រឿងព្រេង​និទាន​ទាក់ទង​នឹង​ប្រវត្តិ​បុណ្យចូលឆ្នាំ​ខ្មែរ

រឿងព្រេង​និទាន​ទាក់ទង​នឹង​ប្រវត្តិ​បុណ្យចូលឆ្នាំ​ខ្មែរ



ភ្នំពេញ ៖ ទាក់ទង​នឹង​ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ដែរ​ មានរឿង​ព្រេង​មួយ​បាន​តំណាល​ថា​៖​កាលពី​បុរាណកាល​មាន​កុមារ​មួយ​រូប​ឈ្មោះ​ធម្មបាល មាន​បញ្ញា​វាងវៃ​លើស​គេ លុះ​កាល​អាយុ​គម្រប់​៧​ឆ្នាំ បាន​យក​ការ​យល់ដឹង​របស់​ខ្លួន​ទៅ​ផ្សព្វផ្សាយ​ដល់​អ្នកដទៃ​រីឯ​មហាជន​ក៏​មាន​ការ​កោត​គោរព​និង​ពេញចិត្ត​ស្ដាប់​នូវ​ធម្មទេសនា​របស់​មាណព​យ៉ាង​ខ្លាំង។

កិត្តិសព្ទ​អំពី​ចំណេះ​បញ្ញា​របស់​ធម្មបាល មួយថ្ងៃ​កាន់តែ​សាយភាយ​, មិនយូរប៉ុន្មាន​ល្បី​ទៅដល់​ឋានព្រហ្ម​។ កុំថាឡើយ​តែ​មនុស្ស​បុថុជ្ជន សូម្បី​ទេវតា​នៅ​ឋាន​លើ​ក៏​ចុះមក​ស្ដាប់​ធម្មបាល​ទេសនា​ដែរ​។ ម្លោះ​ហើយ​ធ្វើ​ឲ្យ​ធម្មទេសនា​របស់​កបិល មហាព្រហ្ម​មួយថ្ងៃ​កាន់តែ​សាបសូន្យ​ទៅៗ​។ កបិល​មហាព្រហ្ម​ធ្លាប់​មាន កិត្តិស័ព្ទ​នៅ​ឋាន​លើ​។ ឥឡូវ​ឮ​នៅ​ឋានកណ្តាល មាន​អ្នក​ពូកែ​ជាង​ខ្លួន កបិល​មហាព្រហ្ម​កើត​ចិត្ត​ឈ្នានីស​។ ចេញ​បញ្ជា​ឲ្យ​ហៅ​ពួក​ទេព្តា​ទាំងអស់​វិល​មក​ឋាន​វិញ រួច​បំរាម​មិន​ចុះទៅ​ស្ដាប់​ទេសនា​ទៀត​។ ទន្ទឹម​នឹង​នេះ​, ទេវរាជ​រក​វិធី​ដើម្បី​ប្រ​ទុ​ស​ធម្មបាល​។ ថ្ងៃមួយ​, ពេល​ធម្មបាល​កំពុង​ទេសនា​ឲ្យ​មហាជន​ស្ដាប់ កបិល​មហាព្រហ្ម​បាន​ទៅដល់ រួច​មាន​តម្រាស់​ថា​៖​យើង​ឮ​ពាក្យ​ដំណាល​ថា អ្នកមាន​ប្រាជ្ញ​លើស​គេ​លើ​មហាជន​, ប៉ុន្តែ​យើង​ពុំ ទាន់​ជឿ​នៅឡើយ​ទេ​។ ឥឡូវ​យើង​ដាក់​ប្រស្នា​ឲ្យ​ឯង​៣​ខ បើ​ឯង​ឆ្លើយ​ត្រូវ យើង​នឹង​កាត់​ក្បាល​យើង​នៅ​ចំពោះមុខ​ឯង​។​តែបើ​ឆ្លើយ​ពុំ​ត្រូវ​ទេ​ឯង​ត្រូវតែ​ប្រគល់​ជីវិត​មក​ឲ្យ​យើង​វិញ​។ ដោយសារតែ​ពុំ​អាច​ប្រកែក​បាន ធម្មបាល​ក៏​យល់ព្រម​ឆ្លើយ​នូវ​ប្រស្នា​នោះ កបិល​មហា ព្រហ្ម​ក៏​ដាក់​ប្រស្នា​ភ្លាម​៖ ចូល​ឲ្យ​យើង​ដឹងថា​តើ​សិរី​របស់​មនុស្ស​ពេលព្រឹក តាំងនៅ​កន្លែង​ណា​? ថ្ងៃត្រង់​តាំងនៅ​កន្លែង​ណា​?