លោក​ សា​ ផុន​វឌ្ឍនៈ ​៖​ ការ​ប្រឡង​តាម​កុំព្យូទ័រ​ កាត់បន្ថយ​អំពើពុករលួយ​ក្នុង​ពេល​ប្រឡង​

លោក​ សា​ ផុន​វឌ្ឍនៈ ​៖​ ការ​ប្រឡង​តាម​កុំព្យូទ័រ​ កាត់បន្ថយ​អំពើពុករលួយ​ក្នុង​ពេល​ប្រឡង​



ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ​ សា​ ផុន​វឌ្ឍនៈ​ សកលវិទ្យាធិការ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិ​បាល​បាន​មានប្រសាសន៍ថា សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ បាន​និង​កំពុង​ដំណើរការ​ឲ្យ​និស្សិត​ប្រឡង​តាមរយៈ​កុំព្យូទ័រ​ប្រយោជន៍​ ដើម្បី​កាត់បន្ថយ​នូវ​ភាព​មិន​ប្រក្រតី​នានា​នៅ​ក្នុងពេល​ប្រឡង​។

លោក​បាន​បន្ត​ថា​ ជា​គោលដៅ​របស់​សាកលវិទ្យាល័យ​ការរៀបចំ​ការ​ប្រឡង​តាម​ប្រព័ន្ធ​​កុំព្យូ​ទ័រ ដើម្បី​ឲ្យ​ការ​ប្រឡង​មាន​តម្លាភាព​ព្រោះថា​ ប្រឡង​តាម​កុំព្យូទ័រ​ពេល​ប្រឡង​ចប់​លទ្ធផល​ចេញ​ភ្លាម​ខុស​ ឬ​ត្រូវ ​ឆ្លើយ​ប្រាប់​ដឹង​ភ្លាមៗ ​បើ​ធ្វើ​នៅ​លើ​ក្រដាស​ជា​ធម្មតា​លទ្ធផល​ដឹង​ក្នុង​រយៈពេល​កន្លះ​ខែ​។ ជាង​នេះ​ទៅ​ទៀត ​ការរៀបចំ​ប្រឡង​តាម​កុំព្យូទ័រ​នេះ ​គឺ​កាត់បន្ថយ​ពេលវេលា​ការ​រង់ចាំ​លទ្ធផល​។ លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា «បើ​ប្រើ​ពេលវេលា​យូរ​តែងតែ​មាន​ភាព​មិន​ប្រក្រតី​។​ មាន​អ្នកខ្លះ​អាច​ឆ្លៀត​រកស៊ី​ក្រៅ​ ដោយ​យក​លេស​ថា ​ជួយ​អីចេះ ​អី​ចុះ​ ដើម្បី​ស្វែងរក​លាភសក្ការៈ​ តែ​តាមពិត​គេ​មិន​អាច​ធ្វើ​អ្វី​កើត​ទេ​។​

មានន័យថា​ស៊ីឡាក​។ ​តែ​លុះ​ពេល​ប្រឡង​តាម​កុំព្យូទ័រ​ដឹង​ពិន្ទុ​ភ្លាមៗ​មិន​អាច​ឲ្យ​បុគ្គល​ណា​ម្នាក់​ស៊ីឡាក​ទៀត​ទេ​។ ​អ្វី​ដែល​សំខាន់​នោះ​ សិស្ស​ខិតខំ​រៀន ​បើ​មិន​ខំ​រៀន ​គឺ​ធ្លាក់​ហើយ​។ នៅ​ពេល​ដែល​មាន​តម្លាភាព​ការ​តវ៉ា​ក៏​កាត់បន្ថយ​ដែរ​។ ​ការ​ចម្លង​គ្នា​ ក៏​កាត់បន្ថយ​ច្រើន ​បើ​ទោះ​និស្សិត​អង្គុយ​នៅ​ក្បែរ​គ្នា ​តែ​សំណួរ​ប្រឡង​ខុសគ្នា​»។

លោក​សាស្ត្រាចារ្យ​ សា​ ផុន​វឌ្ឍនៈ ​បាន​បញ្ជាក់​ថា​ គោលដៅ​សំខាន់​មួយទៀត​នោះ ​គឺ​ប្រទេស​កម្ពុជា​បាន​ចូល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​ទាមទារ​ឲ្យ​សាកលវិទ្យាល័យ​ត្រូវ​មាន​កម្មវិធីសិក្សា​ ក៏ដូចជា​ការ​ប្រឡង​ឲ្យ​ស្របទៅនឹង​ស្តង់ដារ​នៅ​ក្នុង​តំបន់​។​

ការ​ប្រឡង​តាមរយៈ​កុំព្យូទ័រ​នេះ​ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ បាន​រៀបចំ​បាន​១​ឆ្នាំ​រួចមក​ហើយ ដោយ​មានការ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​និស្សិត​ ព្រោះ​គេ​គិត​ថា​ការ​ប្រឡង​បែបនេះ ​វា​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​អស់ចិត្ត​ មិន​គិត​ថា​និស្សិត​មាន​ខ្សែ​សែស្រឡាយ​ជាប់​និស្សិត​ដែល​ក្រីក្រ​ប្រឡង​ធ្លាក់។

និស្សិត​អាន​រ៉ូ​ស្មាន់​ រៀន​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​និយាយ​ថា ​«​តាម​យោបល់​ខ្ញុំ​ ការ​ប្រឡង​តាម​កុំព្យូទ័រ​វា​ងាយស្រួល​ដោយ​ឲ្យ​យើង​ដឹង​លទ្ធផល​ភ្លាមៗ​ ហើយ​មិនសូវ​ស្មុគស្មាញ​ដូច​ការ​ប្រឡង​តាម​ការ​សរសេរ​ជា​ក្រដាស​ទេ ពិសេស​វា​មាន​តម្លាភាព​មានន័យថា ​អ្នក​ចេះ​ជាប់ ​អ្នក​មិន​ចេះ​ធ្លាក់​»​៕

លោក​ សា​ ផុន​វឌ្ឍនៈ ​៖​ ការ​ប្រឡង​តាម​កុំព្យូទ័រ​ កាត់បន្ថយ​អំពើពុករលួយ​ក្នុង​ពេល​ប្រឡង​