បើ​មាន​ចំណុច​ទាំង ៤ ខាង​ក្រោម​នេះ អ្នក​ប្រហែល​ជា​អាច​សម្រេច​ក្តី​ស្រមៃ​ដែល​ខ្លួន​ចង់​បាន

១) ត្រូវ​មាន​ចំណូល​ចិត្ត ៖ គ្រប់​ភាព​ជោគជ័យ​ទាំង​អស់​គឺ​ចាប់​ផ្ដើម​ជា​មួយ​ចំណូល​ចិត្ត។ ចំណូល​ចិត្ត​កើត​ចេញ​ពី​ក្តី​ស្រលាញ់​ធម្មតា​ក្នុង​ការ​ធ្វើ​អ្វី​មួយ ចំណែក​ឯ​មហិច្ឆតា​ បាន​នាំ​នូវ​ចំណូល​ចិត្ត​របស់​អ្នក​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ដែល​អ្នក​ប្រាថ្នា។ មហិច្ឆតា​និង​ជួយ​បម្លែង​នូវ​គំនិត​របស់​អ្នក ទៅ ជា​របស់​មួយ​ពិត​ប្រាកដ ហើយ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​ចំណូល​ចិត្ត​ដែល​ចេញ​ពី​បេះ​ដូង​ បង្កើត​ចេញ​នូវ​សកម្មភាព​ជា​ច្រើន​ ដើម្បី​បង្កើត​លទ្ធផល​មួយ​ ដែល​អ្នក​ចង់​បាន។ នៅ​ពេល​ដែល​អ្នក​មាន​ចំណូល​ចិត្ត​ លើ​អ្វី​មួយ​ខ្លាំង​ នោះ​មហិច្ឆតា​របស់​អ្នក​ក៏​ខ្លាំង​ដូចគ្នា​ដែរ។ ដូច្នេះ​ចំណូល​ចិត្ត​ស្រលាញ់​ខ្លាំង គាំ​ទ្រ​ដោយ​មហិច្ឆតា​ខ្ពស់​ រាល់​ភាព​មិន​អាច​ទៅ​រួច​ និង ក្លាយ​ទៅ​ជា​ភាព​ទៅ​រួច។

 

២) ត្រូវ​មាន​ការ​ខ្វល់ខ្វាយ​ ៖ អាថ៌កំបាំង​នៃ​ការ​រស់​នៅ​គឺ​ការ​ផ្តល់​ឲ្យ។ ជីវិត​រស់​នៅ​អ្នក​មិន​គួរ​គិត​តែ​ពី​ខ្លួន​ឯង​ពេក​នោះ​ទេ គឺ​ត្រូវ​តែ​ចេះ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ទាំង​មនុស្ស​នៅ​ជុំវិញ​អ្នក​ផង​ដែរ។ ភារកិច្ច​ជីវិត​ក្នុង​ការ​រស់​នៅ​ឲ្យ​បាន​ល្អ​គឺ​ការ​ខ្វល់ខ្វាយ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ភាព​ខ្វល់ខ្វាយ​ គឺ​ជា​អ្វី​ដែល​នាំ​អ្នក​ ទៅ​រក​អ្វី​មួយ​ឲ្យ​ស៊ី​ជម្រៅ និង ទៅ​រក​ភាព​ពេញ​ចិត្ត​ដែល​អ្នក​កំពុង​ស្វែង​រក។ ភាព​ជោគជ័យ​ពិត​ប្រាកដ​ គឺ​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ចេះ​ចែក​រំលែក​ភាព​ជោគជ័យ​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក។

 

៣) ត្រូវ​មាន​គោលបំណង ៖ នៅ​ពេល​ដែល​អ្នក​មាន​គោលបំណង​មួយ​ច្បាស់​លាស់​ វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​មហិច្ឆតា​ដែល​អ្នក​ត្រូវ​ការ​ក្នុង​ការ​លះបង់​អ្វីៗ​គ្រប់​យ៉ាង​ ដើម្បី​ទទួល​បាន​ជីវិត​រស់​នៅ​មួយ​តាម​ក្តី​សុបិន​របស់​អ្នក។ គោល​បំណង​របស់​អ្នក គឺ​ជា​ត្រី​វិស័យ​ចង្អុល​ទិស​របស់​អ្នក ទៅ​រក​នូវ​អ្វី​ដែល​អ្នក​បាន​គិត នៅ​ការ​ចង់​បាន និង សកម្មភាព​ដែល​អ្នក​ត្រូវ​ធ្វើ។ ការ​មាន​គោល​បំណង​ គឺ​ផ្តល់​ឲ្យ​អ្នក​នូវ​ទិសដៅ អាច​ជួយ​ឲ្យ​អ្នក​គ្រប់គ្រង​អ្វីៗ​បាន​ត្រឹមត្រូវ​។

 

៤) ត្រូវ​ចេះ​ប្រើ​ភាព​ជោគជ័យ​ឡើង​វិញ ៖ នៅ​ពេល​អ្នក​ចង់​ទទួល​បាន​ភាព​ជោគជ័យ អ្នក​ត្រូវ​មាន​អារម្មណ៍​ជោគជ័យ និង មើល​ឲ្យ​ឃើញ​នូវ​រូបភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង​សិន។ ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​គឺ​ជា​រឿង​សំខាន់​ ព្រោះ​នៅ​ពេល​ជីវិត​ជួប​ឧបសគ្គ​ អ្នក​គួរ​គិត​ពី​ភាព​ជោគជ័យ​កន្លង​មក​របស់​អ្នក​ឡើង​វិញ​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ដើរ​ឆ្លង​ផុត​នូវ​ឧបសគ្គ​ ទៅ​សម្រេច​ភាព​ជោគជ័យ​ថ្មី​មួយ​ទៀត។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com