​និង​រសៀល​នៅ​កន្លែង​ណា​?​ដាក់​ប្រស្នា​រួច​កបិល​មហាព្រហ្ម​សន្យា​៧​ថ្ងៃ​ទៀត នឹង​ចុះ​មក​ស្ដាប់​ចម្លើយ​។ ធម្មបាល​ត្រិះរិះ​ទាំងយប់​ទាំង​ថ្ងៃ​រក​ចម្លើយ​ពុំ​ចេញ​។ លុះដល់​ថ្ងៃទី​៦ មាណព​ធ្វើ​ដំណើរ​ដោយ​គ្មាន​គោលដៅ ពី​ព្រឹក​រហូតដល់​ថ្ងៃត្រង់​។ ដោយ​អស់សង្ឃឹម និង​ហេវ ហត់​ពេក​មាណព​អង្គុយ​សម្រាក​នៅ​ក្រោម​ដើម​ត្នោត​មួយ​។ ពេលនោះ​នៅ​លើ​ចុង​ដើម​ត្នោត មាន​បក្សី​ឥន្ទ្រីយ៍​មួយ​គូ​កំពុង​សាស័ព្ទ​នឹង​គ្នា​។ ឥន្ទ្រីយ៍​ញី​សួរ​ឥន្ទ្រី​យ៍​ឈ្មោល​ថា ថ្ងៃស្អែក​យើង​ទៅ​រក​ចំណី​នៅ​ទីណា​?​ថ្ងៃស្អែក​យើង​នឹង​បាន​ឆី​សាច់​ធម្មបាល​ឥន្ទ្រី​យ៍​ឈ្មោល​ឆ្លើយ​។ ឥន្ទ្រីយ៍​ញី​ឆ្ងល់​សួរ​បន្ត​៖​ហេតុអ្វី​បានជា​ឆី​សាច់​ធម្មបាល​?​ឥន្ទ្រីយ៍​ឈ្មោល​ពណ៌នា​អំពី​រឿង​កបិល​មហា​ព្រហ្ម​សំណូមពរ​ឲ្យ​ធម្មបាល​ឆ្លើយ​ប្រស្នា​។ ស្ដាប់​រួច​ឥន្ទ្រីយ៍​ញី​សួរ​៖​ដូច្នេះ​មាន​អ្នកណា​ឆ្លើយ​បានទេ​?​ឥន្ទ្រីយ៍​ឈ្មោល​ឆ្លើយ​ដោយ​ក្ដី​សង្ឃឹមថា​៖​គឺ​សិរី​មនុស្ស​ពេលព្រឹក​តាំង​នៅ​លើ​មុខ ម្ល៉ោះ​ហើយ​បានជា​ពេលព្រឹក​ក្រោក​ពី​ដំណេក​មនុស្ស​តែង​លុបមុខ​ដើម្បី​ឲ្យ​មាន​សិរី​។ ពេល​ថ្ងៃត្រង់​សិរី​មនុស្ស​តាំងនៅ​ត្រង់​ទ្រូង ម្ល៉ោះ​ហើយ​បានជា​មនុស្ស​តែង​ងូតទឹក​ពេល​ថ្ងៃត្រង់​ដើម្បី​ឲ្យ​ត្រជាក់ត្រជំ​។

ពេលយប់​សិរី​មនុស្ស​តាំងនៅ​ជើង​ម្ល៉ោះ​ហើយ​បានជា​មនុស្ស​តែង​ជំ​រះ​ជើង​ឲ្យ​ស្អាត​មុន​ពេល​ចូល​ដំណេក​។ ធម្មបាល​អង្គុយ​ក្រោម​ដើមឈើ ពេល​ឮ​ស័ព្ទ​សាសង របស់​ឥន្ទ្រីយ៍​ដូច្នោះ មាន​ក្ដី​សោមនស្ស​ឥតឧបមា​រួច​ក៏​វិល​មក​ផ្ទះ​វិញ​។ ថ្ងៃ​ក្រោយមក​គម្រប់​សន្យា​ទេវរាជ​កបិល​មហាព្រហ្ម​បាន​ចុះ​មក​ជួប​ធម្មបាល ដោយ​កាន់​មក​ជា​មួយ​នូវ​ព្រះខាន់​មាស​មួយ​ផង​។ ពិត​ដូច​សម្ដី​សាសង​នៃ​ឥន្ទ្រីយ៍​មែន​ធម្មបាល​ឆ្លើយ​ត្រូវ​នូវ​បញ្ហា​ទាំង​៣​ខ​ដែល​កបិល​មហាព្រហ្ម​ដាក់​ឲ្យ​នោះ​។ កបិល​មហាព្រហ្ម បរាជ័យ​ងើប​ព្រះភ័ក្ត្រ​ឡើងលើ ស្រែកហៅ​បុត្រី​ទាំង​៧ ឲ្យ​ចុះ​មក​ឋានកណ្តាល​រួច​ត្រាស់​ថា​៖ បិតា​ចាញ់​ប្រាជ្ញ​ធម្មបាល​ហើយ​។ តាម​ពាក្យសន្យា បិតា​ត្រូវតែ​ស្លាប់​។ ដូច្នេះ​បុត្រី​ទាំងឡាយ​ត្រូវ​យក​ព្រះកេសា​របស់​បិតា​ទៅ​ប្រតិ​ស្ថាន​ក្នុង​ចេតិយ​មួយ​លើ​កំពូលភ្នំ​ព្រះ​សុមេរុ៍ កន្លែង​ដែល​មនុស្ស​បុថុជ្ជន​ទៅ​មិន​ដល់​នោះ​ចុះ​។ ហើយ​កូនៗ​ត្រូវ​ចាំ​ថា បើ​ធ្វើ​ឲ្យ​ព្រះកេសា​បិតា​ធ្លាក់ចុះ​សមុទ្ទ សមុទ្ទ​នឹង​រីង​គោក​, បើ​បោះ​ឡើងលើ អាកាស​នឹង​ឥត​ភ្លៀង​, បើ​ដាក់​លើ​ប្រថពី ប្រថពី​នឹង​ហួតហែង​រុក្ខជាតិ​ទាំងឡាយ​ពុំ​អាច​ដុះដាល​បាន​។ ផ្ដែផ្ដាំ​បុត្រ​ទាំងឡាយ​រួច ទេវរាជ​កបិល​មហាព្រហ្ម​លើក​ព្រះខាន់​កាត់​ព្រះកេសា ហើយ​ប្រគល់​ឲ្យ​បុត្រី​ច្បង ចំណែក​សារីរ​កាយ​ក្លាយជា​ដុំ​ពន្លឺ​មួយ​ហោះ​បាត់ទៅ​។ បុត្រី​ច្បង​ដាក់​ព្រះកេសា​ក្នុង​ថាស​មាស​មួយ រួម​ជាមួយ​ប្អូនៗ យក​ព្រះកេសា​នោះ​ទៅ​តម្កល់​ក្នុង​ចេតិយ​លើ​កំពូលភ្នំ​ព្រះ​សុមេរុ៍​។ ចាប់​តាំងពី​ពេលនោះ​មក ជា​រៀងរាល់​ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃ​ទេវរាជ​កបិល​មហា ព្រហ្ម​កាត់​កេសា​នោះ​បុត្រី​ទាំង​៧​រូប នាំគ្នា​ទៅកាន់​ភ្នំ​ព្រះ​សុមេរុ៍ ហើយ​នាំគ្នា​ប្រទាក់ ក្សិណ​ជុំវិញ​ដើម្បី​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ចំពោះ​បិតា​ខ្លួន​ដែល​ថ្ងៃ​នោះ​ឯង​ គឺ​ជាំ​ថ្ងៃ​ចូលឆ្នាំ​របស់​ប្រជាជន​ខ្មែរ​៕