សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឆ្មក់​បង្ក្រាប​តំបន់​ចែកចាយ​គ្រឿងញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោក​ស​ង្ឃ​

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឆ្មក់​បង្ក្រាប​តំបន់​ចែកចាយ​គ្រឿងញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោក​ស​ង្ឃ​



ភ្នំពេញ ៖​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ បាន​កេណ្ឌ​គ្នា​ឆ្មក់​ចូល​តំបន់​ចែក​​ចាយ​គ្រឿងញៀន​នៅ​ម្តុំ​មុខ​អតីត​មន្ទីរពេទ្យ​លោកសង្ឃ មាន​ទីតាំង​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃទី​០៨ ​ខែមេសា ​ឆ្នាំ​២០១៦ ដែល​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បា​ន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់ និង​ដកហូត​បាន​សម្ភារៈ​កែច្នៃ​សម្រាប់​ប្រើ​ប្រាស់ ​(​សេព ឬ​ជក់​)​ថ្នាំញៀន​មួយចំនួន ​តែ​មិនបាន​រឹបអូស​ថ្នាំញៀន​ពី​ពួកគេ​ទេ​។​

​សមត្ថកិច្ច​និយាយ​ថា ជនសង្ស័យ​ទាំង​១២​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ដាច់​ដោយ​ឡែក​ពី​គ្នា​គឺ​លើ​ក​ទី​១ កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦​ចាប់​ខ្លួន​បាន​ចំនួន​​៤​នាក់ ១/ ឈ្មោះ ចេង រស្មី ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ទី​២/ ឈ្មោះ ផល ចាន់ណា​រិ​ទ្ឋ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​​ទី​៣/​ឈ្មោះ​ ប៊ុន រតនា ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ទី៤​/ឈ្មោះ​ សឿន ណាក់ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​។ លើ​ក​ទី​២ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា សមត្ថកិច្ច​បាន​កេណ្ឌ​កម្លាំង​ទ្រង់ទ្រាយ​ធំ​​ឆ្មក់​បង្ក្រាប​ទីតាំង​នេះ​បន្ត​ទៀត ជា​លទ្ធផល ចាប់ខ្លួន​ក្រុម​ជន​សង្ស័យ​ ដែល​មាន​វត្តមាន​នៅ​ក្នុង​តំបន់​នេះ​បាន​ចំនួន​៨​នាក់​បន្ថែ​ម​ទៀត រួម​ទាំង​រឹបអូស​បាន​នូវ​ឧបករណ៍​កែច្នៃ​សម្រាប់ សេព​(​ជក់​)​ថ្នាំញៀន បាន​មួយចំនួន​ជា​វត្ថុ​តាង​នៅក្នុង​បន្ទប់​ផ្ទះ​ជួល​ ដែល​ពួកគេ​ជួល​ស្នាក់នៅ​ធ្វើ​សកម្មភាព​ចែកចាយ​ និង​ប្រើ​ប្រាស់​ល្មើស​ច្បាប់​នៅ​ទីនោះ។​

​ក្រុម​ជនសង្ស័យ​​ទាំង​១២​នាក់​នោះ​ ប៉ូលិស​កំពុង​ធ្វើ​ការសាកសួរ​ស្រាវជ្រាវ​បន្ត និង​ធ្វើ​តេស​ពិនិត្យ​ទឹក​
​នោម​ពួកគេ ​ដើម្បី​ឲ្យ​វា​ប្រាកដ​ថា តើ​ជនសង្ស័យ​ទាំងនោះ​មាន​ប៉ុន្មាន​នាក់ ​ដែល​បាន​ប្រើ​ប្រាស់​ថ្នាំ​ញៀន​។​

​គួរ​បញ្ជាក់​ថា ភូមិ​ត្រពាំង​ឈូក ត្រង់​ចំណុច​មួយ​នៅ​ម្តុំ​មុខ​មន្ទីរ​ព្រះកុសុមៈ ​ឬ​ហៅ​ពេទ្យ​លោកសង្ឃ ជា​តំបន់​ ដែល​ល្បីឈ្មោះ​ខ្លាំង​ជាង​គេ នៅ​ភ្នំពេញ ក្នុង​ការ​បម្រើ​សេវាកម្ម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​
​ដោយ​លួចលាក់​ខុសច្បាប់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ។​ ទីនោះ​ជា​កន្លែង​ជន​ពាល​រក​ស៊ី និង​ជា​កន្លែង​បំពុល​បំផ្លាញ​ខួរក្បាល ​និង​អនាគត​កូន​ខ្មែរ​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ មក​ហើយ​ឲ្យ​​ធ្លាក់​នរក​ទាំង​ភ្នែក​ស្រស់​។​

​ការ​បង្ក្រាប​ថ្នាំញៀន​នៅ​ទីនោះ មិន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ឡើយ ​ពេលនេះ​ដោយហេតុថា​ពួកគេ​បាន​មើល​ឃើញ​ពី​ការអនុវត្ត​ច្បាប់​របស់​តុលាការ ពុករលួយ​ចាប់​លែងៗ​ ជនល្មើស​មុខ​ដដែល​មក​ធ្វើ​សកម្មភាព​៕

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឆ្មក់​បង្ក្រាប​តំបន់​ចែកចាយ​គ្រឿងញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោក​ស​ង្ឃ​