ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​និង​កសិករ​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​នាំ​ចូល​អង្ករ​ខុស​ច្បាប់

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​កសិករ​ស្នើ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​តឹងរ៉ឹង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​លំហូរ​អង្ករ​ខុស​ច្បាប់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​ជំរុញ​នេះ ក្រោយ​ពេល​រដ្ឋាភិបាល​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​នឹង​កំណត់​ច្បាប់​នៃ​ការ​នាំចូល​អង្ករ​ឲ្យ​បាន​ច្បាស់លាស់។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​កសិករ​លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​ធូរ​រលុង គឺ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ចរាចរ ឬ​នាំចូល​អង្ករ​មិន​ស្របច្បាប់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។

ការ​លើក​ឡើង​នេះ ស្រប​ពេល​លទ្ធផល​នៃ​កិច្ចប្រជុំ​នៃ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក្រុម​ការងារ​ស្រូវ​អង្ករ កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ថា នឹង​ពង្រឹង​អភិបាលកិច្ច​ក្នុង​ការ​យក​ពន្ធគយ​នៅ​តាម​ព្រំដែន និង​កំណត់​ច្បាប់​នៃ​ការ​នាំចូល​អង្ករ​ឲ្យ​បាន​ច្បាស់លាស់​ដោយ​កំណត់​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​អង្ករ​មក​កម្ពុជា ត្រូវ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ហើយ​បង់ពន្ធ​គ្រប់​ចំនួន​មិន​មាន​ការ​បន្លំ និង​ឃុបឃិត​ជាមួយ​មន្ត្រី​នោះ​ឡើយ។

ការ​ប្រកាស​នេះ ក្រោយ​ពេល​រោង​ម៉ាស៊ីន​កិន​ស្រូវ​របស់​កម្ពុជា អះអាង​ថា អង្ករ​វៀតណាម ត្រូវ​បាន​គេ​​នាំ​ចូល​យ៉ាង​គំហុក ដែល​ធ្វើ​ឲ្យ​រោង​ម៉ាស៊ីន​មួយ​ចំនួន​នៅ​កម្ពុជា មិន​អាច​ប្រកួតប្រជែង​បាន ហើយ​សម្រេច​ចិត្ត​បិទទ្វារ​អាជីវកម្ម​របស់​ខ្លួន។

ជា​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយ [AMRU RICE (CAMBODIA) Co., LTD.) លោក សុង សារ៉ន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​គាំទ្រ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ដែល​នឹង​ពង្រឹង​អភិបាលកិច្ច​ក្នុង​ការ​យក​ពន្ធគយ​នៅ​តាម​ព្រំដែន មិន​ឲ្យ​នាំ​ចូល​អង្ករ​ខុស ច្បាប់។

លោក​ថា កន្លង​មក​អង្ករ​របស់​កម្ពុជា ពិបាក​ប្រកួតប្រជែង​អង្ករ​ដែល​នាំ​ចូល​បាន​ទេ ពិសេស​ជាមួយ​អង្ករ​វៀតណាម ពីព្រោះ​តែ​ថ្លៃ​ដើម​នៃ​ការ​ផលិត​របស់​ប្រទេស​នោះ វា​ទាប​ជាង​នៅ​ប្រទេស​កម្ពុជា ដែល​ខុស​គ្នា​ប្រមាណ​ជាង ១០០​ដុល្លារ ក្នុង​១​តោន ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​ខ្នាត​តូច និង​មធ្យម​របស់​កម្ពុជា បិទ​អាជីវកម្ម​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ប៉ុន្តែ​លោក​រំពឹង​ថា វិធានការ​នេះ មាន​ប្រសិទ្ធភាព​ដើម្បី​កុំ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា បន្ត​ក្ស័យធន៖ «បើសិនជា​រដ្ឋាភិបាល​គាត់​បាន​ពង្រឹង គ្រប់​ច្រក​ព្រំដែន​ដែល​ធ្វើ​ឡើង​តាម​ច្រក​ព្រំដែន​តូចៗ ពិសេស​ពី​វៀតណាម ថៃ គឺ​ជា​ចំណែក​មួយ​ជួយ​សង្គ្រោះ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ស្រុក អាច​ធ្វើ​ឲ្យ​ពួកគាត់​មាន​ដង្ហើម​ដក​ឡើង​វិញ»

