កូនសិស្សសាលាក្បាច់គុន ជិត៣ម៉ឺននាក់ ប្រមូលផ្តុំគ្នា បង្កើតជារូបផ្សេងៗ យ៉ាងអស្ចារ្យ

ចិន៖ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០១៦ នេះ សាលាបណ្តុះបណ្តាលក្បាច់គុនមួយកន្លែង ក្នុងប្រទេសចិន បានធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយសិស្ស នៃសាលាក្បាច់គុននោះ ចំនួនជិត៣ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នា បង្កើតជារូបផ្សេងៗ ដែលមើលទៅ ពិតជាអស្ចារ្យមែនទែន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សិស្សនៃសាលាក្បាច់គុន Tagou Martial Arts School ជាង ២៦,០០០នាក់ បានមកប្រមូលផ្តុំគ្នា នៅក្នុងទីក្រុង Dengfeng ភូមិភាគកណ្តាល នៃប្រទេសចិន ដោយបង្កើតជារូបផ្សេងៗ ដូចជា រង្វង់មូល ការ៉េ និង ឆ្នូតៗ ជាដើម។ ក្នុងនោះដែរ សិស្សដែលមកពី សាលាក្បាច់គុន Tagou ទាំងនោះ ក៏បានប្រមូលផ្តុំគ្នា កាន់ក្រណាត់ពណ៌ក្រហម និងលឿង បង្កើតចេញជារូប ទង់ជាតិ នៃប្រទេសចិន ទៀតផង។

គួរបញ្ជាក់ផងដែរថា សាលាក្បាច់គុន Tagou Martial Arts School ត្រូវបានបង្កើតឡើង ដោយអ្នកក្បាច់គុនកុងហ្វូ ដ៏ល្បីមួយរូប មានឈ្មោះថា Liu Baoshan នៅក្នុងឆ្នាំ១៩៧៨។ រហូតមកដល់បច្ចុប្បន្ននេះ សាលាក្បាច់គុន Tagou មានសាខាចំនួន ៦កន្លែង និងថ្នាក់រៀន ៨០០ មានកូនសិស្សចំនួន ៣៨,០០០នាក់។

យ៉ាងណាមិញ ការប្រមូលផ្តុំ មនុស្សយ៉ាងច្រើននេះ គឺជាការហ្វឹកហាត់ សម្រាប់និទាឃរដូវប្រចាំឆ្នាំ ជាមួយនឹង គោលបំណង នៃការបង្កើនកម្លាំង និងភាពរហ័សរហួន ផ្នែករាងកាយកូនសិស្សរបស់ខ្លួន និងដើម្បីផ្សព្វផ្សាយ ពីក្បាច់គុន សៅលិញ ដែលត្រូវបានអនុវត្ត ដោយព្រះសង្ឃ នៅក្នុងវត្តអារាម អស់រយៈកាល ជាង ១,៥០០ឆ្នាំមកហើយ។

ក្បាច់គុនសៅលិញ ក៏មានរួមបញ្ចូល ទាំងក្បាច់សត្វចំនួន ៥ ផងដែរ ដូចជា ពស់ ក្រៀល ខ្លាធំ ខ្លាដំបង និង នាគ៕

ប្រភព ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត