ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដាក់​ផែនការ​រឹត​បន្តឹង​បន្ថែម​នូវ​សុវត្ថិភាព​ចរាចរណ៍ សន្តិសុខ មុន និង​ក្រោយ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដាក់​ផែនការ​រឹត​បន្តឹង​បន្ថែម​នូវ​សុវត្ថិភាព​ចរាចរណ៍ សន្តិសុខ មុន និង​ក្រោយ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​



កំពង់ឆ្នាំង ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ បាន​ធ្វើការ​ប្រជុំ​ដាក់​ផែនការ​បន្ថែម​ដល់​កម្លាំង​គ្រប់​មូលដ្ឋាន​ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៦​នេះ ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ធានា រក្សា សន្តិសុខ សុវត្ថិភាព របៀបរៀបរយ សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​បាន​នូវ​ភាព​សប្បាយ​រីករាយ​ជូន​ដល់​មហាជន​ប្រជាពលរដ្ឋ​មុន ក្នុង និង​ក្រោយ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​១៣​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៦។

កិច្ចប្រជុំ​នេះ​ សង្កត់ធ្ងន់​លើ​ការ​រឹត​បន្តឹង​បន្ថែម​នូវ​សុវត្ថិភាព​ចរាចរណ៍​តាម​ដង​ផ្លូវ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​តាម​ទីប្រជុំជន វត្ត​អារាម​នានា​ក្នុង​ខេត្ត ដើម្បី​ធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ​មានការ​ថយ​ចុះ ស្របតាម​បទបញ្ជា​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ក្នុង​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

លោក​ឧត្ដមសេនីយ៍​ត្រី ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា យោង​តាម​សេចក្ដីណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ​ស្ដីពី​វិធានការ​ការពារ សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ និង​យោង​តាម​ស្មារតី​ប្រជុំ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ដាក់​ចេញ​នូវ​ផែនការ និង​វិធានការ​សំខាន់ៗ ​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ជូន​ដល់​ប្រជាពលរដ្ឋ មហាជន និង​ថ្នាក់ដឹកនាំ​។

ក្នុង​នោះ ​ស្នងការដ្ឋាន​បាន​ចាត់​កម្លាំង​ដើម្បី​បង្កើន​ការ​ត្រួតពិនិត្យ​បណ្ដា​គោលដៅ​សំខាន់ៗ កន្លែង​ប្រារព្ធ​ពិធីបុណ្យ និង​កន្លែង​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ ដើម្បី​បង្ក្រាប​សកម្មភាព​ល្មើស​បាន​ទាន់​ពេល។ សហការ​ជាមួយ​កម្លាំង​ក្នុង​ភូមិ​សាស្ត្រ ចាត់វិធានការ​ទប់ស្កាត់​រាល់​អំពើ​ល្មើស និង​ល្បែងស៊ីសង​ផ្សេងៗ ដែល​នាំ​ឲ្យ​ខាតបង់ អន្តរាយ​ទ្រព្យសម្បត្តិ ប៉ះពាល់​ដល់​កិត្តិយស​ផ្ទុយ​ពី​ប្រពៃណី សេចក្ដីថ្លៃថ្នូរ​របស់​ជាតិ​យើង។ កម្លាំង និង​មធ្យោបាយ​ចេញ​ល្បាត នូវ​គោលដៅ​សំខាន់ៗ កន្លែង​ធ្លាប់​មាន​បទល្មើស និង​បង្ក្រាប​រាល់​សកម្មភាព និង​ក្មេង​ទំនើង។

ដោយឡែក​ សណ្ដាប់ធ្នាប់​សាធារណៈ​វិញ ស្នងការដ្ឋាន​បាន​ពង្រឹងកម្លាំង​ឈរជើង ការពារ តាម​គោលដៅ​សំខាន់ៗ​ក្នុង​ខេត្ត ទីប្រជុំជន និង​វត្ត​អារាម​ទាំងអស់​ក្នុង​ទូទាំង​ខេត្ត ព្រមទាំង​យក​ចិត្ត​ទុក​ដាក់​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក និង​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរង​គ្រោះ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ជាយថាហេតុ។ បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ប្រជាពលរដ្ឋ ក្នុង​ការ​បង្ការ ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ដុត​ទៀន ធូប ភ្លើង​ជើងក្រាន ឬ​ការ​ប្រើប្រាស់​គ្រឿង​ងាយ​ឆេះ​ផ្សេងៗ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​ផ្ទះសំបែង គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ។

លោកស្នងការ​បាន​ណែនាំ និង​ដាក់​វិធានការណ៍ តាម​គេហដ្ឋាន សហគ្រាស រោងចក្រ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​បង្ការ​អគ្គិភ័យ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ ដោយ​ត្រៀម​នូវ​រាល់​ឧបករណ៍​ដែល​អាច​ជួយ​សង្គ្រោះ​បឋម​បាន​ដូចជា​ពាង​ទឹក សំបកបាវ និង​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​ដូចជា ​បំពង់​ពន្លត់​អគ្គិភ័យ​គ្រប់​ប្រភេទ។

លោក​ឧត្ដមសេនីយ៍​ត្រី ប្រាក់ វុ​ឌ្ឍី ក៏បាន​លើក​ឡើង ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​បាន​ជិះ​ឥទ្ធិពល​មិនល្អ​នាំ​ឲ្យ​មជ្ឈដ្ឋាន​ខាងក្រៅ​បាន​រិះគន់​មក​លើ​មន្ត្រី​នគរបាល​យើង​ថា បាន​ឃុបឃិត ប៉ុន្តែ​ករណី​នេះ កម្លាំង​នគរបាល​បាន​ចាត់​វិធានការណ៍​ ដោយ​បង្កើត​ក្រុម​ចម្រុះ​១​ចុះ​សិក្សា​ស្រាវជ្រាវ​ និង​អង្កេត​ធ្វើ​យ៉ាង​ណា​លុបបំបាត់​ឲ្យ​បាន​នូវ​រាល់​ល្បែងស៊ីសង មាន​ជាអាទិ៍ បៀរ អាប៉ោង និង​ជល់​មាន់ ជាប្រចាំ ដែល​កើតមាន​នៅ​លើ​ទឹកដី​ខេត្ត​កំពង់ឆ្នាំង លោក​ឧត្ដមសេនីយ៍​ត្រី ប្រាក់ វុ​ឌ្ឍី ក៏បាន​អំពាវនាវ​ផង​ដែរ​ចំពោះ​ប្រជាពលរដ្ឋ​ មេត្តា​ចូលរួម​ទប់ស្កាត់​ឲ្យ​បាន ការ​លេង​ល្បែងស៊ីសង​នៅ​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាងមុខ និង​រៀង​រហូត​តទៅ។

លោក ប្រាក់ វុទ្ធី ស្នងការ​ខេត្ត​កំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​ផ្លូវ​នៅ​ក្នុង​ខេត្ត​ទាំងមូល​ថា ត្រូវ​នាំគ្នា​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ អ្នកបើកបរ​ទាំងអស់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​កុំ​ប្រមាថ​អាយុជីវិត​អ្នកដទៃ​ កុំ​បើកបរ​ពេល​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​បើកបរ​ត្រូវ​ប្រកាន់​ស្តាំ និង​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា ​ទើប​អាច​កាត់បន្ថយ​បាន​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​បាន៕

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដាក់​ផែនការ​រឹត​បន្តឹង​បន្ថែម​នូវ​សុវត្ថិភាព​ចរាចរណ៍ សន្តិសុខ មុន និង​ក្រោយ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដាក់​ផែនការ​រឹត​បន្តឹង​បន្ថែម​នូវ​សុវត្ថិភាព​ចរាចរណ៍ សន្តិសុខ មុន និង​ក្រោយ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដាក់​ផែនការ​រឹត​បន្តឹង​បន្ថែម​នូវ​សុវត្ថិភាព​ចរាចរណ៍ សន្តិសុខ មុន និង​ក្រោយ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​