ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​​ប្រតិកម្ម​នឹង​ការ​​ធ្វើ​ឲ្យ​បាត់​ផ្លូវ​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ប្រតិកម្ម​ចំពោះ​ក្រុម​ការងារ​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​នេះ ដែល​ធ្វើ​ឲ្យ​បាត់បង់​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ទៅ​ឲ្យ​ក្រុមហ៊ុន​សណ្ឋាគារ​សុខា (Sokha Hotel) គ្រប់គ្រង​ផ្ដាច់មុខ។

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​រក្សា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រប​មាត់​សមុទ្រ​ឲ្យ​បាន​គង់វង្ស ហើយ​បើក​ផ្លូវ​នេះ​ជូន​ប្រជាពលរដ្ឋ អាច​ប្រើប្រាស់​ឡើង​វិញ​ឲ្យ​បាន​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ។

ទេសចរ ពិសេស​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​រស់​នៅ​ខេត្ត​ព្រះសីហនុ បាន​ចោទ​អាជ្ញាធរ​ខេត្ត​នេះ មន្ត្រី​ជំនាញ​ក្រុម​ការងារ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា និង​មន្ត្រី​មន្ទីរ​សុរិយោដី ថា​ធ្វើ​ឲ្យ​បាត់បង់​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ​សម្ដេច ព្រះ នរោត្តម សីហនុ។

តំណាង​អាជីវករ​ឆ្នេរ​អូរឈើទាល ឬ​ឆ្នេរ​អតីត​មុខ​ក្រុមហ៊ុន​អារីស្តុន លោកស្រី ភឿក សុខេន បាន​លើក​ដៃ​សំពះ​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ថែរក្សា​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​សម្ដេច​តា​ឲ្យ​បាន​គង់វង្ស ព្រោះ​ពេល​នេះ ត្រូវ​តំណាង​ក្រុមហ៊ុន​សុខា អះអាង​ថា មាន​ប្លង់​កម្មសិទ្ធិ ឬ​មាន​សិទ្ធិ​វិនិយោគ​លើ​ផ្លូវ​កៅស៊ូ​មួយ​នេះ​ផ្ដាច់​មុខ៖ «នាង​ខ្ញុំ​សូម​លើក​ដៃ​ទទូច​ដល់​សម្ដេច ហ៊ុន សែន ត្រូវ​ចាត់​មន្ត្រី​គណៈកម្មការ​ពិសេស​ចុះ​ពិនិត្យ និង​ទប់ស្កាត់​ការ​សាងសង់​ផ្លូវ​ថ្មី ហើយ​រក្សា​ផ្លូវ​ចាស់​ជា​ស្នា​ព្រះហស្ត​សម្ដេច​តា​ឲ្យ​បាន​គង់វង្ស។ ប្រជាពលរដ្ឋ​បាន​គាំទ្រ​សម្ដេច និង​បោះ​ឆ្នោត​ឲ្យ​ដឹកនាំ​ប្រទេស​ភ្លូក​ទឹក​ភ្លូក​ដី ដូច្នេះ​សូម​សម្ដេច​ថែរក្សា​ជាតិ សាសនា ព្រះមហាក្សត្រ ឲ្យ​បាន​គង់វង្ស»

ស្ត្រី​វ័យ​ចាស់​ម្នាក់​ទៀត​ឈ្មោះ ស៊ុន កាណា ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ច្រើន​ទៀត រស់​នៅ​ខេត្ត​ព្រះសីហនុ ក៏​រិះគន់​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​សមិទ្ធផល​ជា​ស្នា​ព្រះហស្ត​ផ្សេងៗ​របស់​អតីត​ព្រះមហាក្សត្រ ថា​ធ្វើ​ឡើង​ដោយ​ខុសច្បាប់៖ «សូម​ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ និង​ត្រូវ​ដក​ហូត​ផ្លូវ​ក្រាល​កៅស៊ូ​បន្សល់​ទុក​តាំង​ពី​ជំនាន់​សង្គម​រាស្ត្រ​និយម នៅ​ប្រប​ឆ្នេរ​សមុទ្រ​ចុង​ឆ្នេរ​អូរឈើទាល មក​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​វិញ និង​ថែរក្សា​ឲ្យ​បាន​គង់វង្ស»

ទាក់ទិន​បញ្ហា​នេះ អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង មាន​ប្រសាសន៍​ថា កន្លង​មក​លោក​ធ្លាប់​តស៊ូ​មតិ​ទៅ​មន្ត្រី​ពាក់ព័ន្ធ មាន​គណៈកម្មការ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ និង​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ជាដើម ឲ្យ​រក្សា​ផ្លូវ​កៅស៊ូ ដែល​ជា​ស្នា​ព្រះហស្ត​អតីត​ព្រះមហាក្សត្រ​នៅ​ប្រប​មាត់​សមុទ្រ​ចុង​ឆ្នេរ​អូរឈើទាល ឲ្យ​នៅ​ដូច​ដើម​វិញ។ ជាង​នេះ ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​សុខា ត្រូវ​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​នេះ ឲ្យ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ដូច​ពេល​មុន​វិញ ប៉ុន្តែ​ការ​តស៊ូ​មតិ​របស់​លោក​មិន​បាន​សម្រេច​ទេ ព្រោះ​ហួស​ពី​សមត្ថកិច្ច​របស់​លោក។

