ប្រជុំ​ប្រចាំខែ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ

ប្រជុំ​ប្រចាំខែ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ



កំពង់ធំ ​៖ ​​លោក​ថោង ខុន ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​កំពង់ធំ​ បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​មូលដ្ឋាន​ខេត្ត​កំពង់ធំ ក្រោម​ការ​ចូលរួម​ពី​លោក​អ៊ុត សំអន ​អភិបាល​ ខេត្ត​កំពង់ធំ និង​ប្រធាន ​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ ចូលរួម​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ធំ។

លោក​អ៊ុត សំអន ​អភិបាល​ខេត្ត​កំពង់ធំ​ បាន​មាន​ប្រសាសន៍​ផ្ដោត​លើ​ការ​ប្រកបមុខរបរ​ធ្វើ​ស្រែ​ប្រាំង តម្លៃ​ធ្លាក់​ចុះ​មិន​ស្ថិតស្ថេរ ដោយសារ​ឆ្នាំ​នេះ​ផល​ស្រូវ​ទាប​ជាង​ឆ្នាំ​មុន រីឯ​តម្លៃ​ឡើង​ចុះ​តាម​ខែ តាម​ថ្ងៃ តាម​ម៉ោង និង​បាន​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ចំនួន​៦​ស្រុក​ គឺ​ស្រុក​ស្ទោង ស្ទឹងសែន បារាយណ៍ សន្ទុក ​​ស្រុក​ប្រាសាទបល្ល័ង្គ និង​ស្រុក​កំពង់ស្វាយ។ ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​មាន​២៣​ឃុំ សង្កាត់ និង​៨២​ភូមិ ត្រូវ​បាន​ដោះស្រាយ​អណ្តូង​ទឹក ៩២ និង​ជីក​ស្រះ​ចំនួន​៩ បូម​ទឹក​ដាក់​ប្រឡាយ​ចំនួន​៣ ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំងជាងគេ គឺ​ស្រុក​ស្ទោង ដោយសារ​ទឹកស្ទឹង​ស្ទោង​បាន​រីង​ខះ ដោយសារ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ស្ទឹង​ស្ទោង​ គម្រោង​ទំនប់​៣០ កញ្ញា​ពុំ​ទាន់​រួចរាល់។ ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ក្នុង​ភូមិ​សាស្ត្រ ខេត្ត​កំពង់ធំ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ចុះ​ដោះស្រាយ ដោយ​បាន​បូម​ទឹក​ទំនប់​៣០​កញ្ញា ​ដោយ​ម៉ាស៊ីន​៤​គ្រឿង ទម្លាក់​ចូល​ស្ទឹង​ស្ទោង ដោយ​ទឹក​ឆ្លងកាត់​ចំនួន​៧​ឃុំ​ស្មើ​នឹង ៥៧​ភូមិ មាន​ចម្ងាយ​៣០​គ​.​ម។ ចំណែក​ស្រុក​ដទៃ​ក៏​ត្រូវ​បាន​ដោះស្រាយ​ដូច​គ្នា ដោយឡែក​ការងារ​ចុះ​ឆ្វៀល​ដី​តំបន់​៣ ក្នុង​ខេត្តកំពង់ធំ ចំពោះ​លទ្ធផល​ដែល​បាន​អនុវត្ត​មាន ស្រុក​បារាយណ៍ ឃុំ​ចុង​ដូង បារាយណ៍ ឃុំ​ទ្រៀល ឃុំ​ស្រឡៅ គោត្រ​បែក សរុប​ចំនួន ២,៧៧១​គ្រួសារ ស្មើ​នឹង​១៣,១៥៩,២៣​ហិក​តា ស្រុក​សន្ទុក ឃុំ​កកោះ ឃុំ​ភ្នៅ សរុប ៨៨៥ គ្រួសារ ស្មើ​នឹង​៣៧៩៣,២​ហិកតា ក្រុង​ស្ទឹងសែន សង្កាត់​អូរ​គន្ធរ សង្កាត់​ស្រយូវ សរុប​៣៨៨​ស្មើ​​នឹង​៥,៥៨៨​ហិកតា ស្រុក​ស្ទោង ឃុំ​ប្រឡាយ ឃុំ​ម្សាក្រង ឃុំ​ស​ព្រោ​ជ ឃុំ​ចំណារ​ក្រោម ឃុំ​ពាម​បាង សរុប​១,៤១២​គ្រួសារ ស្មើ​​នឹង​៤.៩០៧.៤២​ហិកតា សរុប​ទូទាំង​ខេត្ត​កំពង់ធំ ៥.៤៥៦​ស្មើ​​នឹង ៣៣.៥៤៧.១៥​ហិកតា និង​បាន​បំពេញ​សលាកបត្រ​បាន​ចំនួន​៤.៤២៩ គ្រួសារ ក្នុង​នោះ​ដែរ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​មន្ទីរ ស្ថាប័ន គាំទ្រ​ឲ្យ​រៀបចំ​កម្មវិធី អង្គរ​សង្ក្រាន្ត ​និង​រៀបចំ​សណ្ដាប់ធ្នាប់​ល្អ ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។

លោក​ថោង ខុន ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា សូម​ឲ្យ​ខេត្ត​ធ្វើ​របាយការណ៍​ឲ្យ​ច្បាស់​ពី​ការងារ​ខិតខំ​ធ្វើ​ការងារ​ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ពី​ការ​ចំណាយ​កសាង​អណ្ដូង​ទឹក ជីក​ស្រះ​ និង​សមិទ្ធផល​ផ្សេងៗ និង​ជំរុញ​ឲ្យ​ចេញ​សលាកបត្រ​ដីធ្លី​ ហើយ​សុំ​តំបន់​២ មក​ជា​តំបន់​១ សម្រាប់​ការ​ឈូស​ឆាយ​ដី ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ឃុំ​ឲ្យ​បាន​លឿន ហើយ​ឲ្យ​ក្រុមការងារ​ថ្នាក់​ជាតិ ដាក់​របាយការណ៍ ជូន​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី​ ក្នុង​នោះ​ដែរ​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ការងារ​អត្តសញ្ញាណប័ណ្ណ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​បំផុត និង​រក​វិធី​​​ដំណោះស្រាយ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ពី​អត្ថប្រយោជន៍​របស់​អត្តសញ្ញាណប័ណ្ណ ពាក់ព័ន្ធ​នឹង​ការងារ​ទេសចរណ៍ ប្រធាន​មន្ទីរ​ទេសចរណ៍ ត្រូវ​ចាត់ចែង​មិន​ឲ្យ​មាន​សេវា​កម្សាន្ត ខារ៉ាអូខេ ជិត​សាលារៀន វត្ត​អារាម ដោយ​ពី​ថ្ងៃ​នេះ​ទៅ​ខេត្ត​ជា​អ្នកទទួលខុសត្រូវ​ទាំងអស់ មន្ទីរ​ទេសចរណ៍​ជា​សេនាធិការ​ឲ្យ​ខេត្ត​កំពង់ធំ ខេត្ត​ជា​អ្នក​ចេញ លិខិត​ពាក់ព័ន្ធ​នឹង​អាជ្ញាប័ណ្ណ តាមរយៈ​មន្ទីរ​ទេសចរណ៍៕