លោកយាយ​ក្រីក្រ​ចាស់ជរា​អាយុ​៨៨​ឆ្នាំ​ម្នាក់​ត្រូវ​ស្ត្រី​ជា​កូនចិញ្ចឹម​លួច​យក​ដឺ​ស្រែ​ទៅ​លក់ លោកយាយ​សំពះ​សុំអោយ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​រឿងនេះ​ជូន​គាត់​ផង​

​ខេត្តកំពង់ឆ្នាំង​៖ លោកយាយ​ចាស់ជរា​ក្រីក្រ ឈ្មោះ គង់ ប៉ុក អាយុ​៨៨​ឆ្នាំ គ្មាន​កូនបង្កើត​ទេ​រស់នៅ​ភូមិ​ត្រពាំង​ម្លូ ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ បាន​និយាយ​នៅក្នុង​លំនៅដ្ឋាន អោយដឹងថា​៖ លោកយាយ​បានកើត​ទុក្ខ​មិន​សុខ​ចិត្តនឹង​កូនស្រី​ចិញ្ចឹម​ម្នាក់​ដែល​គាត់​បាន​សុំ​ពី​គេ​តាំងពី​អាយុ​៧​ថ្ងៃ រហូតដល់​ពេលនេះ​អាយុ​៥៥​ឆ្នាំ​ទៅហើយ ក្រោយពី​មាន​ប្តី​មក​បាន​លួច​យក​ដីស្រែ​គាត់​ទំហំ​កន្លះ​ហិកតា ទៅ​លក់ អោយគេ​ថ្លៃ​១.៨៨០​ដុល្លា មិនអោយ​គាត់​ដឹង ហើយក៏​មិនបាន​អោយ​លុយ​នោះមក​គាត់​មួយ​រៀល​ណា​ឡើយ ។ រឿងនេះ​សារ​តែ​ភាពក្រីក្រ​និង​ចាស់ជរា គាត់​បាន​ប្តឹងទៅ​លោក​មេឃុំ​គ្រាំង​ស្គារ​អោយជួយ​ដោះ ស្រាយ​ទាមទារ​យក ដីស្រែ​គាត់​មកវិញ តែ​លោក​មេឃុំ​ថា​ដោះស្រាយ​មិន​ចេញ​ទេ​។ លោកយាយ​សំពះអង្វរ​ស្នើសុំ​លោក​អភិបាលខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តាជួយ​ដោះស្រាយ​រឿងនេះ​ជូន​មនុស្ស​ចាស់ជរា​និង​ក្រីក្រ​ដូច​គាត់​ផង​។​

លោកយាយ គង់ ប៉ុក បាន​រៀបរាប់​រឿងហេតុ​អោយដឹងថា​៖ លោកយាយ​គ្មាន​កូនបង្កើត​ទេ នៅក្នុង​ជំនាន់​ស៊ី​ហ​នុ លោកយាយ​បាន​សុំ​កូនស្រី​ម្នាក់​ពី​ភូមិ​ព្រាល ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ពី​គេ​មក​ចិញ្ចឹម​ដែល​កាលណោះ​នាង​មាន​អាយុ​តែ​៧​ថ្ងៃ ក្រោយពី​ម្តាយ​នាង​បាន​ស្លាប់ទៅ​។ កូនចិញ្ចឹម​រូបនោះ​ឈ្មោះ គង់ វណ្ណា ហៅ​ឈួន ពេលនេះ​មាន​អាយុ​៥៥​ឆ្នាំ ហើយ​។ ដោយឡែក​លោកយាយ​ក៏បាន​សុំ​កូនប្រុស​ម្នាក់​អាយុ​១​ឆ្នាំ ពី​គេ​ម្នាក់​មក​ចិញ្ចឹម​ទៀត មានឈ្មោះ គង់ ចន្ថា ពេលនេះ​គេ​មាន​អាយុ​ជាង​៣០​ឆ្នាំ​ហើយ នឹង​បាន​បែក​មាន​ប្រពន្ធ​នៅ​ខេត្តសៀមរាប​។

​នៅក្នុង​រយៈពេល​រស់នៅ​ជាមួយ​គាត់ កូនស្រី​ឈ្មោះ គង់ វណ្ណា គាត់​បាន​ចែក​ដីស្រែ​ចំនួន​៥​ស្រែ​ទៅអោយ​នាង​ហើយ​ដែរ ដោយ​ស្រែ​នោះ​ធ្វើ​ក្នុង​១​ឆ្នាំ​បាន​ស្រូវ​៦០​ថាំង​។ ក្រោយមក​នាង​បាន​បែក​មាន​ប្តី និង​រយៈ​២​ឆ្នាំ​ចុង​ក្រោយនេះ នាង​បាន​ទៅ​រស់នៅ​ជាមួយ​ប្តី​នៅ​ភូមិ​ទួល​សំរោង ឃុំ​គ្រាំង​ស្គារ​។ បន្ទាប់មក​ក៏​ស្រាប់តែ​នាង​បាន​លួច​លក់​ដីស្រែ​៤​ស្រែ មាន​ទំហំ​៥១,៣០​អារ ក្រៅពី​គាត់​ចែក​អោយ​ផ្សេងទៀត​របស់គាត់​ទៅអោយ​គេ​នៅ​ក្នុងភូមិ​មិនអោយ​គាត់​ដឹង​ឡើយ ហើយក៏​មិនបាន​អោយ​លុយ​មួយ​រៀល​ណា​មកអោយ​គាត់​ដែរ​។

