កម្មវិធី មុខរបរ​ខ្ញុំ របស់ PNN ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​២

មុខរបរ​ខ្ញុំ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត​កំពុង​ចាក់ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​ឈាន​ដល់​ការ​ជម្រុះ​បេក្ខភាព​ប្រជែង​របស់​ខ្លួន​ជា​លើក​ទី​២ ដោយ​នឹង​ចាប់ផ្តើម​បោះឆ្នោត​នៅក្នុង​កម្មវិធី​ថ្ងៃ​យប់​ថ្ងៃ​សុក្រ​នេះ​។​

 

មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ ប្រមូលផ្តុំ​បេក្ខជន ១៣​រូប ដើម្បី​ធ្វើការ​ជា​ក្រុម បង្កើត​ចេញ​ជា​អាជីវកម្ម​ពិតប្រាកដ​មួយ ពោល​គឺ​ភោជនីយដ្ឋាន​តែម្តង​។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។​

 

កម្មវិធី មុខរបរ​ខ្ញុំ របស់ PNN ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​២

 

កាល​ពី​សប្តាហ៍​មុន កម្មវិធី​បាន​ជម្រុះ​បេក្ខភាព​ប្រជែង​របស់​ខ្លួន​ម្នាក់​រួច​មក​ហើយ គឺ​កញ្ញា ជិន ស្រី​ពៅ ដែល​ត្រូវ​បោះ​ឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី ដោយ​សមាជិក​ក្រុម​របស់​នាង​ផ្ទាល់​។​

ស្រី​ពៅ វ័យ​២២​ឆ្នាំ មក​ពី​រាជធានី​ភ្នំពេញ ត្រូវ​បាន​បោះឆ្នោត​ទម្លាក់ ដោយសារ​សមាជិក​ក្រុម​ទាំងអស់​យល់​ឃើញ​ថា នាង​នៅ​មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​តួនាទី​ដែល​នាង​ទទួល​ខុស​ត្រូវ​ ក្នុង​នាម​ជា​ជំនួយការ​ចុងភៅ​។ សម្រាប់​ពេល​នេះ កម្មវិធី​នៅ​សល់​បេក្ខជន​ប្រកួត​ប្រជែង​ ១២​រូប ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ភោជនីយដ្ឋាន​របស់​ពួកគេ​។​

 

វគ្គ​មួយ​ចំនួន ដែល​ផ្សាយ​ជូន​ទស្សនា​ក្នុង​សប្តាហ៍​នេះ បង្ហាញ​ពី​ការ​ទទួល​បាន​បទពិសោធន៍ និង​បណ្តុះបណ្តាល​ជំនាញ​របស់​បេក្ខជន​ទាំង ១២​រូប ពី​សំណាក់​អ្នកជំនាញ​ពាណិជ្ជកម្ម​។ ពួកគេ​ក៏​ទទួល​បាន​ការ​ហ្វឹកហ្វាត់​ជំនាញ​ចម្អិន​អាហារ​ពី​ចុងភៅ​ក្នុង​ស្រុក​ពេញ​ដោយ​បទពិសោធន៍​មួយ​រូប ក៏​ដូចជា​ការ​ទទួល​បាន​ការ​បំពាក់បំប៉ន​ជំនាញ​ផ្នែក​លក់ និង​ទីផ្សារ បង្ហាត់​បង្ហាញ​ដោយ​អ្នកគ្រប់គ្រង​សណ្ឋាគារ​មួយ​រូប​ទៀត​ផង​។​

 

សប្តាហ៍​នេះ បេក្ខជន​ដែល​គេ​គិត​ថា នឹង​ត្រូវ​បោះឆ្នោត​ទម្លាក់​ចេញ​ពី​កម្មវិធី គឺ​អាច​ជា​បេក្ខជន រតនា ប៊ុនលាភ ឬ ពៅ​ណា​។​ ​អ្នក​ផលិត​កម្មវិធី លោក ជី​មមី បាន​ប្រាប់​ឲ្យ​ដឹង​ថា ហេតុផល​ដែល​បេក្ខជន​ទាំង​៣​រូប អាច​ប្រឈម​នឹង​ការ​ដើរចេញ​ពី​កម្មវិធី គឺ​ដោយសារ​កង្វះ​នៃ​ការ​ចូលរួម​ចំណែក​ដល់​ក្រុម​របស់​ពួកគេ និង​ការព្យាយាម​ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ពី​អ្នក​គ្រប់គ្រង​ក្រុម​។​

 

ផលិតករ​រូបនេះ​បន្ត​ថា មិន​ដូចគ្នា​ទៅ​នឹង​កម្មវិធី​ជីវិត​ពិត​ដទៃទៀត មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត ផ្តោត​សំខាន់​ទៅលើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​សម្រាប់​អាជីវកម្ម​ពិតប្រាកដ​ដល់​បេក្ខជន​ដែល​ចូលរួម​។​
​ពេលនេះ បេក្ខជន​១២​រូប​ដែល​នៅ​សេស​សល់ ត្រូវ​បន្ត​ការងារ​ជា​ក្រុម​របស់​ពួកគេ ដើម្បី​ប្រជែង​រង្វាន់​ជា​ទឹក​ប្រាក់​សរុប​ដល់​ទៅ ២០​លាន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​។​

 

សប្តាហ៍​ក្រោយ បេក្ខជន​នឹង​ប្រឈមមុខ​ប្រកួតប្រជែង​គ្នា​ជាមួយ​វិញ្ញាសា​ថ្មី​មួយ​ទៀត ដែល​ផ្តល់​ជូន​អ្នក​ទស្សនា​បាន​ឃើញ​ទិដ្ឋភាព​ប្រកួត​ប្រជែង​របស់​ពួកគេ នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​របស់​ខ្លួន​វិញ​ម្តង​។​

 

កម្មវិធី មុខរបរ​ខ្ញុំ ចាប់​ផ្ដើម​ចាក់​ផ្សាយ​ដំបូង​នៅ​ថ្ងៃ​ចន្ទ​ទី​១៤ ខែ​មីនា ដោយ​ផ្សាយ​ជូន​ទស្សនា ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ រៀងរាល់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨ យប់​។​

 

ក្រៅពី​ផ្តល់​ឱកាស​ទទួល​បាន​ជំនាញ​អាជីវកម្ម​សម្រាប់​បេក្ខជន មុខរបរ​ខ្ញុំ ក៏​ផ្តល់​នូវ​ការអប់រំ និង​ជំនាញ​ពិត​ប្រាកដ​មួយ​ផង​ដែរ សម្រាប់​ទស្សនិកជន​របស់​ខ្លួន​។ កម្មវិធី​នេះ បង្កើត​ឡើង​ក្នុង​ទស្សន​វិស័យ​ចម្បង បង្ហាញ​ពី​ភាព​សាមញ្ញ​ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម​មួយ​របស់​ពលរដ្ឋ​កម្ពុជា វិធីសាស្ត្រ​សម្រាប់​ដំណើរការ​អាជីវកម្មរ​បស់​ពួកគេ ក៏​ដូចជា​ផ្តល់​ការ​កម្សាន្ត​ជាដើម​។​

 

សប្តាហ៍​នេះ បេក្ខជន ក្នុង​កម្មវិធី​មុខរបរ​ខ្ញុំ ទទួលបាន​ការបណ្តុះបណ្តាល​ពី​វិធីសាស្ត្រ​ចម្អិន​អាហារ ព្រមទាំង​ការ​ណែនាំ និង​តិចនិក​លក់​ផលិតផល៕

 

អត្ថបទ៖ ពាណិជ្ជកម្ម