មេធាវីថា​លោក​ ស៊ុត ឌីណា ទទួល​ស្គាល់​ថា​លោក​បានប្រព្រឹត្តកំហុសរដ្ឋបាលខ្លះៗ

មេធាវី​ការពារ​ឲ្យ​ដឹង​ថាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា បាន​អះអាង​នៅចំពោះមុខ​ចៅក្រមស៊ើបសួរថា​លោក​ទទួល​ស្គាល់ថា​លោ​ក​បានប្រព្រឹត្ត”កំហុស​រដ្ឋបាលខ្លះៗ”​ ដោយសារ​លោក​​មិនមាន”បទពិសោធន៍ច្រើន”​ក្នុងការងារ​កាទូត។

​​កាលពីថ្ងៃ​ព្រហស្បតិ៍ ចៅក្រមស៊ើប​សួរលោក លាង សំណាត់ បានសម្រេចបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាង​ត្បូងលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីបានសាកសួរអស់រយៈពេល១ថ្ងៃពេញ ពាក់​​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​​អង្គភាពប្រឆាំងអំពើពុករលួយ(ACU)។​

លោក ហុក ផល្លា មេធាវីការពារក្ដីឲ្យលោក ស៊ុត ឌីណា ប្រាប់វីអូឌី(VOD)នៅថ្ងៃសុក្រនេះ​​ថា​កូនក្តី​របស់​លោក​បាន​ទទួល​ស្គាល់​ថាមានដំណើរ​ការ​អសកម្ម​មួយចំនួន នៅពេ​ល​លោក​បំពេញការងារ​ជា​ឯក​អគ្គរាជទូត​ប្រចាំនៅ​ប្រទេស​កូរ៉េខាងត្បូង តែ​លោកថា​នេះ​គ្រាន់តែ​​ជា​កំហុស​រដ្ឋបាល មិនមែន​ជា​ការរំលោភអំណាច​​អ្វីនោះ​ទេ។

លោក​មេធាវីមានប្រសាសន៍ថា៖ “គ្រាន់តែ​ថា​អ្វី​ដែល​គាត់​និយាយ​ហ្នឹងមិនមែន​ជា​ការរំលោភដូចការចោទប្រកាន់​របស់តុលាការទេ គ្រាន់តែ​គាត់ធ្វើការងារហ្នឹងទៅតាមតួនាទីរបស់គាត់ ហើយ​ដំណើ​ការ​អសកម្មមួយចំនួន វាជា​រឿងដែល​ការគ្រប់គ្រង​រដ្ឋបាល​របស់គាត់មិនបានល្អ ហើយគាត់បានបំភ្លឺចំពោះមុខតុលាការ វាជាកិច្ចការ ធ្វើទៅ​ដូចជា​ខ្វះបទពិសោធន៍​នៅ​ក្នុងការទូត ដោយ​សារ​ការងារទំហំ​ធំ ហើយ​គាត់មិនមានបទពិសោធន៍ច្រើនក្នុងការងារហ្នឹង អ្វីដែលគាត់ធ្វើហ្នឹងវាជាកំហុស​រដ្ឋបាលខ្លះៗក្នុងការគ្រប់គ្រង”។​

លោកមេធាវី​​មិនទាន់អាច​បញ្ជាក់ពី​ការលើកឡើង​របស់ACU រឿងកំណើនលុយប្រមាណ​៣លានដុល្លារអាមេ​រិក​​របស់​លោក ស៊ុត ឌីណា ក្នុងពេល​លោក​បំពេញការងារ​ជា​ឯក​អគ្គរាជទូត​អស់​រយៈ​ពេល​ជាង​២ឆ្នាំនោះ​ទេ។​ លោក​បញ្ជាក់​ថា​​លោក​នឹង​សិក្សា​លើការចោទប្រកាន់​របស់អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​។ លោកមានប្រសាសន៍ថា​​លោក​នឹង​ជួបកូនក្តី​និង​ក្រុមគ្រួសារ​របស់កូនក្តី​ ក្នុងពេល​ឆាប់ៗនេះ។​

