កម្ពុជា ត្រូវការ​ថវិកា​ប្រមាណ​ពី​២០​លាន​ដុល្លារ​ ទៅ​៥០​លាន​ដុល្លារ ដើម្បី​អនុវត្ត និង​អភិរក្ស​សត្វ​ខ្លាធំ​នៅ​កម្ពុជា​

កម្ពុជា ត្រូវការ​ថវិកា​ប្រមាណ​ពី​២០​លាន​ដុល្លារ​ ទៅ​៥០​លាន​ដុល្លារ ដើម្បី​អនុវត្ត និង​អភិរក្ស​សត្វ​ខ្លាធំ​នៅ​កម្ពុជា​



​ភ្នំពេញ​ ៖ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​អបអរសាទរ​ ដល់​ការ​អនុម័ត​ផែនការ​សកម្មភាព អភិរក្ស ខ្លាធំ នៅ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា កម្ពុជា ត្រូវការ​ថវិកា​ប្រមាណ​ពី​២០​លាន​ដុល្លារ​ ទៅ​៥០​លាន​ដុល្លារ ដើម្បី​អនុវត្ត និង​អភិរក្ស​សត្វ​ខ្លាធំ​នៅ​កម្ពុជា​ឲ្យ​បាន​ទ្វេដង ខណៈ​ចំនួន​សត្វ​ខ្លាធំ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចំនួន ពី​២០​ ទៅ​៥០​ក្បាល​ប៉ុណ្ណោះ ហើយ​ប្រឈម​នឹង​ការ​ផុត​ពូជ​។​

លោក​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ​រូប​នោះ​បាន​បញ្ជាក់​ថា បញ្ហា​ចម្ប​ង​នាំ​ឲ្យ​ថយ​ចុះ​នូវ​ចំនួន​សត្វ​ខ្លា​នេះ ​ដោយសារ​សកម្មភាព​ប្រមាញ់​ខ្លាធំ ​និង​សត្វរំពា​ខ្លាធំ ដែល​ធ្វើ​ឲ្យ​ខ្វះ​ចំណី កម្ពុជា​ជួប​បញ្ហា​សង្គ្រាម បាត់បង់​ដែន​ជម្រក និង​ទីតាំង​បន្ត​ពូជ​។​

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​បង្កើន​ចំនួន​សត្វ​ខ្លាធំ នៅ​កម្ពុជា​​ឆ្នាំ​២០១៧​ខាងមុខនេះ កម្ពុជា​នឹង​យក​សត្វ​ខ្លាធំ​ចំនួន​ពី​៦​ទៅ​៨​ក្បាល ទៅ​ប្រលែង​ក្នុង​តំបន់​ចំនួន​២ គឺ​តំបន់​ព្រៃ​ការពារ​មណ្ឌល​គី​រី និង​តំបន់​ជួរ​ភ្នំក្រវាញ ពី​ប្រទេសជិតខាង​កម្ពុជា​។ ​ជាមួយ​គ្នា​នេះ​ លោក​បាន​លើក​អំពី​យុទ្ធសាស្ត្រ ក្នុង​ការ​ស្ដារ​ចំនួន​សត្វ​ខ្លាធំ​នៅ​កម្ពុជា ឡើងវិញ​។​

លោក​បាន​បន្ថែម​ទៀត​ថា វត្តមាន​សត្វ​ខ្លាធំ​នៅ​កម្ពុជា​នេះ នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មកកាន់​តំបន់​អេកូ​ទេសចរណ៍ ដែល​ជួយ​បង្កើន​ជីវភាព ប្រជាជន​សហគមន៍​មូលដ្ឋាន បង្ហាញ​ពី​សន្ទ​ស្សន៍​នៃ​ការ​រីកចម្រើន និង​សំបូរ​បែប​ធនធានធម្មជាតិ ជា​មុខមាត់​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ​។​ ប្រធា​ន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​រូប​នេះ​បាន​បញ្ជាក់​ថា ផែនការ​នេះ កម្ពុជា ត្រូវការ​ថវិកា​ប្រមាណ​ពី​២០​លាន​ដុល្លារ​ទៅ​៥០​លាន​ដុល្លារ ដើម្បី​អនុវត្ត និង​អភិរក្ស ដែល​លោក​សង្ឃឹមថា អង្គការ​អន្តរ​ជា​តិ ​និង​រួម​សហការ បន្ថែម​លើ​ថវិកា​រដ្ឋាភិបាល ក្នុង​កិច្ចប្រឹងប្រែង​នេះ​។​

លោក ឈិ​ត សំអាត នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​ការ​អភិរក្ស​ធនធានធម្មជាតិ ប្រចាំ​ប្រទេ​ស​កម្ពុជា WWF បាន​មានប្រសាសន៍ថា ការ​ស្ដារ​ចំនួន​សត្វ​ខ្លាធំ​នៅ​កម្ពុជា​នេះ រដ្ឋាភិបាល ​ត្រូវ​មាន​ផែនការ​គ្រប់គ្រង​តំបន់​ការពារ​ទាំងនេះ ពិសេស​គឺ​ការអនុវត្ត​ច្បាប់​នៅក្នុង​តំបន់​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។​

តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង អង្គការ​WWF បាន​ឲ្យ​ដឹង​ថា បច្ចុ​ប្បន្ន សត្វ​ខ្លាធំ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ មានតែ​ពី​២០​ទៅ​៥០​ក្បាល​ប៉ុណ្ណោះ រស់នៅ​តំបន់​ភាគ​ឥ​សាន តំបន់​ខ្ពង់រាប ភាគ​ខាងកើត តំបន់​ខ្ពង់រាប ភាគ​ខាងជើង និង​តំបន់​ជួរ​ភ្នំក្រវាញ នៃ​ប្រទេស​កម្ពុ​ជា។

​សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែ​មេសា​ខាងមុខនេះ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ប្រចាំ​តំបន់​អាស៊ី​លើ​ក​ទី​៣ ស្តីអំពី​សត្វ​ខ្លាធំ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង Delhi ដើម្បី​បង្កើន​ចំនួន​ទ្វេដង​នៃ​ចំនួន​សត្វ​ខ្លាធំ​នេះ​ថែមទៀត​៕​