​ពេល​ជួបគ្នា​ដោះស្រាយ​នៅ​សាលាឃុំ​គ្រាំ​ស្គារ កន្លងមក លោក​មេឃុំ​បាន​សម្រប​ស​ម្រួ​ស​អោយ​កូន ចិញ្ចឹម​ឈ្មោះ គង់ វណ្ណា ប្រគល់​លុយ​លក់​ស្រែ​មួយចំនួន​ទៅអោយ​លោកយាយ តែ​លោកយាយ​មិន​ទទួលយក លុយ​ឡើយ​គឺ​សុំ​ទាមទារ​យក​ដីស្រែ​នោះមក​វិញ ដូច្នេះ​រឿងនេះ​ឃុំ​ដោះស្រាយ​មិន​ចេញ​ឡើយ ព្រោះ​អ្នកទិញ គេ​បានធ្វើ​ប្លង់​កាន់កាប់​រួចទៅហើយ នឹង​ប្រាប់​លោកយាយ​ថា​ទៅប្តឹង​ឯណា​ទៀត​ក៏​ប្តឹងទៅ​។ ព្រោះតែ​ហេតុនេះ ហើយ​ទើប​កាលពី​៣​ថ្ងៃមុន លោកយាយ​បាន​ជួល​ម៉ូតូឌុប​គេ​ជិះ​មកប្តឹង​អ្នកកាសែត នៅក្នុង​ខេត្ត​អោយជួយ​ផ្សព្វ ផ្សាយ​អោយ​លោក​អភិបាលខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​រឿងនេះ ជូន​គាត់​ជា​មនុស្ស​ចាស់ ជរា​ក្រីក្រ​ផង​។​

​នៅ​រសៀល ថ្ងៃទី​០៧ ខែមេសា នេះដែរ​តាម​ការណែនាំ​របស់លោក គង់ សំ​អ៊ី​ម មេឃុំ​គ្រាំង​ស្គារ បានអោយ លោក លី លីម មេភូមិ​ត្រពាំង​ម្លូ ហៅ​ស្ត្រី​ឈ្មោះ គង់ វណ្ណា និង​ប្តី​ឈ្មោះ ចុន មកជួប​លោ​យាយ គង់ ប៉ុក ក្នុង​លំនៅ ដ្ឋា​ន ដើម្បី​សម្របសម្រួល​ដោះស្រាយ​រឿងនេះ​ជាថ្មី​ម្តងទៀត ចំពោះមុខ​អ្នកយកព័ត៌មាន​យើង ប៉ុន្តែ​ជា​លទ្ធផល​នៅ តែ​ដោះស្រាយ​មិន​ចេញ​ដដែល​។ ដោយ​លោកយាយ គង់ ប៉ុក នៅតែ​ទទូច​ទាមទារ​យក​ដីស្រែ​វិញ តែ​ភាគី​កូន ចិញ្ចឹម​ថា​គាត់​លក់​ដីស្រែ​នេះ​២​ឆ្នាំ​ហើយ ដោយបាន​ដោះដូរ​ដីស្រែ​គាត់​អោយ​ប្អូន​ចិញ្ចឹម​ឈ្មោះ គង់ ចន្ថា ជា​ម្ចាស់ ដីស្រែ​នេះ​វិញ​ពេល​ពួកគាត់​នេះ​គ្មាន​លុយ​អោយ​ម្តាយចិញ្ចឹម​វិញ​ទេ តែ​គាត់​សុំ​ធានា​ចិញ្ចឹម​ម្តាយ​រហូតដល់​គាត់​ស្លាប់ តែ​លោកយាយ​ជា​ម្តាយចិញ្ចឹម​នៅតែ​មិន​សុខចិត្ត​ឡើយ ព្រោះ​គាត់​ត្រូវគេ​ធ្វើបាប​ចិត្ត​យូរ​មកហើយ​។​

​ដោយឡែក​លោក នូ សាត អាយុ​៦១​ឆ្នាំ ជា​ចៅ​ជីដូនមួយ​របស់លោក​យាយ គង់ ប៉ុក បានអោយដឹងថា​៖ គា​ត់​បានដឹងថា ប័ណ្ណ​កាន់កាប់​ដីស្រែ​ដែល​ឈ្មោះ គង់ វណ្ណា យកទៅលក់​នេះ គឺជា​របស់​លោកយាយ គង់ ប៉ុក និង​​ឈ្មោះ គង់ ចន្ថា ដោយ​លោក​មេភូមិ​ក៏បាន​ដឹងឮ​ដែរ ប៉ុន្តែ​ក្រោយមក​ប័ណ្ណ​នេះ​ក៏បាន​បាត់​។ ក៏​ស្រាប់​លេច​ឮថា​​ឈ្មោះ គង់ វណ្ណា បាន​យក​ដីស្រែ​នេះ​ទៅ​លក់​អោយ​ពេទ្យ​ឃុំ ដោយមាន​លោក​ភូមិ និង​លោក​មេឃុំ បាន​ចុះ​ហត្ថ​​លេខា​ទទួលស្គាល់​ការលក់​ទិញ​ទៀតផង ។ រឿងនេះ​ពិត​ជាមាន​ភាពមិនប្រក្រតី​ទេ ដែល​មានតែ​ក្រុមការងារ​ចម្រុះ​ខេត្ត ឬ​ថ្នាក់ជាតិ​ចុះមក​អង្កេត​ស្រាវជ្រាវ​ទេ ទើប​អាច​ដោះស្រាយ​រឿងនេះ​ដោយ​យុត្តិធម៌​បាន​៕ រិ​ទ្ធិ ជ័យ

KA-08-04-2016-01 KA-08-04-2016-03 KA-08-04-2016-04 KA-08-04-2016-06 ​ ​
​ ​
​ ​
​ ​ ​