Napoli ជួបការលំបាកបន្ថែម ក្រោយខ្សែប្រយុទ្ធឆ្នើមបានកាត់ក្រហម

ការប្រជែងយកជើងឯកលីកលំដាប់កំពូលអ៊ីតាលី Serie A របស់ក្លិប Napoli ត្រូវជួបការលំបាកបន្ថែមទៀត ក្រោយពីខ្សែប្រយុទ្ធឆ្នើម Gonzalo Higain ត្រូវរងពិន័យ ព្យួរការប្រកួតចំនួន ៤ប្រកួត បន្ទាប់ពីប្រតិកម្មខឹងច្រឡោតខ្លាំង ចំពោះការឲ្យ កាតក្រហម ក្នុងអំឡុងប្រកួតចាញ់ ៣-១ ដោយក្លិប Udinese កាលពីថ្ងៃអាទិត្យ។
Higuaín
Higuain កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុង Serie A ចំនួន ៣០គ្រាប់ បានផ្ទុះកំហឹងនៅពេលរូបគេ ត្រូវបណ្តេញចេញពីការប្រកួតក្នុងនាទីទី ៧៥ ចំពោះការប្រព្រឹត្តកំហុសពីរដងក្នុងការប្រកួត (កាតលឿងពីរដង)។

Higuain បានរុញច្រានអាជ្ញាកណ្តាល និងស្រែកឈ្លោះខ្លាំងៗ មុនពេលដែលត្រូវចាប់ទាញចេញពីទីលានប្រកួតដោយមិត្តរួមក្រុម ខណៈកីឡាករនេះក៏ត្រូវពិន័យជាប្រាក់ ២ម៉ឺនអឺរ៉ូផងដែរ។

ការហាមចូលប្រកួតរបស់ Higuain មានន័យថា រូបគេនឹងត្រូវអវត្តមានប្រកួតឲ្យ Napoli ដែលកំពុងឈរលេខពីរ ជាមួយនិងក្លិប Verona, Internazionale, Bologna និង Roma ផងដែរ។
ខណៈនៅសល់តែ ៧ប្រកួតទៀត Napoli កំពុងប្រដេញក្លិបកំពូលតារាង សេះបង្កង់ Juventus ៦ពិន្ទុទៀត៕