សិស្ស​ក្រីក្រ​ជាង​៥០០​នាក់ របស់​អង្គការ​PSE​ ទទួល​បាន​កង់​ពី​ «​មូលនិធិ​ជិះ​កង់​ទៅ​សាលា​»

សិស្ស​ក្រីក្រ​ជាង​៥០០​នាក់ របស់​អង្គការ​PSE​ ទទួល​បាន​កង់​ពី​ «​មូលនិធិ​ជិះ​កង់​ទៅ​សាលា​»



ភ្នំពេញ ៖ សិស្ស​ក្រីក្រ កំពុង​រៀន​នៅ​អង្គការ​PSE​ ប្រមាណ​៥៥០​នាក់ ទទួល​បាន​កង់​ពី​សប្បុរសជន​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅមក​សាលារៀន​របស់​សិស្ស​ទាំង​នោះ។

ពិធី​ចែក​កង់​នេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​០៧​ ខែ​មេសា ​ឆ្នាំ​២០១៦​ នៅ​អង្គការ​PSE​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​។​ ដូចនេះ​កង់​ថ្មី ក្តី​សង្ឃឹម​ថ្មី សម្រាប់​កុមារ​ក្រីក្រ​លំបាក​ក្រខ្សត់ របស់​អង្គការ​PSE នឹង​លែង​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅមក​សាលារៀន​ទៀតហើយ ដោយ​សារ​ពួកគេ ទទួល​បាន​កង់​ជា​អំណោយ មកពី​មូលនិធិ​រួមគ្នា​រវាង​អង្គការ​ដើម្បី​ភាព​ញញឹម​ នៃ​កុមារ និង​ក្រុមហ៊ុន​សែ​ល​កាត។

លោក អៀន វ៉ា​ត់​សុន តំណាង​ក្រុមហ៊ុន​សែ​ល​កាត​បាន​លើក​ឡើង​ថា កង់​ដែល​បាន​ទិញ​យក​មក​ចែក​ដល់​សិស្ស​នៅ​អង្គការ​PSE​ នា​ពេល​នេះ ​ដោយ​ប្រើ​ថវិកា​បាន​មក​ពី​មូលនិធិ​ជិះ​កង់​ទៅ​សាលា (Ride2school) របស់​អង្គការ​ដើម្បី​ភាព​ញញឹម ​នៃ​កុមារ និង​ក្រុមហ៊ុន​សែ​ល​កាត​បាន​បាន​ប្រារព្ធ​ធ្វើ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា​កន្លង​ទៅ​នោះ ដោយមាន​សមាជិក​ចូលរួម​ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពត ប្រមាណ​៣៤៧​នាក់ ដោយ​ប្រមូល​បាន​ថវិកា​ជិត​២​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក។

លោក​បាន​បន្ត​ថា «​កង់​ទាំងនេះ វា​អាច​ជំរុញ​ឲ្យ​កុមារ​អាច​ធ្វើ​ដំណើរ​ទៅ​សាលារៀន​កាន់តែ​មាន​ភាព​ងាយ​ស្រួល និង​កាត់​បន្ថយ​អត្រា បោះបង់ចោល​ការសិក្សា របស់​កុមារ​ដែល​មាន​ផ្ទះ ឆ្ងាយ​ពីសា​លា»។

កុមារ​ដែល​ទទួល​អំណោយ​នេះ​រួមមាន​ សិស្ស​មកពី​សាលា​អង្គការ ​ដើម្បី​ភាព​ញញឹម​ នៃ​កុមារ និង​សិស្សានុសិស្ស​ ដែល​មក​ពី​សាលា​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងទៀត ដែល​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​៕
សិស្ស​ក្រីក្រ​ជាង​៥០០​នាក់ របស់​អង្គការ​PSE​ ទទួល​បាន​កង់​ពី​ «​មូលនិធិ​ជិះ​កង់​ទៅ​សាលា​»