ណាហ្គាវើល រំពឹងឈ្នះអាស៊ីអឺរ៉ុបនៅថ្ងៃនេះ តែទ័ព បារម្ភពីកីឡាករថ្មីរបស់ក្រោន

ក្រុមម្ចាស់ជើងឯករងណាហ្គាវើល ហាក់មានទំនុកចិត្តយ៉ាងខ្លាំងថានឹងដណ្តើមបាន៣ពិន្ទុពីក្រុមអាស៊ីអឺរ៉ុប សម្រាប់ការវិលមកជួបគ្នាក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ ល្ងាចម៉ោង៦ថ្ងៃសុក្រនេះ ប៉ុន្តែក្រុមកំពុងឈរនៅលើកំពូលតារាងក្រសួងការពារជាតិ(ទ័ព) ហាក់មានការបារម្ភទៅលើកីឡាករបរទេសដែលភ្នំពេញក្រោន ទើបនាំចូលមកពីកូរ៉េខាងត្បូង ខណៈក្រុមទាំង២នេះ ត្រូវជួបគ្នានៅថ្ងៃសៅរ៍នោះ។
1
លោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវើល បាននិយាយថា៖«សម្រាប់ការប្រកួតលើកនេះខ្ញុំរំពឹងពី៧០ទៅ៨០ភាគរយ ក្នុងការទទួលបាន៣ពិន្ទុលើកនេះ ព្រោះការលេងជាក្រុមយើងល្អជាងគេ បើទោះបីជាកម្រិតនៃការលេងរបស់ក្រុមទាំង២នេះប្រប្រហែលគ្នាក៏ដោយការប្រកួតលើកនេះ ហើយការប្រកួតនេះ ខ្ញុំនឹងមានការដោះដូរកីឡាករមួយចំនួន ដោយខ្ញុំនឹងដាក់កីឡាករក្មេងៗឲ្យចូលលេងច្រើន ព្រោះពេលហាត់ពួកគាត់បានបង្ហាញទម្រង់លេងបានល្អស្មើកីឡាករចាស់ៗដែរ ហេតុនេះខ្ញុំគិតថា ពួកគេអាចធ្វើបានល្អជាងកីឡាករចាស់ៗក៏ថាបាន ដោយពួកគេនៅក្មេង មានកម្លាំងរឹងមាំក្នុងការប្រកួត»។

បើទោះបីជាការប្រកួតចំនួន៤លើកកន្លងមកនេះ ណាហ្គាវើល ហាក់មិនទាន់ទទួលបានលទ្ធផលដ៏គប់ប្រសើរ ដោយពួកគេបានត្រឹមឈរនៅលេខរៀងទី៦ ដោយមាន៤ពិន្ទុជាមួយការឈ្នះ១ ស្មើ១ និងចាញ់២ដង ប៉ុន្តែក្តីរំពឹងក្នុងការឈ្នះ៣ពិន្ទុបន្ថែមរបស់ណាហ្គាវើល នៅថ្ងៃនេះអាចនឹងធ្វើទៅបាន ខណៈពួកគេត្រូវជួបក្រុមកំពុងឈរនៅបាត់តារាង មិនដែលឈ្នះសោះ អាស៊ីអឺរ៉ុប នោះ ខណៈការជួបគ្នា២លើកកាលពីរដូវកាលមុនគឺណាហ្គាវើល បានយកឈ្នះទាំង២លើកជាមួយលទ្ធផល ៣-០ ដូចគ្នា។
2
ចំណែកក្រុមក្រសួងការពារជាតិ(ទ័ព) ដែលកំពុងឈរនៅលើកំពូកលតារាង ជាមួយកំណត់ត្រាមិនចាញ់សោះ នោះ នឹងធ្វើការប្រកួតជាមួយក្រុមម្ចាស់ជើងឯក ភ្នំពេញក្រោន នៅស្តាតចាស់ នារសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍ស្អែកនេះ។

បើទោះបីជាក្រុមទ័ព ធ្លាប់បានឈ្នះក្រុមប៉ូលិស ឈ្នះណាហា្គវើល ឈ្នះវេស្ទើន និងឈ្នះបឹងកេតអង្គរ ប៉ុន្តែសម្រាប់ការវិលមកជួបក្រុមភ្នំពេញក្រោន ដែលទើបមាន៥ពិន្ទុជាមួយការឈ្នះ១ ស្មើ២ និងចាញ់១ដង គ្រូបង្វឹករបស់ក្រុមទ័ព បែរជាមានការបារម្ភទៅលើកីឡាករចំណូលថ្មីមកពីកូរ៉េខាងត្បូងចំនួន២នាក់គឺខ្សែបម្រើវ័យ២៦ឆ្នាំ Sim Woon Sub និងខ្សែបម្រើប្រយុទ្ធវ័យ២៣ឆ្នាំ Jang In Yong ដែលភ្នំពេញក្រោន ទើបតែចុះកុងត្រាជាមួយទៅវិញ។

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព បានប្រាប់ថា៖«វាជាពិតយើងត្រូវតែខំប្រឹងការពារកំណត់ត្រាឈ្នះទាំង៤លើករបស់យើង គឺយើងមិនធ្វើឲ្យការព្យាយាមកន្លងមករបស់យើងត្រូវរលាយបាត់ទៅវិញនោះទេ ហើយយើងក៏មានសង្ឃឹមឈ្នះ៧០ភាគរយដែរ ប៉ុន្តែខ្ញុំក៏មានការបារម្ភផងដែរ ព្រោះថ្មីៗនេះភ្នំពេញក្រោន បាននាំយកកីឡាករកូរ៉េខាងត្បូង២នាក់មកជួយក្រុម តែខ្ញុំមិនទាន់ដឹងថា ពួកគេនឹងចូលលេងទាំង២នាក់ ឬយ៉ាងណានោះទេ»៕