លោក ហ៊ុន សែន ដាស់តឿន​ប្រជាពល​រដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត​្ន​​អំពី​គ្រោះ​ថ្នាក់​​អំឡុង​បុណ្យ​ចូលឆ្នាំខ្មែរ

កាល​​​ពី​​​ម្សិល​មិញ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​ហ៊ុន សែន បាន​​​ដាស់​​​តឿន​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ឱ្យ​ប្រុង​ប្រយ័ត្ន​អំពី​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ដែល​​​​​​កើត​​​ឡើង​​​ក្នុង​​​រដូវ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ និង​​​ចៀស​​​វាង​​​ការ​​​លេង​​​ល្បែង​​​មិនគប្បី​ដូច​​​ជា​​​ការ​​​គប់​​​ទឹក​​​​​​ និង​​​ប៉ាត​​​ម្សៅ​​​ដាក់​​​អ្នក​​​ដំណើរជាដើម​​​​ ហើយ​​​សុំ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រុង​​​ប្រយ័ត្ន​​​អំឡុង​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ក្នុង​​​ពេល​​​ខាង​​​មុខ​​​ផងដែរ។

ថ្លែង​​​នៅ​​​ក្នុង​​​ពិធី​​​សម្ពោធ​​​មហា​​​កុដិ​​​នៅ​​​វត្ត​​​មួយ​​​ក្នុង​​​ក្រុង​​​តាខ្មៅ​​​ លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​តែង​​​តែ​​​កើន​​​ឡើង​​​អំឡុង​​​បុណ្យ​​​ចូ​​​ល​​​ឆ្នាំ​​​ខ្មែរ​​​ព្រោះ​​​ពេល​​​នោះ​​​ ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​នៅ​​​រាជ​​​ធានី​​ភ្នំពេញ​​​ធ្វើ​​​ដំណើរ​​​ទៅកាន់​ស្រុក​​​កំណើត​​​របស់​​​ខ្លួន​​​ ហើយ​​​សុំ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​បើក​​​បរ​​​ប្រកប​​​ដោយ​​​សុវត្ថិភាព​​​ និង​​​ចៀស​​​វាង​​​គ្រឿង​​​ស្រវឹង​​នៅ​​​​ពេល​​​បើក​​​បរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”​​​អ្វី​​​ដែល​​​ខ្ញុំ​​​ព្រះ​​​ករុណា​​​ខ្ញុំ​​​សុំ​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​ នោះ​​​គឺ​​​ធ្វើ​​​យ៉ាង​​​ណា​​​ខិត​​​ខ​​ំ​​​បញ្ចៀស​​​នូវ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​​ក្នុង​​​រយៈ​​​ពេល​​​ចូល​​​ឆ្នាំ​​​នេះ​​​តែ​​​ម្តង​​​ យើង​​​ចូល​​​ឆ្នាំ​​​គួរ​​​តែ​​​សប្បាយ​​​ មិន​​​គួរ​​​ពេល​​​ចូល​​​ឆ្នាំ​​​បាត់​​​បង់​​​ជីវិត​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​ទាំង​​​មូល​​​មិន​​​បាន​​​ចូល​​​ឆ្នាំ​​​ បែរ​​​ជា​​​ធ្វើ​​​បុណ្យ​​​ខ្មោច​​​​​​​នោះ​​​ទេ”​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​បាន​​​សំណូម​​​ពរ​​ដល់​​អ្នក​​​រត់​​​តាក់​​​ស៊ី​​​កុំ​​​ដំឡើង​​​ថ្លៃ​​​នៅ​​​មុន​​​​​​និង​​​ក្រោយ​​​បុណ្យ​​​ចូល​​​ឆ្នាំ បើ​​​ទោះ​​​ជា​​​ពួក​​​គេ​​​កម្រ​​​យក​​​ចិត្ត​​​ទុក​​​​​​ដាក់​​នឹង​​ការ​​​អំពាវ​​​នាវ​​​របស់​​​លោក​​​ក៏​​​ដោយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​ប្រេង​​​នៅ​​​លើ​​​ទី​​​ផ្សារ​​​កម្ពុជា​​​ក៏​​​កំពុង​​​តែ​​​ចុះ​​​ថ្លៃ​​​ដូច្នេះ​មិន​​​គួរ​​​ដំឡើង​​​ថ្លៃ​​​ធ្វើ​​​ដំណើរ​​​ក្នុង​​​រយៈ​​​ពេល​​​នេះ​​​ទេ​​​”។

