តើ​មហាសេដ្ឋី​លេខ ៣៦ សញ្ជាតិ​ឥណ្ឌា Mukesh Ambani មាន​ប្រវត្តិ​និង​បទពិសោធន៍​អ្វី​ខ្លះ​មុន​ក្លាយ​ខ្លួន​ជា​សេដ្ឋី?

លោក Mukesh Ambani គឺ​ជា​មហាសេដ្ឋី​សញ្ជាតិ​ឥណ្ឌា​ដ៏​ល្បីល្បាញ​មួយ​រូប​ប្រចាំ​ប្រទេស លោក​គឺ​ជា​ប្រធាន និង ជា​នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​វិនិយោគ​ចម្រុះ Reliance Industries Limited ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំជាង​គេ​លំដាប់​លេខ ២ ប្រចាំ​ប្រទេស​ ឥណ្ឌា ​វិនិយោគ​លើ​ឥន្ធនៈ​គីមី វាយនភណ្ឌ​ ឧស្ម័ន​ធម្មជាតិ ការ​លក់​រាយ និង បណ្ដាញ​ទូរគមនាគមន៍។ មក​ដល់​ជិត​ពាក្យ​កណ្តាល​ឆ្នាំ ២០១៦ នេះ​លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​មហាសេដ្ឋី​មាន​ជាង​គេ​មួយ​រូប​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣៦ ពិភពលោក ជា​មួយ​ទ្រព្យសម្បត្តិ​ ២២,៥ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​សញ្ជាតិ​អាស៊ី​ដ៏​ល្បី​ល្បាញ​មួយ​នេះ​មាន​ប្រវត្តិ និង បទពិសោធន៍​អ្វី​ខ្លះ​ទើប​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​មាន?

 

លោក Mukesh Ambani កើត​នៅ​ថ្ងៃ​ទី ១៩ មេសា ឆ្នាំ ១៩៥៧ នៅ​ក្នុង​តំបន់ Colony of Aden បច្ចុប្បន្ន​ជា​ដែន​ដី​របស់​ប្រទេស យេមែន។ លោក​បាន​ចូល​រៀន​នៅ​វិទ្យាល័យ Hill Grange High School ក្នុង​សង្កាត់ Peddar Road ក្រុង Mumbai ជា​មួយ​ប្អូន​បង​របស់​លោក Anand Jain និង​ជាមួយ​មិត្ត​រួម​ថ្នាក់​ជិត​ស្និទ្ធ​របស់​លោក​។ ក្រោយ​មក​ទៀត​លោក Mukesh Ambani បាន​ទទួល​សញ្ញាប័ត្រ​ផ្នែក វិស្វករ​គីមី ក្នុង​កម្រិត​បរិញ្ញាបត្រ ពី​វិទ្យាស្ថាន Institute of Chemical Technology ក្នុង​ប្រទេស ឥណ្ឌា។ បន្ទាប់​មក​លោក​បាន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ ថ្នាក់​អនុបណ្ឌិត​គ្រប់​គ្រង​ពាណិជ្ជកម្ម​ នៅ សាកល​វិទ្យាល័យ Stanford University ប៉ុន្តែ​លោក​បាន​បោះ​បង់​ចោល​ការ​សិក្សា​ទៅ​វិញ​ដើម្បី​ជួយ​ធ្វើ​ការ​ឪពុក​ក្នុង​ក្រុមហ៊ុន Reliance Industries Limited ដែល​នៅ​ពេល​នោះ​វា​នៅ​ជា​សហគ្រាស​តូច​មួយ​នៅ​ក្នុង​តំបន់។

 

នៅ​ឆ្នាំ ១៩៨០ រដ្ឋាភិបាល​ឥណ្ឌា​បាន​បើក​ឱកាស​ ក្នុង​សិប្បកម្ម​ផលិត​អំបោះ ដល់​វិស័យ​ឯកជន ដែល​ពេល​នោះ​ឪពុក​លោក Mukesh Ambani គឺ​លោក Dhirubhai Ambani បាន​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ដើម្បី​បើក​រោងចក្រ​ផលិត​អំបោះ ដែល​មាន​ការ​ប្រកួត​ប្រជែង​ពី​ អ្នក​ជំនួញ​ចំនួន ៤៣ រូប​ផ្សេង​ទៀត។ ដើម្បី​បង្កើត​រោង​ចក្រ​ផលិត​អំបោះ លោក Dhirubhai Ambani បាន​ហៅ​កូន​ប្រុស​របស់​លោក Mukesh Ambani ដែល​កំពុង​សិក្សា​នៅ Stanford University ត្រលប់​មក​វិញ​ដើម្បី​ជួយ​លោក​ដើម្បី​អភិវឌ្ឍ​រោង​ចក្រ​ពី​វាយនភណ្ឌ​ ទៅ​រោង​ចក្រ​ផលិត​អំបោះ​សូត្រ​ និង​ទៅ​ជា​រោងចក្រ​ឥន្ធនៈ​គីមី​ដោយ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ ១៩៨១។

 

ក្រៅ​ពី​រោងចក្រ​ លោក Mukesh Ambani បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា Reliance Infocomm Limited បច្ចុប្បន្ន ជា​ក្រុមហ៊ុន Reliance Communications Limited ដែល​ផ្តោត​ទៅ​លើ​ផ្នែក​ព័ត៌មាន និង បច្ចេកវិទ្យា ទំនាក់ទំនង។ បន្ថែម​ពី​លើ​នេះ​លោក Mukesh Ambani បាន​ដឹក​នាំ​ការ​បង្កើត​រោង​ចក្រ​ចម្រាញ​ប្រេង​ ដែល​ផលិត​បាន ៦៦០ ០០០ បារ៉ែល ក្នុង​មួយ​ថ្ងៃ ស្មើ​នឹង ៣០ លាន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​បាន​ធ្វើ​វា​ទៅ​ជា​ ឥន្ធនៈ​គីមី (Petrochemicals) នៅ​ក្នុង​ឆ្នាំ ២០១០។ នៅ​ចុង​ឆ្នាំ ២០១៣ វិញ​គឺ​ជា​ការ​វិនិយោគ​ចុង​ក្រោយ​ដ៏​ធំ​របស់​លោក​គឺ​ បង្កើត​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត 4G នៅ​ក្នុង​ប្រទេស ឥណ្ឌា។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com