លោក​មានប្រសាសន៍បន្ថែមថា៖ “ចំពោះទ្រព្យសម្បត្តិ​​អីដែលខាងACUចោទ វាមានដំណាក់កាលខាងអយ្យ​ការ ហើយ​និង​ខាង​ចៅក្រមស៊ើប ប៉ុន្តែ​​ចៅក្រមស៊ើប​គាត់ទទួល​បាន​​ប៉ុណ្ណឹង​ ហើយខាងអយ្យ​ការ​គាត់ចោទប្រកាន់​ គាត់​រុញមក​​ចៅក្រមស៊ើប​ហើយ​ ប៉ុន្តែ​ដំណើរ​ការ​ខាងអយ្យ​ការ ខ្ញុំអត់ទាន់បានចូលទេ ខ្ញុំចូល​ដំណាក់កាលចៅក្រមស៊ើប អ្វីៗដូចខ្ញុំបានជម្រាបជូន​អញ្ចឹង ខ្ញុំ​មិនទាន់បានពិនិត្យសិក្សាលើ​សំណុំរឿង ឯកសារ​ឲ្យ​បានមូល​នៅឡើយ​​​​​ទេ”។

​កាលពីថ្ងៃព្រហស្បតិ៍ លោក ស៊ុត ឌីណា មិនបានថ្លែងអ្វីនោះទេ ពេលត្រូវនាំខ្លួនចេញពីតុលាការទៅ​ឃុំ​បណ្តោះ​អាសន្ន​ ដែលខុសពីពេលដែលលោកត្រូវនាំខ្លួនចូលទៅតុលាការ​ ដោយលោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានថានេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ​ព្រហស្បតិ៍ថាអង្គភាពបានស្នើតុលាការចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួនពីរបទល្មើសគឺកេងយកផ​ល​ប្រយោជន៍ដោយខុសច្បាប់​និងរំលោភអំណាចដោយមានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថាក្នុងនោះ​មានកា​រយកលុយស្ទីកឃ័រសម្រាប់ទិដ្ឋាការសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួននិងការកេងយកលុយពីក្រុមគ្រួសារពលករដែលស្លាប់នៅប្រទេសកូរ៉េ។ លោកបន្តថាលោកបានរកឃើញបួនប្រាំបទល្មើសទៀត តែលោកថាអង្គភាពបញ្ជូនទៅតុលាការតែពីរបទល្មើសជាមុនសិន។

អង្គភាពប្រឆាំងអំពើពុករលួយក៏បានប្រកាសផងដែរថា អង្គភាពរកឃើញថា លោក ស៊ុត ឌីណា មានលុយចំនួន៧,២លានដុល្លារអាមេរិកនិងមានមាស៣៣៩តម្លឹងឬស្មើនឹងជិត១៣គីឡូក្រាម។ អង្គភាពឲ្យដឹងទៀតថាចំនួនទឹកប្រាក់នេះបង្ហាញថាកំណើនសាច់ប្រាក់របស់លោក ស៊ុត ឌីណា ក្នុងរយៈពេល៣ឆ្នាំមានចំនួន៣លានដុល្លារ ដោយក្នុងឆ្នាំ២០១៣ លោកមានប្រាក់ចំនួន៤,២លានដុល្លារអាមេរិក។

លោក ឱម យ៉ិនទៀង ក៏បានអះអាងដែរថាអង្គភាពបានដឹងថាលោក ស៊ុត ឌីណាមានដី១០កន្លែងធំៗនិងត្បូងប្រមាណ៥០០គ្រាប់ បន្ថែមលើលុយសុទ្ធក្រៅធនាគារជាង៧លានដុល្លារអាមេរិក។

ទោះយ៉ាងណា ម្តាយរបស់លោក ស៊ុត ឌីណា អ្នកស្រី យ៉ាំ ឈីវអេង អាយុ៦៧ ឆ្នាំ បានបដិសេធនឹងការលើកឡើងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយថាកូនរបស់អ្នកស្រីមិនមានលុយទៅដល់ថ្នាក់ហ្នឹងនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ “កុហកទាំងស្រុង មានមាសប៉ុន្មាន១០គីឡូ អាណាស្អី។ ឲ្យដើរសួរធនាគារគ្រប់ទៅ វាមិនពិតទេអូន ខ្ញុំឲ្យគាត់ដើរសួរតាមធនាគារទាំងអស់ទៅ ទៅដាក់ធនាគារឯណា៧លាន ៧សែន ឯណោះ បើមានលុយប៉ុណ្ណោះ ទិញឡានជិះ ខ្ញុំលើកផ្ទះថ្មនៅ”។

គួរបញ្ជាក់ថាលោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕

ប្រភព៖ VOD

  • មេធាវីថា​លោក​ ស៊ុត ឌីណា ទទួល​ស្គាល់​ថា​លោក​បានប្រព្រឹត្តកំហុសរដ្ឋបាលខ្លះៗ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:កំសាន្ត
Tags: