ពលរដ្ឋ​រិះគន់​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ថា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ប្រកាន់​បក្សពួក

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រិះគន់​ប៉ូលិស​ក្រុង​នេះ​ថា​ ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ ​ដែល​មិន​អាច​អោយ​ពួកគាត់​​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន។ ប៉ុន្តែ​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​ បញ្ជាក់​ថា មូលហេតុ​ដែល​ពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​មិន​​បាន​ដោយសារ​ពួកគាត់​គ្មាន​ឯកសារ​គ្រប់គ្រាន់​បង្ហាញ​សមត្ថកិច្ច។

ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត រៀបរាប់​ឲ្យ​ដឹង​ថា កន្លង​មក​ពួកគាត់​បាន​ព្យាយាម​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​​​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជា​ច្រើន​លើក​ច្រើន​សា​ដែរ​ តែ​ពុំ​ទទួល​បាន​លទ្ធផល​ចំណែក​ឯ​ពលរដ្ឋ​ដែល​បក្សពួក​របស់​ប៉ូលិស​ធ្វើ​បាន​ដោយ​ឆាប់រហ័ស។

​​​​ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​សង្កាត់​ប៉ោយប៉ែត​ អះអាង​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ថា ប៉ូលិស​​នៅ​ក្រុង​ប៉ោយប៉ែត ប្រកាន់​បក្សពួក​និយម​ ដោយ​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​ជូន​ពួកគាត់​ដើម្បី​យក​ទៅ​ប្រើប្រាស់​នោះ​ទេ​ បើ​ទោះ​ជា​ពួកគាត់​មាន​ឯកសារ​យក​ទៅ​បង្ហាញ​សមត្ថកិច្ច​ថា ខ្លួន​ពិត​ជា​រស់​នៅ​ក្នុង​ប៉ោយប៉ែត ក៏ដោយ។ អ្នក​ស្រុក​កំពុង​ព្រួយបារម្ភ​ក្រែង​មិន​អាច​ទៅ​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹក​នាំ​​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ​បាន​ ដោយ​សារ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ៖ «បាទ! មិន​ថា​គេ​ឬ​ខ្លួន​ខ្ញុំ​នោះ​ទេ​ គឺ​នាំ​គ្នា​ទៅ​ចាំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​តាំង​ពី​ព្រឹក តែ​ប៉ូលិស​មិន​ធ្វើ​ឲ្យ​ឡើយ។ ប៉ូលិស​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​អ៊ីចឹង ខ្ញុំ​បាន​អត្តសញ្ញាណប័ណ្ណ​អី​ប្រើប្រាស់​ទៅ»

​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​ លោក អ៊ុំ សុផល មាន​ប្រសាសន៍​ថា ប៉ូលិស​ក្រុង​ប៉ោយប៉ែត ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​គ្រប់​គណបក្ស​នយោបាយ​ មិន​ថា អ្នក​មាន ឬ​អ្នក​ក្រ​ឡើយ។ លោក​ទទួល​ស្គាល់​​ថា​ កន្លង​មក​ពិត​ជា​មាន​ប្រជាពលរដ្ឋ​​ ដែល​សមត្ថកិច្ច​មិន​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពួកគាត់​ខ្លះ​មែន ប៉ុន្តែ​លោក​អះអាង​ថា មូលហេតុ​ដែល​ធ្វើ​ជូន​ ដោយសារ​ពួកគាត់​មាន​ឯកសារ​មិន​គ្រប់គ្រាន់៖ «បាទ! បញ្ហា​ដែល​រាំង​ស្ទះ​មាន​តែ​មួយ​គត់​ទេ​ គឺ​ប្រជាពលរដ្ឋ​គ្មាន​លិខិត​បញ្ជាក់​សំបុត្រ​កំណើត ហើយ​លិខិត​នេះ​ មិន​មែន​ប៉ូលិស​ជា​អ្នក​ចេញ​ឲ្យ​ពួកគាត់​​ទេ​ គឺ​ខាង​សង្កាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត ច្រើន​ជួប​លំបាក​ទាំង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ និង​ធ្វើ​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន។

លោក​ថា សមត្ថកិច្ច​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​សិទ្ធិ​​ចូលរួម​បោះឆ្នោត​​ជ្រើសរើស​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ៖ «អ៊ីចឹង! ភ្នាក់ងារ​របស់​រដ្ឋ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ស្មើ​ភាព គ្រប់​គណបក្ស​នយោបាយ»

នៅ​ក្រុង​ប៉ោយប៉ែត មាន​ចំនួន ៣​សង្កាត់​ និង​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ ១០​ម៉ឺន​នាក់។ ក្នុង​នោះ​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ធ្វើ​អត្តសញ្ញាណប័ណ្ណ គឺ​​ចាប់​ពី ១៥​ឆ្នាំ​ឡើង​ទៅ​ មាន​ជាង ៥៤,០០០​នាក់។ អធិការ​ក្រុង​ប៉ោយប៉ែត​ ឲ្យ​ដឹង​​ថា​ ពលរដ្ឋ​ដែល​គ្រប់​អាយុ​ហើយ​ តែ​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ប្រមាណ ២០​ភាគរយ​ ឬ​ប្រហែល ១០.០០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។