ស្រដៀង​គ្នា​ដែរ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា មុន​ពេល​រូប​លោក​មក​ដឹកនាំ​ខេត្ត​នេះ គឺ​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ប្រប​ឆ្នេរសមុទ្រ​ចុង​ឆ្នេរ​អូរឈើទាល ឬ​អតីត​ឆ្នេរ​មុខ​ក្រុមហ៊ុន​អារីស្តុន​នេះ ត្រូវ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​នេះ​អាណត្តិ​មុនៗ ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ក្រុមហ៊ុន​សុខា​បាត់​ទៅ​ហើយ ហើយ​លោក​គ្មាន​សិទ្ធិ​តវ៉ា​ទេ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទី​តាំង​ផ្លូវ​ក្រាល​កៅស៊ូ ជា​ស្នា​ព្រះហស្ត​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ពលរដ្ឋ​ប្រតិកម្ម​តវ៉ា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា។

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ដល់​ប្រមុខ​ដឹកនាំ​ឲ្យ​ពិចារណា​ថែរក្សា​ផ្លូវ​កៅស៊ូ​ជា​ស្នា​ព្រះហស្ត​អតីត​ព្រះមហាក្សត្រ​ឲ្យ​បាន​គង់វង្ស ជា​ជាង​ឲ្យ​បុគ្គល​មួយ​ចំនួន​ឃុបឃិត​បំផ្លាញ​ឲ្យ​រលាយ​សាបសូន្យ​ដើម្បី​បម្រើ​ប្រយោជន៍​បុគ្គល​ឯកជន​មួយ​ចំនួន៖ «ក្រុមហ៊ុន​សុខា​អូតែល គឺ​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​យក​ទាំង​ផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ ឬ​ផ្លូវ​ចាស់ ដែល​សាងសង់​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម គឺ​យក​ចូល​ក្នុង​ប្លង់​កម្មសិទ្ធិ​ក្រុមហ៊ុន​ទាំង​អស់ ហើយ​នៅ​សល់​តែ​ដី​ចំណី​ឆ្នេរសមុទ្រ តិចតួច​នៅ​ពី​មុខ​ដី​ក្រុមហ៊ុន​សុខា ហើយ​បើសិនជា​រដ្ឋ​អាច​រៀបចំ​ដកហូត ឬ​ក៏​ជួសជុល​ផ្លូវ​ចាស់​នេះ​ឡើង​វិញ។ ខ្ញុំ​គិត​ថា ជា​ប្រយោជន៍​មួយ​ដ៏​ធំ និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បាន​ចំណេញ»

ផ្លូវ​ក្រាល​កៅស៊ូ​នេះ​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាប់​មុខ​វិមាន​លំហែ​កាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ក្រុមហ៊ុន​បិទ​របង​ថ្ម និង​បុក​សរសេរ​គ្រឹះ​រាប់​រយ​ដើម។ ចំណែក​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក៏​កំពុង​ប្រើ​គ្រឿងចក្រ​ស្ថាបនា​ផ្លូវ​ថ្មី​ផ្សេង​មួយ​ខ្សែ​ទៀត​នៅ​ប្រប​ផ្លូវ​កៅស៊ូ ជា​ស្នា​ព្រះហស្ត​អតីត​ព្រះមហាក្សត្រ​នោះ ដោយ​កាប់​ដើម​ឈើ​ធំៗ ដែល​មាន​ស្រាប់​ផ្ដួល​រំលំ​ចោល។

តំណាង​ក្រុមហ៊ុន​សុខា ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ចុង​ឆ្នេរ​អូរឈើទាល ឬ​អតីត​ឆ្នេរ​មុខ​ក្រុមហ៊ុន​អារីស្តុន គឺ​មាន​ប្លង់​កម្មសិទ្ធិ ឬ​មាន​សិទ្ធិ​វិនិយោគ​ស្របច្បាប់​ចេញ​ដោយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ខេត្ត​ព្រះសីហនុ ហើយ​ក្រុមហ៊ុន​ក៏​បាន​បុក​គ្រឹះ​សំណង់​នៅ​លើ​ទីតាំង​នេះ​រួច​ហើយ​ដែរ។

បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ពួកគេ​មាន​គម្រោង​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា និង​ដាក់​សំណូមពរ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ទប់ស្កាត់​ការ​រំលោភ​ផ្លូវ​ក្រាល​កៅស៊ូ ជា​ស្នា​ព្រះហស្ត​អតីត​ព្រះមហាក្សត្រ​នេះ​នៅ​សប្ដាហ៍​ខាង​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។