លោកសម រង្ស៊ី៖ទំនាក់ទំនងរវាងកម្ពុជា.វៀតណាម នឹងមានភាពកាន់តែល្អប្រសើរ

ភ្នំពេញ:
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​វៀតណាម​នាពេល​កន្លងមកនេះ ក៏បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​វៀតណាម​ផងដែរ​។​

​លោក​សម រង្ស៊ី បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​ខ្ញុំ​សូម​អបអរសាទរ យ៉ាង ស្មោះ ចំពោះ​ការឡើង​កាន់តំណែង​រប​ស់លោក​ Nguyen Xuan Phuc ជា​នាយករដ្ឋមន្ត្រី​ថ្មី នៃ ប្រទេស​វៀតណាម ថ្ងៃនេះ​។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​លោក Nguyen Xuan Phuc បំពេញការងារ របស់លោក​ប្រកបដោយ​ជោគជ័យ​។ ខ្ញុំ​ជឿជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស វៀតណាម​នឹងមាន​ភាព​កាន់តែ​ល្អប្រសើរ​ថែមទៀត នៅពេល​អនាគត ក្នុង​ស្មារតី​គោរព គ្នា ទៅវិញទៅមក ហើយ​សហការ​ជាមួយគ្នា​

​ដើម្បី​ភាពរុងរឿង នៃ​ប្រទេស​យើង​ទាំងពីរ​។ ខ្ញុំ​ក៏ សូម​កោតសរសើរ យ៉ាង​ស្មោះ​ដែរ ចំពោះ​ថ្នាក់ដឹកនាំ​ជា​សមូហភាព​របស់​ប្រទេស​វៀតណាម ក្នុងការ​ចាត់វិធានកា​រ​យ៉ាងពិត​ប្រាកដ និង​ម៉ឺងម៉ាត់ ដើម្បី​ប្រឆាំង​អំពើពុករលួយ និង​ក្នុងការ​​រៀបចំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នាយក​រដ្ឋមន្ត្រី យ៉ាងយូរ ១០​ឆ្នាំ​ម្តង យ៉ាង​ទៀត​ទាត់ ដើម្បី​ឲ្យ​មាន ឈាម​ថ្មី គំនិត​ថ្មី និង​ទេពកោសល្យ​ថ្មី​ដែលជា​បច្ច័យ​ចាំបាច់ ធ្វើ​ឲ្យ​ការដឹកនាំ​ប្រទេស​មាន លក្ខណៈ​ល្អប្រសើរ​”​។​