​ទន្ទឹម​គ្នា​នេះ តំណាង​សហគមន៍​កសិករ​មក​ពី​ខេត្ត​កំពង់ស្ពឺ លោក ស៊ឹម រ៉ុម លោក​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់ និង​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​អង្ករ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​កសិករ​នៅ​កម្ពុជា៖ «កសិករ​សព្វថ្ងៃ​គាត់​ពិបាក​ចិត្ត​ដោយសារ​តែ​កសិផល មិន​ថា អង្ករ​ទេ នាំ​ចូល​ពី​ក្រៅ​ប្រទេស​ធ្វើ​ឲ្យ​គាត់​ដាំ​បាន ហើយ​តែ​គ្មាន​ទីផ្សារ ដូច​ផលិតផល​ពី​ប្រទេស​ជិត​ខាង»

ចំណែក​ឯ​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក មូល សារិទ្ធី ទទួល​ស្គាល់​ថា វិធានការ​នេះ​នឹង​ជំរុញ​ឲ្យ​រោង​ម៉ាស៊ីន​ក្នុង​ស្រុក​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង ពិសេស​ពាក់ព័ន្ធ​នឹង​តម្លៃ៖ «នាំ​ចូល​អង្ករ ហ្នឹង​រដ្ឋាភិបាល​ពង្រឹង​បាន​មែន ហើយ​បើ​សិន​មាន​ការ​បង់ពន្ធ​បាន​ត្រឹមត្រូវ អត់​មាន​គេច​ពន្ធ​ខុស​ច្បាប់​អី​ទេ ធ្វើ​ឲ្យ​គាត់​ប្រកួតប្រជែង​បាន»

កិច្ច​ប្រជុំ​នៃ​វេទិកា​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​ក្រុម​ការងារ​ស្រូវ​អង្ករ កាល​ពី​ចុង​ខែ​មីនា រដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ពិសេស​កសិករ​អ្នក​រក​ស៊ី​ក្នុង​វិស័យ​ស្រូវ​អង្ករ សហការ​ផ្ដល់​ព័ត៌មាន​ពី​ទីតាំង ឬ​ជន​ដែល​នាំ​ចូល​អង្ករ​ខុស​ច្បាប់​ដល់​សមត្ថកិច្ច​ដើម្បី​ចុះ​ពិនិត្យ​តាម​ដាន ស៊ើបអង្កេត និង​ឈាន​ដល់​ការ​បង្ក្រាប​ទៅ​តាម​នីតិវិធី។

របាយការណ៍​របស់​ក្រុម​ផ្ដួចផ្ដើម​មួយ​ដែល​ជា​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ (RISKS) កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា បាន​ប៉ាន់​ប្រមាណ​ថា អង្ករ​ប្រមាណ​ពី ៧០​ម៉ឺន​តោន ទៅ ៨០​ម៉ឺន​តោន ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៥។ របាយការណ៍​នេះ ក៏​អះអាង​ថា ផលិតករ​អង្ករ​ក្នុង​ស្រុក​កំពុង​ប្រឈម​នឹង​ការ​ក្ស័យធន ដោយ​ទាមទារ​ឲ្យ​មាន​វិធានការ​បន្ទាន់។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​ដឹង​ដែរ​ថា រោង​ម៉ាស៊ីនកិនស្រូវ​មិន​តិច​ជាង ១០​ទេ ដែល​បាន​បិទ​អាជីវកម្ម​របស់​ពួកគេ ក្រោយ​ពី​មិន​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​អង្ករ​របស់​ប្រទេស​វៀតណាម ដែល​នាំ​ចូល​មក​កម្ពុជា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។