២​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​មេ​កន្ទុយលេខ​ធំ​ជាង​គេ ​មិន​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ឡើយ​

២​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​មេ​កន្ទុយលេខ​ធំ​ជាង​គេ ​មិន​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ឡើយ​



ព្រះវិហារ ៖ លំនៅដ្ឋាន​១​កន្លែង ​មាន​ហ៊ុំ​របង​ស័ង្កសី​ពណ៌​ខៀវ​ខាងមុខ ​ស្ថិតនៅ​ភូមិ​ថ្មី​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះវិហារ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រាយការណ៍​ឲ្យ​ដឹង​ថា ​ជា​មេ​ស៊ីសង​ល្បែង​ឆ្នោត​កន្ទុយលេខ​ដុះ​ស្លែ​ធំ​ជាង​គេ​ប្រចាំ​ខេត្ត​ព្រះវិហារ​ ហើយ​សង្ស័យ​អាងខ្នង​បងប្អូន​ជា​នាយ​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​ជួយ​កាង​ផង​ដែរ​។ ​ល្បែង​ឆ្នោត​កន្ទុយលេខ​ខុសច្បាប់ ​វា​បាន​រីក​រាល​ដាល​ខ្លាំង​ដល់​ស្រុក​ជាំ​ក្សាន្ត​ថែមទៀត។

ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​ឈ្មោះ ​ផា​រី ​និង​ប្តី​ឈ្មោះ ​លី​ ដែល​ជា​ម្ចាស់​លំនៅដ្ឋាន​មួយ​កន្លែង​នេះ​មាន​ចរិត​ក្រអឺតក្រទម​ខ្លាំង ​ដោយសារ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង/​ខេត្ត​ ត្រូវ​បាន​គាត់​រត់ការ​បង់ថ្លៃ​ការពារ​រួច​អស់ហើយ​ ដើម្បី​ជា​ថ្នូរ​ឲ្យ​ពួកគាត់​ធ្វើជា​មេ​ល្បែងស៊ីសង​ខុសច្បាប់​ម៉ា​សេរី​។​ គាត់​ធ្វើជា​មេ​ឆ្នោត​កន្ទុយលេខ​យ៉ាង​សុខ​ស្រួល​អស់​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​មក​ហើយ​ ដោយ​ស៊ើប​ដឹង​ថា​ ជា​ឆ្នាំងបាយ​ខ្នាត​ធំ​របស់​សមត្ថកិច្ច​មុខ​លុយ។

ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ថ្លែង​ដូច្នេះ​ថា​ ចង់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​បិទ​ទីតាំង​មេ​ឆ្នោត​ដែល​មាន​ស្ត្រី​ឈ្មោះ​ ផា​រី​ និង​ប្តី​ឈ្មោះ​ លី​ ខាង​លើ​នេះ​ ដើម្បី​ជៀសវាង​ និង​ទប់ស្កាត់​មិន​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កើតមាន​ចោរកម្ម​ឆក់​ប្លន់​នៅ​ក្នុង​ក្រុង​ព្រះវិហារ​។​ តាម​ដឹង ​ក្នុង​១​ថ្ងៃៗ​ មាន​អ្នក​ចាក់​ឆ្នោត​កន្ទុយលេខ​តូច​ធំ​គ្រប់ទិសទី​ប្រមាណ​៥០​លាន ​ទៅ​១០០​លាន​រៀល​ឯណោះ​ មាន​អ្នកខ្លះ​ធ្លាក់ខ្លួន​ក្រ​និង​រត់ចោលស្រុក​ក៏​មាន​ដែរ។

សេចក្ដីរាយការណ៍​ផ្សេងទៀត​បាន​ឲ្យ​ដឹង​ថា ​មាន​មេ​ឆ្នោត​កន្ទុយលេខ​ម្នាក់ទៀត​ឈ្មោះ​ ជី ​ភី​រិ​ទ្ធ​ ភេទ​ប្រុស​ មាន​អាសយដ្ឋាន​នៅ​ភូមិ​អណ្តូង​ពោធិ៍​ សង្កាត់​កំពង់​ប្រ​ណា​ ក្រុង​ព្រះវិហារ ​ក៏​ល្បីឈ្មោះ​ខ្លាំង​ដែរ​ ហើយ​ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដូចគ្នា។

សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះវិហារ​ធ្លាប់​បាន​កោះហៅ​ក្រុម​មេ​ឆ្នោត​កន្ទុយលេខ​ និង​កូន​កញ្ច្រែង​កត់​ឆ្នោត​កន្ទុយលេខ​សរុប​រាប់​សិប​នាក់​មក​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​មុខរបរ​ខុស​ច្បាប់​នេះ ​ប៉ុន្តែ​មកដល់​សព្វថ្ងៃ​ សកម្មភាព​កត់​ឆ្នោត​កន្ទុយលេខ​នៅតែ​គគ្រឹកគគ្រេង​ដដែល ​គឺ​មិន​ចុះ​ថមថយ​នោះ​ទេ៕
២​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​មេ​កន្ទុយលេខ​ធំ​ជាង​គេ ​មិន​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ឡើយ​