សហគ្រាស​ធុន​តូច និង​មធ្យម​ប្រឈម​នឹង​ហានិភ័យ​ក្រោម​រដ្ឋាភិបាល NLD

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ សហគ្រាស​ធុន​តូច និង​មធ្យម​របស់​មី​យ៉ា​ន់​ម៉ា នឹង​ប្រឈម​មុខជា​មួយ​ហានិភ័យ និង​កាលានុវត្តភាព ក្រោម​រដ្ឋាភិបាល​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ។ នេះ​បើ​តាម​អ្នក​អង្កេត​ឧស្សាហកម្ម​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ។ ប៉ុន្តែ​គេ​រំពឹង​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នឹង​កើនឡើង​ខ្លាំង បន្ទាប់​ពី​បាន​ចុះ​ខ្សោយ​រួច​មក ។

លោក Myint Zaw អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Ground Solutions ថ្លែង​ថា ៖ « សហគ្រាស​ធុន​តូច និង​មធ្យម​មិន​ទាន់​បាន​ត្រៀមខ្លួន​សម្រាប់​ការ​ប្រែប្រួល​នេះ​នៅឡើយ​ទេ​។ ក្រុមហ៊ុន​ដែល​បាន​រៀបចំ​ការងារ​នៅ​ក្នុង​បរិយាកាស​ដែល​មាន​តម្លាភាព នឹង​មានឱកាស​ល្អ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​ប្រព័ន្ធ​ការងារ ចាស់ នឹង​មិន​ទទួល​អត្ថប្រយោជន៍​អ្វី​ឡើយ​» ។

លោក​បន្ត​ថា ៖ « មាន​ក្រុមហ៊ុន​ក្នុងស្រុក​ជា​ច្រើន​មិន​ទាន់​បាន​ត្រៀមខ្លួន​ក្នុង​ការ​ផ្លាស់​ប្តូរ​នៅឡើយ​ទេ ។ ពួក​គេ​មិន​ស្គាល់​ពី​តម្លៃពិត​របស់​ក្រុមហ៊ុន​ពួក​គេ​ឡើយ ពោល​គឺ​គេ​មិនដឹង​អំពី​ទីផ្សារ​របស់​ខ្លួន ហើយ​ពួក​គេ​មាន​ផែនការ​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ » ។

ការ​ធ្វើ​សិក្ខា​សិលា​អំពី​បញ្ហា និង​ឱកាស​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម បាន​បង្ហាញ​ថា រដ្ឋាភិបាល វិនិយោគិន និង​សហគ្រាស​ធុន​តូច​និង​មធ្យម បានដឹង​ពី​បញ្ហា​នេះ​ទាំងអស់​គ្នា ។

លោក Myint Zaw បន្ត​ទៀត​ថា ៖ « ពួក​គេ​បាន​ចាប់ផ្តើម​និយាយ​អំពី​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្នុង​ឆ្នាំ​២០១០ ថែម​ទាំង​បាន​ពិភាក្សា​អំពី​អាស៊ាន​ផង​ដែរ ប៉ុន្តែ​មិន​បាន​បង្ហាញ​អំពី​ការ​ពិភាក្សា​នោះ​ឡើយ » ។

ចំណែក​ទីប្រឹក្សា​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Parami Energy Group លោក Tin Cho ឱ្យ​ដឹង​ថា ៖ « សហគ្រាស​ធុន​តូច និង​មធ្យម ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​សមត្ថភាព​អភិវឌ្ឍន៍​បច្ចេកវិទ្យា និង​ការ​ស្វែងរក​ទីផ្សារ​នៅ​មាន​កម្រិត​នៅឡើយ ។ រដ្ឋាភិបាល​ថ្មី​នឹង​បោះ​ជំហាន​ទៅ​មុខ​ដើម្បី​ផ្តល់​ជំនួយ ជា​ពិសេស កែប្រែ​ទៅ​លើ​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ។ សហគ្រាស​ធុន​តូច និង​មធ្យម​គ្មាន​វត្ថុ​បញ្ចាំ​ដើម្បី​ទទួល​បាន​ឥណទាន​ឡើយ ។ ដូច្នេះ ការ​ធានា​ហិរញ្ញវត្ថុ​តាម​រយៈ​ការ​បង់ថ្លៃ​សេវាកម្ម​ទៅ​អាជីវកម្ម​តូច​ៗ នឹង​អាច​ជួយ​ដល់​វិស័យ​នេះ​បាន » ។

ជាមួយ​គ្នា​នេះ ទាំង​ហានិភ័យ និង​កាលានុវត្តភាព​ត្រូវ​បាន​ពង្រីក​វិសាលភាព​ដោយ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​បាន​ដំណើរការ​ជា​ផ្លូវការ​កាលពីដើម​ឆ្នាំ​នេះ ហើយ​គ្រោង​នឹង​បង្កើត​ទីផ្សារ​រួម​សម្រាប់​សមាជិកសមាគម​ទាំង​១០​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

« ការ​ធ្វើ​កំណែទម្រង់​នេះ នឹង​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏​ដូច​ជា​វិស័យ​ពាណិជ្ជកម្ម​ទូទៅ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ថ្មី ក្នុង​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​ប្រឹក្សា​យោបល់​ដើម្បី​សម្រប​ខ្លួន​ជាមួយ​ច្បាប់ និង​បទ​ប្បញ្ញត្តិ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ពាណិជ្ជកម្ម​មី​យ៉ា​ន់​ម៉ា លោក Vicky Bowman ។

អ្នកជំនួញ​ជា​ច្រើន​បាន​យល់ព្រម​ប្រើប្រាស់​ហិរញ្ញវត្ថុ និង​នីតិវិធី​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​នេះ ។ លោក Chein Hoke ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​រាជធានី និយាយ​ថា ៖ « ខ្ញុំ​ចង់​ឃើញ​កំណែទម្រង់​នៃ​បទ​ប្បញ្ញត្តិ​ផ្តល់​អាជ្ញាប័ណ្ណ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម បូក​ទាំង​ការ​បណ្តុះបណ្តាល​បន្ថែម​ផង​ដែរ ។ ប្រាក់​កម្ចី​គួរតែ​អាច​ប្រើ​ក្នុង​អត្រា​ការ​ប្រាក់​ដែល​សមរម្យ » ។

លោក Phyo Aung Khaing នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ថ្លែង​ថា ៖ « រដ្ឋាភិបាល​ថ្មី គួរតែ​ចេញ​ច្បាប់​ពន្ធ​ដើម្បី​បង្កើន​ដល់​វិស័យ​ពាណិជ្ជកម្ម » ។

ចំណែក​លោក Myat Thu Tun មន្ត្រី​ពាណិជ្ជកម្ម​ផ្នែក​នាំ​ចេញ​ជលផល ក៏​បាន​អំពាវនាវ​ឱ្យ​នីតិវិធី​ការិយាធិបតេយ្យ​អាច​ដំណើរការ​ទៅ​បាន​លឿន និង​ងាយស្រួល​ផង​ដែរ ៕