ប្រជាជន​១៧១​គ្រួសារ​ ទទួល​បាន​ថវិកា​សប្បុរសធម៌​ពី​សម្តេច​ក្រឡាហោម ស ខេង

ប្រជាជន​១៧១​គ្រួសារ​ ទទួល​បាន​ថវិកា​សប្បុរសធម៌​ពី​សម្តេច​ក្រឡាហោម ស ខេង



ភ្នំពេញ ​៖ ​ប្រជាជន​១៧១​គ្រួសារ​ ដែល​មាន​សមាជិក​ទទួល​មរណភាព​ និង​ឆ្លងទន្លេ​​​ បាន​ទទួល​ថវិកា​សប្បុរសធម៌​របស់​សម្ដេច​ក្រឡាហោម ​សខេង ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង។

យោងតាម​ប្រសាសន៍​លោក ដួង សុខ​ខេង ដែល​ជា​ក្រុមការងារ​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ថា ​នៅ​ចុង​សប្ដាហ៍​នេះ ​ក្រុមការងារ​របស់​លោក​បាន​នាំ​យក​អំណោយ​សប្បុរសធម៌​របស់​សម្តេច​ក្រឡាហោម ស ខេង​មក​ផ្តល់​ជូន​គ្រួសារ​ ដែល​មាន​សមាជិក​ទទួល​មរណភាព ​និង​គ្រួសារ ​ដែល​មាន​សមាជិក​ឆ្លង​ទន្លេ ​ហើយ​ថវិកា​​សប្បុរសធម៌ ​ដែល​យក​មក​ប្រគល់​ជូន​គ្រួសារ​ខាង​លើ​មាន​ចំនួន​១៧១​គ្រួសារ​នេះ ​គឺជា​ប្រជាជន​រស់នៅ​ក្នុង​ឃុំ​ថ្ម​ពូន ​ស្រុក​កញ្ជ្រៀច​ខេត្ត​ព្រៃវែង​ ហើយ​ក្នុង​១​គ្រួសារ​ទទួល​បាន​ថវិកា​​របស់​សម្តេច​ក្រឡាហោម​ចំនួន​២០​ម៉ឺន​រៀល។

លោក​ដួង សុខ​ខេង​ បាន​បញ្ជាក់​ថា​ ការ​ផ្ដល់​ជូន​ថវិកា​​សប្បុរសធម៌​របស់​សម្ដេច​ក្រឡាហោម ស ខេង គឺ​ផ្តល់​ជូន​សមាជិក​គ្រួសារ​ណា​ ដែល​មាន​សមាជិក​ទទួល​មរណភាព​ និង​​​ឆ្លង​ទន្លេ​គ្រប់ៗ​គ្រួសារ ​ដោយ​ពុំ​ប្រកាន់​បក្សពួក​ពណ៌​សម្បុរ​ ឬ​និន្នាការ​នយោបាយ​ឡើយ​ ​ហើយ​សកម្មភាព​នេះ​សម្តេច​ក្រឡា​ហោម នឹង​បន្ត​ធ្វើជា​រៀង​រហូត។

លោក​ដួង ​សុខខេង ​បាន​បញ្ជាក់​ទៀត​ថា ​មក​ដល់​ថ្ងៃ​នេះ​ មាន​របាយការណ៍​ពី​គ្រួសារ​អ្នក​ឆ្លង​ទន្លេ​ និង​គ្រួសារ​អ្នក​ទទួល​មរណភាព​ មក​ដល់​ដៃ​ក្រុមការងារ​ ហើយ​ក្រុម​ការងារ​កំពុង​រៀបចំ​ថវិកា​សប្បុរសធម៌​របស់​សម្ដេច​ក្រឡា​ហោម ​ស ​ខេង ​ជូន​ទៅ​ដល់​ពួកគាត់​ នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ៕