លោក​​​បាន​សំណូម​​​ពរ​​​ឲ្យ​​​យុវជន​​​ចៀស​វាង​ល្បែង​​​ណា​ដែល​គ្រោះ​ថ្នាក់​​​​ដូច​​​ជា​​​ការ​​​គប់​​​ទឹក​​​ និង​​​ប៉ាត​​​ម្សៅ​​​ដាក់​​​គ្នា​​​ជាដើម​ ដែល​​​ក្លាយ​​​​​​ជា​​​ការ​​​ពេញ​​​និយម​​​នៅ​​​ក្នុង​​​អំឡុង​​​​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សូម​​​មេត្តា​​​លេង​​​កម្សាន្ត​​​ដោយ​​​ភាព​​​​​​ថ្លៃ​​​ថ្នូរ​​​ចៀង​​​វាង​​​នូវ​ការ​​​​​​​លេង​​​ល្បែង​​​ណា​​​ដែល​​​មិន​​​មែន​​​ជា​​​ប្រពៃណី​​​ហើយ​​​នាំ​​​ទៅ​​​ដល់​​​គ្រោះ​​​ថ្នាក់​​​ផង​​​ដូច​​​ជា​​​ការ​​​គប់​​​​​ទឹក​​​ពេល​​​គេ​​​កំពុង​​​ជិះ​​​ឡាន​​​ ជិះ​​​ម៉ូតូ​​​ជា​​​ដើម​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ការ​​​ប៉ាត​​​ម្សៅ លាប​​​ធ្យូង​​​នេះ ក៏​​​ត្រូវ​​​គប្បី​​​ចៀស​​​វាង​​​ផង​​​ដែរ​​​ ព្រោះ​​​​​​​ជួន​​​កាល​​​ទៅ​​​ប៉ាត​​​គេ​​​ ទៅ​​​ប៉ាត​​​យក​​​ទាំង​​​ក្រវិល​​​គេ​​​ទៀត ហើយ​​​ជួន​​​កាល​​​ទៅ​​​ប៉ាត​​​គេ​​​ ទៅ​​​ប៉ាត​​​ប៉ះ​​​ចំ​​​កូន​​​ក្រមុំ​​​គេ​​​ ប្រពន្ធ​​​គេ​​​ កើត​​​រឿង​​​កើត​​​រ៉ាវ​​​ទៅ​​​ទៀត”​​​។

គង​​់ វាសនា អាយុ​​​១៦​​​ឆ្នាំ​​​ជាសិស្ស​នៅ​​​វិទ្យាល័យ​​​សន្ធរ​​​ម៉ុក​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​និយាយ​​​ថា គេ​​​នឹង​​​ស្តាប់​​​​តាម​​​ការ​​​ណែនាំ​​​របស់​​​លោ​​ក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហើយ​​​ចៀស​​​វាង​​​ការ​​​លេង​​​គប់​​​ទឹក​​​ និង​​​ប៉ាត​​​ម្សៅ។

សិស្ស​​​រូបនេះ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​យល់​​​ស្រប​​​​​​​ថា វា​​​ជា​​​​​ការ​មិន​​​ល្អ​​​ទេ​​​ ពីព្រោះ​​​វា​​​អាច​​​ធ្វើ​​​ឲ្យ​​​ប្រឡាក់​សម្លៀក​​​បំពាក់​​​ល្អ​​​ៗ​របស់​​​ស្ត្រី​​​ដោយ​សារ​តែម្សៅ​​​នេះ​​​​”៕សារុន​​​​​​​​​​

The post លោក ហ៊ុន សែន ដាស់តឿន​ប្រជាពល​រដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត​្ន​​អំពី​គ្រោះ​ថ្នាក់​​អំឡុង​បុណ្យ​ចូលឆ្នាំខ្មែរ appeared first on ខេមបូឌា ដេលី.