ជើងឯក​២​ជំនាន់ ឈាវ បូរ៉ា និង​ជើង​ខ្លាំង ឆ​យ វី​រ៉ា ខក​ឱកាស​ទៅ​បង្ហាញ​សមត្ថភាព​ខ្លួន​នៅ​អង្គរ​សង្ក្រាន្ត​

​ការប្រកួត​ល្បែង​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ បាន​រកឃើញ​ជើង​ខ្លាំង​៨​នាក់​ហើយ ដែល​ត្រូវ​ឈានទៅ​ប្រកួត​ដំណាក់កាល​ផ្តាច់ព្រ័ត្រ នៅ​តំបន់​អង្គរ ខេត្តសៀមរាប​។ នា​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមេសា កីឡាករ​ពីររូប​ដ៏​គួរ​ឲ្យ​កត់សម្គាល់ គឺ​ជើងឯក​ពីរ​ជំនាន់ ឈាវ បូរ៉ា និង​ជើង​ខ្លាំង ឆ​យ វី​រ៉ា សុទ្ធតែ​បាន​ធ្លាក់​ចេញពី​ការប្រកួត​។​

​ស្តេច​អុក​ពីរ​សម័យកាល​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឈាវ បូរ៉ា មិនមាន​វត្តមាន​ឡើយ​ក្នុងចំណោម​៨​នាក់​ដែល​ឡើងទៅ​ប្រកួត​នៅ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ក្នុង​ខេត្ត​សៀ​បរាប​។ ស្តេច​អុកចត្រង្គ ដែល​ទើបតែ​រៀបការ​ថ្មីថ្មោង​រូបនេះ បាន​ប្រកួត​ចាញ់​កីឡាករ ហេង សៅ​ឌី ដោយ​នាទី​នៅ​វគ្គ​១៦​នាក់​ចុងក្រោយ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមេសា នេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។

​នៅ​ថ្ងៃ​ដដែល កីឡាករ ឆ​យ វីវ៉ា ម្ចាស់​ជើងឯក​អុកចត្រង្គ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១០ បាន​ខក​ឱកាស​សារជាថ្មី​ក្នុងការ​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ខេត្តសៀមរាប បន្ទាប់ពី​រូបគេ​បាន​ប្រកួត​ចាញ់​កីឡាករ ហូ​យ សុខ​ណា​។​

​កីឡាករ​ដែល​ត្រូវ​រួម​ដំណើរ​ទៅ​ប្រកួត​ដំណាក់កាល​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ខេត្តសៀមរាប ជាមួយ ហេង សៅ​ឌី និង ហូ​យ សុខ​ណា រួមមាន កីឡាករ រៀម វាសនា ដែល​បាន​យកឈ្នះ​កីឡាករ ស៊ឹង រដ្ឋា កីឡាករ នូ ច័ន្ទ​ផានិត ដែល​បំបាក់ គឹម នេត្រា​។​

​កីឡាករ​៤​នាក់​ផ្សេងទៀត​រួមមាន កីឡាករ សៅ ប៉ិច​សុភា​, សេង សុធា​, រស់ រិទ្ធី​យ៉ា និង ម៉េង សេរី​សម្បត្តិ ក៏​ទទួលបាន​សិទ្ធ​ឡើងទៅ​ប្រកួត​នៅ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ដូច​កីឡាករ​៤​នាក់​ផ្សេងទៀត​ដែរ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​រៀងៗ​ខ្លួន​លើ​កីឡាករ វ៉ាន់ សុខា​, នួន បុត្រ​, សេក សុ​ភ័​ណ្ឌ និង​កីឡាករ ធឹ​ម ឌី​ណា​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ពួកគេ​ទាំង​៨​នាក់​នេះ នឹងធ្វើ​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ​ក្នុង​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែមេសា នា​ឱ​កាល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ក្នុង​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ដើម្បី​ប្រជែង​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​។​

​គួរ​បញ្ជាក់ថា ថ្ងៃទី​១៥ ខែមេសា ជា​ថ្ងៃ​ប្រកួត​ជម្រុះ​សម្រាប់​កី​ល​ឡាក​រទាំង​៨​នាក់ និង​ថ្ងៃទី​១៦ ជា​ថ្ងៃ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។ ការប្រកួត​ជើងឯក​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ម្ចាស់​ជើងឯក​ទទួលបាន​ប្រាក់រង្វាន់ ១២​លាន​រៀល ឫ​ឯ​ម្ចាស់​ជើងឯក​រង​ទទួលបាន ៨​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន ៤​លាន​រៀល​៕