ថៃ​ចាប់​ពលករ ​ដែល​កាន់​ប័ណ្ណ​ស៊ីជម្ពូ​បញ្ជូន​មក​ស្រុកកំណើត​វិញ

ថៃ​ចាប់​ពលករ ​ដែល​កាន់​ប័ណ្ណ​ស៊ីជម្ពូ​បញ្ជូន​មក​ស្រុកកំណើត​វិញ



ប៉ោយប៉ែត​ ៖ ​ថៃ​​​​ចាប់​ពលករ​ខ្មែរ​រាប់​រយ​នាក់​ បញ្ជូន​មក​ស្រុកកំណើត​វិញ ​ដូច​ទឹកបាក់​ទំនប់ ​ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​និយាយ​ថា​ ពួកគាត់​មិន​មែន ​ជា​ពលករ​ចំណាកស្រុក​ទេ​ តាម​ពិត​ទៅ​​ ​ពួកគាត់​ជា​ពលករ​មាន​ប័ណ្ណ​ស៊ីជម្ពូ​ទាំង​អស់ ​ហើយ​ត្រូវ​វិល​មក​ជួបជុំ​សាច់ញាតិ​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​​វិញ។ តែ​ពេល​កំពុង​ធ្វើដំណើរ​មក​តាម​ផ្លូវ ​ក៏​ត្រូវ​តម្រួត​ថៃ​ចាប់​តែ​ម្ដង។

តាម​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ខ្មែរ ​បាន​ឲ្យ​ដឹង​ថា ​ពួកគាត់​ គឺ​ជា​ពលករ​ស្របច្បាប់​ទាំង​អស់​មិន​មែន​ក្រុម​ចំណាកស្រុក​ឡើយ ​ហើយ​​ពួកគាត់​ធ្វើការ​ក្នុង​រោងចក្រ​ ដោយមាន​ការ​ទទួលខុសត្រូវ​ពី​ថៅកែ​ច្បាស់លាស់ ​ហេតុ​អី​បាន​ជា​ខាង​ប៉ូលិស​ថៃ​មក​ចាប់​ពួកគាត់​យ៉ាងដូច្នេះ។

ប្រភព​បន្ត​ថា ​ឥឡូវ​នេះ ​​​ពលករ​ជាច្រើន​ពាន់​នាក់​ បាន​សម្រុក​មក​ស្រុកកំណើត​វិញ ​តាម​ច្រក​ឡែ​ម​ ក្នុង​ស្រុក​សំពៅ​លូន ​​​ខេត្ត​បាត់ដំបង​ ​ដោយសារ​ច្រក​នោះ​ខាង​ថៃ​មានការ​យោគយល់​ច្រើន។ ចំណែក​​ខាង​ខ្មែរ​ក៏​ដូចគ្នា​ដែរ​ ហើយ​ធូរ​ថ្លៃ​ទៀត​ផង ​មិន​ដូច​មក​តាម​ច្រក​ប៉ោយប៉ែត​នោះ​ទេ​គឺ​ទាំង​ខាង​ថៃ​ ទាំង​ខាង​ខ្មែរ​ ​មាន​ការ​ឃុបឃិត​គ្នា​ ​ជាន់ក​យក​លុយ​ដូច​ចោរ​​ប្លន់​អីចឹង​ នៅ​ពេល​ណា​គ្មាន​លុយ​ជូន​គេ​គ្រប់គ្រាន់​ទេ​នោះ​ គឺ​គេ​រក​វិធី​ចោទ​​​ថា​ជា​ពលករ​​ខុសច្បាប់​តែ​ម្ដង។

លោក​ស្រី​សី​ន ​ណាំ ​យុង​ អនុប្រធាន​គណៈកម្មការ​ចម្រុះ​ ទទួល​ពលករ ​ដែល​ថៃ​បាន​បញ្ជូន​មក​ដី​ខ្មែរ​នោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ដើម​ខែ​មេសា​ ឆ្នាំ​២០១៦​នេះ​ (​គិត​ពី​ថ្ងៃ​ទី​១​ ខែ​មេសា) គឺ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​មក​ស្រុកកំណើត​វិញ​ចំនួន​៩​រថយន្ត​ ស្មើនឹង​៣៥០​នាក់​ ក្រោយ​មក ​ក៏​មាន​ការ​ថយ​ចុះ​មក​ត្រឹម​ចំនួន​៧​ទៅ​៨​រថយន្ត ​រហូត​មក​ដល់​ពេល​នេះ។

លោក​ស្រី​បាន​បន្ត​ថា​ ពលករ​ ដែល​ថៃ​បាន​បញ្ជូន​មក​នេះ ​ភាគច្រើន​គឺ​អ្នក​មាន​ប័ណ្ណ​ស៊ីជម្ពូ​ទាំង​អស់​ ហើយ​មក​លេង​ក្នុង​រដូវ​ចូល​ខ្មែរ​យើង​ខាង​មុខ​នេះ។ តែ​ពេល​ធ្វើដំណើរ​មក​តាម​ផ្លូវ​ ក៏​ត្រូវ​គេ​ចាប់​បញ្ជូន​មក​តែ​ម្ដង។

លោកស្រី​បាន​បន្ត​ថា​ ពលករ​ទាំង​នោះ​​ ​ សុទ្ធតែ​មក​ពី​តាម​បណ្ដា​​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​យើង​ ​គួរតែ​​សមត្ថកិច្ច​ខ្មែរ​ និង​ថៃ​មានការ​យោគយល់​មក​លើ​​ពួកគាត់ ដែល​មក​​​សប្បាយ​ជួបជុំ​ញាតិមិត្ត​ក្រុម​គ្រួសារ​ ពីព្រោះ​មួយ​ឆ្នាំ​មាន​តែ​ម្ដង​ប៉ុណ្ណោះ​មិន​ត្រូវ​រួម​គ្នា​ជាន់ក​ពួកគាត់​នោះ​ទេ៕
ថៃ​ចាប់​ពលករ ​ដែល​កាន់​ប័ណ្ណ​ស៊ីជម្ពូ​បញ្ជូន​មក​ស្រុកកំណើត​វិញ

ថៃ​ចាប់​ពលករ ​ដែល​កាន់​ប័ណ្ណ​ស៊ីជម្ពូ​បញ្ជូន​មក​ស្រុកកំណើត​វិញ

ថៃ​ចាប់​ពលករ ​ដែល​កាន់​ប័ណ្ណ​ស៊ីជម្ពូ​បញ្ជូន​មក​ស្រុកកំណើត​វិញ