រថយន្ត​ដឹក​ដី ខ្សាច់​ចំនួន​២០០​គ្រឿង​ត្រូវ​បាន​ផាក​ពិន័យ​ដោយ​ការដឹក​លើស​ចំណុះ​និង​ខ្វះ​បច្ចេកទេស

រថយន្ត​ដឹក​ដី ខ្សាច់​ចំនួន​២០០​គ្រឿង​ត្រូវ​បាន​ផាក​ពិន័យ​ដោយ​ការដឹក​លើស​ចំណុះ​និង​ខ្វះ​បច្ចេកទេស



កណ្តាល​ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍ រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​ចរាចរ​ណ័​ផ្លូវគោក​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា នៅ​ក្នុង​ប្រតិបត្តិការ​រយៈពេល​២​សប្តាហ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​នេះ កម្លាំង​របស់លោក បាន​ធ្វើ​ការ​ផាកពិន័យ និង​អប់រំ​ទៅលើ​អ្នកបើកបរ​យានយន្ត​បាន​ប្រមាណ​ជា​ជិត​២០០​គ្រឿង ដោយបាន​ផាក​ពិន័យ​ទៅតាម​ច្បាប់ និង​បាន​តម្រូវ​ឱ្យ​ម្ចាស់​យានយន្ត​ទាំងនោះ​ធ្វើ​កិច្ចសន្យា និង​កែតម្រូវ​បច្ចេកទេស​យានយន្ត​តាមច្បាប់​នៅ​នឹង​កន្លែង រួម​ទាំង​កាយ​ដី កាយ​ខ្សាច់ កាយ​ថ្ម ដែល​ដឹក​លើស​ចំណុះ​ចេញពី​រថយន្ត ដើម្បី​ការគ្រប់គ្រង​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​។

លោក​ឧ​ត្តម​សេនីយ៍​ថ្លែង​ឲ្យ​ដឹង​បែបនេះ ខ​ណៈ ដែល​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរ​ណ៍ស​ហ​ការ​ ជាមួយ​មន្ត្រី​ក្រសួង​រ៉ែ ​និង ​ថាមពល ចុះ​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម​លើស​ចំណុះ និង​ខ្វះ​បច្ចេកទេស នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ម្តុំ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃទី​៨ ​ខែមេសា ឆ្នាំ​២០១៦។

លោក ឌិ​ត ទីណា អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​ដែល​បាន​ដឹកនាំ​មន្ត្រី​ចុះ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍ ​បាន​ថ្លែង​ថា យុទ្ធនាការ​នេះ​គឺ​ចាប់​ផ្តើម​ពី​ផ្លូវជាតិ​លេខ​២​នេះ​មុនគេ ដោយ​ធ្វើការ​ត្រួតពិនិត្យ​លើ​យានយន្ត​ធំៗ​ដែល​ដឹក​ខ្សាច់ ដឹក​ដី ដឹក​ថ្មី លើស​ចំណុះ និង​ខុស​បច្ចេកទេស ដែល​បាន​កំណត់​ដោយ​ច្បាប់​។ លោក​បន្ត​ថា ការ​ចុះ​ត្រួតពិនិត្យ​បែបនេះ​នឹង​ធ្វើ​ឡើង​ទូទាំង​ប្រទេស និង​ជា​លក្ខណៈ​ភ្លៀងរលឹម ផ្អែកលើ​គុណភាព​ជា​ចម្បង​។ លោក ក៏បាន​អំពាវនាវ​ឱ្យ​អាជីវករ​រកស៊ី​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ទាំងអស់​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ចៀសវាង​ការ​បំពានច្បាប់​ដែល​អាច​ឲ្យ​អាជ្ញាធរ​ចុះទៅ​បិត ឬ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន ដែល​នាំ​ឲ្យ​ខាង​ពេល និង​ប្រាក់ចំណូល​ផងដែរ​៕

រថយន្ត​ដឹក​ដី ខ្សាច់​ចំនួន​២០០​គ្រឿង​ត្រូវ​បាន​ផាក​ពិន័យ​ដោយ​ការដឹក​លើស​ចំណុះ​និង​ខ្វះ​បច្ចេកទេស រថយន្ត​ដឹក​ដី ខ្សាច់​ចំនួន​២០០​គ្រឿង​ត្រូវ​បាន​ផាក​ពិន័យ​ដោយ​ការដឹក​លើស​ចំណុះ​និង​ខ្វះ​បច្ចេកទេស