​ដោយ​ប្រើ​ភ្លើងតិច។
– ទុក​ទឹក​នោះ​ឱ្យ​ពុះ​ចោល​រហូតដល់​វា​ប្រែ​ពណ៌​ដូច​ពណ៌​របស់ស្រទាប់ផ្កា​កុលាប។
– ដាក់​ទឹក​ដែល​ដាំ​រួច​នោះ​ចុះ រួច​យក​វា​មក​ត្រង​យកតែ​ទឹក។
– ទុក​ទឹក​នោះ​ឱ្យ​ត្រជាក់ រួច​សឹម​រក្សាទុក​នៅក្នុង​ដបឬ​កែវ​ជាការ​ស្រេច។

បន្ទាប់ពី​បាន​ផលិត​ទឹក​ផ្កា​កុលាប​រួចហើយ សូម​ត្រឡប់មក​មើលពី​វិធី​នៃ​ការទាញយក​ប្រយោជន៍​ពី​ទឹក​ផ្កា​កុលាប​វិញ​ម្តង ដែល​ផលប្រយោជន៍​ចំពោះ​សម្រស់​ទាំងនោះ​មានដូចជា ៖

   ចំពោះ​ស្បែក ៖ទឹក​ផ្កា​កុលាប​អាចជួយ​សម្អាត និង​ការពារ​ស្បែកពី​បាក់តេរីផ្សេង។ ទឹក​ផ្កា​កុលាប​ក៏​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា ដោយ​ការកម្ចាត់​ធូលី​ដី គ្រឿងសម្អាង និង​ជាតិ​ប្រេង​ចេញពី​ស្បែក​ផងដែរ។ ក្រៅពីនេះ​វា​នៅ​អាចជួយ​ព្យាបាល​ស្បែក​ពី​ការ​រលា​ករោល​ដោយ​កម្តៅថ្ងៃ​ផងដែរ។

 ចំពោះ​សក់ ៖ ទឹក​ផ្កា​កុលាប​អាចជួយ​ជំរុញ​ចលនា​ឈាម ដើម្បីឱ្យសក់​ដុះ​លូតលាស់​បានល្អ។ វា​អាច​យកមកប្រើ​ជា​ប្រេង​បន្ទន់​សក់ និងធ្វើឱ្យ​សក់​មានជីវិត​ឡើងវិញ។ ទឹក​ផ្កា​អាចជួយ​គ្រប់គ្រង​អង្គែ និង​បញ្ហារលាក​ស្បែកក្បាល ធ្វើឱ្យ​សក់​មាន​សុខភាព​ល្អ និង​រឹងមាំ​ល្អ។

 ចំពោះ​ភ្នែក ៖ ទឹក​ផ្កា​កុលាប យកមក​បន្តក់​ក្នុង​ភ្នែក នឹង​ជួយ​ឱ្យភ្នែក​ដែល​ពេញ​ដោយ​ភាព​ហត់នឿយ​ដែល​កើតឡើង​ពី​ការចំណាយពេល​ច្រើន​នៅមុខ​កញ្ចក់​កុំព្យូទ័រ​ពេញ​មួយថ្ងៃ​បាន​យ៉ាង​ប្រសើរ។

 ចំពោះ​ធ្មេញ ៖ បញ្ហា​មួយចំនួន​ដែល​កើតមាន​ចំពោះ​ធ្មេញ​អាចជួយ​សម្រួល​ដោយមាន​ជំនួយ​ពី​ទឹក​ផ្កា​កុលាប។ វា​អាចជួយ​ឱ្យ​អាការឈឺ​អញ្ចាញ​ធ្មេញ​​ធូរ​ស្រាល​ជាង​មុន ហើយ​វា​ក៏​ជួយ​ឱ្យ​ធ្មេញ​រឹងមាំ​ផងដែរ។ ប្រសិនបើ​លោកអ្នក​កំពុង​តែមាន​បញ្ហា​ខ្យល់​ដង្ហើម​វិញ​នោះទឹក​ផ្កា​កុលាប​ក៏​អាចជួយ​អ្នក​បានដែរ។ គ្រាន់តែ​ខ្ពុរមាត់​ជាមួយ​ទឹកផ្កា​កុលាប​ជំនួស​ទឹក​ធម្មតា គឺជា​ការ​ស្រេច​បាត់ទៅហើយ។

 បំបាត់​ភាព​ធុញថប់ ៖ ក្លិនក្រអូប​នៃ​ផ្កា​កុលាប​គឺជា​ឱសថ​ដ៏​ពិសេសមួយ​ប្រភេទ​ក្នុងការ​បំបាត់​ភាព​ធុញថប់។ ទឹក និង​ប្រេង​ផ្កា​កុលាប ត្រូវបាន​យកមកប្រើ​ក្នុងការ​ស្ប៉ា និង​ម៉ាស្សា​ខ្លួន ដើម្បី​ជួយ​បំបាត់​ភាពធុញថប់​ផងដែរ៕

ប្រភព៖ lareine

  • ទាញយក​ប្រយោជន៍​ដ៏​មហាសាល​ពី​ទឹក​ផ្កា​កុលាប​ចំពោះ​សម្រស់​នា​រដូវក្តៅ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: