ការ​សម្ដែង​របាំ​ត្រុដិ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំថ្មី ​គឺ​ ដើម្បី​បណ្ដេញ​ឧបទ្រពចង្រៃ

ការ​សម្ដែង​របាំ​ត្រុដិ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំថ្មី ​គឺ​ ដើម្បី​បណ្ដេញ​ឧបទ្រពចង្រៃ



ភ្នំពេញ ៖ របាំ​ត្រុដិ​គឺជា​របាំ​ដ៏​មាន​ប្រជាប្រិយភាព​គួរ​ឱ្យកត់សម្គាល់​ក្នុង ចំណោម​របាំ​ប្រពៃណី​ខ្មែរ ហើយ​តាម​ជំនឿ​របាំ​ត្រុដិ​គេ​លេង​ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ និង​នាំមក​នូវ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី។ ការ​សម្តែង​របាំ​ត្រុដិ​នេះ​ គេ​ច្រើន​ធ្វើឡើង​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ព្រោះ​ពាក្យ «​ត្រុដិ​» នេះ​គឺ​សំដៅ​ដល់​ពេល​ដែល «​ឆ្នាំ​ចាស់​ដាច់​ដើម្បី​ត្រាច់​ចូល​ឆ្នាំថ្មី​» ហើយ​អ្វី​ដែល​ជា​ជំនឿ​ដែរ​នោះ​គឺ​ប្រសិន​បើ​យើង​មិនបាន​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឬ​មិន​ចូលរួម​អបអរសាទរ​ជាមួយ​របាំ​នេះ​ដោយ​ប្រការ​ណាមួយ​ទេ​អាច​នាំមក​នូវ​ទុក្ខសោក​អពមង្គល​ជាក់​ជាមិនខាន​។ ការ​សម្តែង​របាំ​ត្រុដិ​នា​ពេល​ចូល​ឆ្នាំ​ថ្មី គឺ​គេ​កំណត់​យក​ដំណើរ​ផ្តាច់​ឆ្នាំ​នីមួយៗ​ ដើម្បី​ដេញ​ឧបទ្រពចង្រៃ​ដែល កើតមាន​ក្នុង​ឆ្នាំ​ចាស់ ហើយ​និង​ប្រសិទ្ធពរ​សព្ទសាធុការ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​វិញ។

តាមរយៈ​ការ​សម្តែង​គឺ​ប្រជាពលរដ្ឋ​យើង​តែងតែមាន​សេចក្តី​សប្បាយ រីករាយ​ណាស់​ព្រោះ​អ្នករាំ​របាំ​ត្រុដិ​បាន​ចូល​ទៅដល់​មុខផ្ទះ ឬ​ក្នុងភូមិ ខណៈពេលដែល​ពួកគាត់​មាន​ជំនឿ​ប្រកបដោយ​ក្តី​សង្ឃឹមថា​ក្នុង​ឆ្នាំ​ថ្មី នេះ​សុភមង្គល​លាភសក្ការៈ នឹង​កើតមាន​ក្នុង​ក្រុមគ្រួសារ​ឬ​ភូមិ​ស្រុក​របស់គាត់​មិន​ខាន ។ ផ្ទុយទៅវិញ ប្រសិនបើ​ក្រុម​របាំ​ត្រុដិ​មិនបាន​ចូល​លេង​ក្នុងផ្ទះ​ឬ​ភូមិ​ទេនោះ គេ​នឹងរ​ត់ទៅ​ជម្រាប​ឬ​ស្នើ​ឱ្យមក​សម្តែង​នៅមុខ​ផ្ទះ​ឬ​ក្នុងភូមិ​របស់គេ​​ជាទូទៅ​គេ​សម្តែង​របាំ​ត្រុដិ​នេះ​ពាសពេញ​ភូមិ​តែម្តង ប្រសិនបើ​ជាមាន​សត្វព្រៃ​រត់​ចូល​ភូមិ​ស្រុក​របស់គេ ព្រោះ​គេ​មានជំនឿថា ពេលណា​មាន​សត្វព្រៃ​ដូចជា​ឈ្លូស ប្រើស រមាំង ជាដើម រត់​ចូល​ភូមិ​ក្នុង​ករណី​ណាក៏ដោយ ពួកគេ​នឹង​ចាត់ទុកថា​នោះ​គឺជា​អព្ភូត​ហូត​ហេតុ​អាក្រក់​ឬ​ចង្រៃ ហើយ​ត្រូវ​អញ្ជើញ​ក្រុម​របាំ​ត្រុដិ​មកលេង​ដើម្បី​បណ្តេញ​ភាព​ចង្រៃ នោះ​ចេញ ។ ប៉ុន្តែ​ប្រសិនបើ​គេ​ចាប់បាន​ពពួកសត្វ​ព្រៃ​នោះ​វិញ គឺ​គេ​យក​វា​ទៅ​លាបប្រេង​ម្សៅ ហើយ​ធ្វើ​ពិធី​លែង​ឱ្យមាន​សេរីភាព​វិញ ដោយ​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ស្រុក ពេល​ដែល​គេ​មាន​ជំនឿថា សត្វព្រៃ​ទាំងនោះ​បាន​មក​រំដោះគ្រោះ​មហន្តរាយ​ដល់​ពួកគេ។

តួអង្គ​សម្តែង​របាំ​ត្រុដិ​គឺមាន​ការតុបតែង​ខ្លួន​ជា​លក្ខណៈ សាមញ្ញ​ប៉ុណ្ណោះ ហើយ​គេ​ដើរ​ដង្ហែ​ជា​ក្បួន​ទៅមុខ ដោយមាន​អ្នក​កាន់​ដង​ចន្ទោល​ដែលមាន​ការចង​កំណាត់​លម្អ និង​មាន​សិល្បករ​ម្នាក់​ជា​អ្នករាំ​នាំ​ផ្លូវ​ផង។ តាម​អ្វីដែល​យើង​បាន​ឃើញ​ពិធី​រាំ​នោះ គឺ​មើលទៅ​ហាក់ដូចជា​អ្នករាំ ឬ​អ្នក​ហែ​ទាំងនោះ​កំពុងតែ​ជិះ​លើ​រទេះ​មួយ​ដូច្នេះ​ដែរ​។ ចំណែក​នៅ​ខាងចុង​នៃ​ដង​ចន្ទោល​នោះ មាន​ចង​កូន​ថង់​មួ​សម្រាប់​ជាការ​រៃអង្គាស​ប្រាក់ ហើយ​អ្នកផ្ទះ​ឬ​អ្នកភូមិ ដែល​មក​ឈរ​មើល​ការ​រាំ​របាំ​ត្រុដិ​និង​មាន​សទ្ធា​ជ្រះថ្លា ពួកគេ​នឹង​ដាក់​ប្រាក់​ក្នុង​ថង់​នោះ ព្រោះ​គេ​មាន​ជំនឿថា ​បុណ្យ​កុសល​ដែល​បាន​ដាក់​ទាន​នា​ពេលនេះ នឹង​បាន​ចម្លង​គ្រោះកាច​ចង្រៃ​នៃ​ឆ្នាំ​ចាស់​ទៅ​អស់​។ របាំ​ត្រុដិ​នេះ​មាន​តួអង្គ​សត្វ​ប្រើស​ដែល​មាន​មនុស្ស​ពាក់​ក្បាល​ប្រើស ហើយ​ធ្វើ​កាយវិការ​រត់​ឆ្លេឆ្លា​ក្នុង​វង់​របាំ​គេច​ចេញពី​ព្រាន ព្រៃ​ម្នាក់​ដែល​មាន​កាន់​ស្នា ស្ពាយ​បំពង់​ព្រួញ​ដើរ​តម្រង់​និង​តាម​រក​ប្រើស​ ដែល​ជា​សត្វ​តំណាងឱ្យ គ្រោះ​ចង្រៃ​ដែល​គេ​ត្រូវ​បាញ់សម្លាប់​និង​ផ្តាច់​គ្រោះ​ចេញ​ឱ្យ​បាន។ ការ​ធ្វើ​បែប​នោះ​គឺ​មានន័យថា គេ​បាន​បណ្តេញ​គ្រោះ​ឧបទ្រពចង្រៃ​បាន​ហើយ ។ ក្រៅពី​តួ​សត្វ​ប្រើស​និង​តួ​ព្រានព្រៃ ក៏មាន​តួយក្ស​ពីរ​នាក់ តួ​ស្រី​ព្រាយ​ក្រចក​វែង​ពីរ​នាក់ តួ​សត្វ​ក្ងោក​ពីរ​នាក់ ដែល​ស្លៀកពាក់​តាម​ប្រពៃណី​ខ្មែរ​ធម្មតា និង​មាន​កាន់​កន្ទុយក្ងោក​ពីរ ជា​និមិត្តសញ្ញា​។ នៅ​ពេល​រាំ​នៅមុខ​ផ្ទះ​អ្នកណាម្នាក់​តួ​ទាំង​៦​នាក់ ត្រូវ​សម្តែង​នូវ​ក្បាច់​របាំ​ត្រុដិ និង​បង្ហាញ​ពី​គោល​បំណង​ជួយ​ដេញ​ស្ទាក់​ប្រើស​ឱ្យចូល​ក្នុង​គន្លង​ព្រាន ដើម្បី​ជួយ​ព្រាន​ឱ្យ​ដេញ​បាញ់​ប្រើស​ឱ្យ​បាន។ ក្រៅពីនោះ ក៏​នៅ​មាន​តួ​អ្នក​កាន់​កញ្ឆែ​ចាប់ពី​២​ទៅ​៦​នាក់ ជា​អ្នក​គោះ​បុក ជា​ចង្វាក់​លម្អ​វង់​របាំ និង​តំណាងឱ្យ​ព្រៃព្រឹក្សា អា​រុក្ខ អារក្ស ទេវតា អ្នកតា​ដែល​ជួយ​ជ្រោមជ្រែង​ជួយ​ព័ទ្ធ​ខ្ទប់​ស្ទាក់​ប្រើស​ឱ្យ​ព្រាន ព្រៃ​បាញ់​ដូចគ្នា ។ ទន្ទឹម​នោះ របាំ​ត្រុដិ​ក៏មាន​ក្រុម​តន្ត្រីករ អ្នក​កាន់​ស្គរ ទ្រសោ ទ្រអ៊ូ ប៉ី និង​អ្នក​ច្រៀង​មួយចំនួនទៀត ។ ចំណែក​អាចារ្យ​ដែល​ស្លៀក​ស​ពាក់​ស​បាំងឆត្រ​ម្នាក់ ក៏មាន​ភារកិច្ច​ដើរ​តាម​វង់​របាំ និង​ត្រួត​ពិនិត្យមើល​បច្ច័យ​ដែល​រៃអង្គាស​បាន​ដើម្បីឱ្យ​ប្រាកដថា ប្រាក់​ដែល​ទទួលបាន​ទាំងអស់នោះ​មិន​ត្រូវ​យកទៅ​ចាយ​ផ្ដេសផ្ដាស​ទេ​។ បន្ទាប់ពី​សម្តែង​ចប់​ម្តងៗ ក្រុម​របាំ​ត្រូវ​ច្រៀង​ជម្រាបលា​ម្ចាស់ផ្ទះ ហើយ​ម្ចាស់ផ្ទះ​ក៏បាន​យក​ទឹក​មក​ប្រោះព្រំ​ជូនពរ​ដល់​ក្រុម​របាំ ទាំង​អស់នោះ​វិញ​ដែរ។ ប៉ុន្តែ​បើ​យើង​មិន​ធ្វើតាម​របៀប​នេះ​ទេ​គឺជា​ប្រការ​ខុសឆ្គង​មួយ​ដែរ ដែល​គេ​មាន​ជំនឿថា ក្នុង​ឆ្នាំ​ខាងមុខ​អ្នកនោះ​នឹង​មិន​ទទួល​បាន សិរី​សួស្តី​ឡើយ។ វត្តមាន​របស់​តួអង្គ​នៃ​របាំ​ត្រុដិ មានការ​បែងចែក​នូវ​សភាវៈ​ល្អ និង​សភាវៈ​អាក្រក់ និង​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​នៃ​របាំ​ត្រុដិ ។ របាំ​ត្រុដិ​នេះ​មាន​ដើមកំណើត​នៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប។ របាំ​នេះ​មាន​អត្ថន័យ​ផ្តល់​នូវ​ផល​ប្រយោជន៍ សុភមង្គល​ដល់​មនុស្ស​គ្រប់រូប និង​បណ្តេញ​ឧបទ្រពចង្រៃ​ចេញ​ពី​ផ្ទះ ពី​ភូមិ​ស្រុក​៕